ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហុងកុង​ស្វែងរក​កិច្ច​សហប្រតិបត្តិការ​វិនិយោគ និង​ផលិតកម្ម​នៅ​កម្ពុជា

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បេសកកម្ម​ជំនួញ​មួយ​ដែល​រៀបចំ​ដោយ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​ពាណិជ្ជ កម្ម​ហុងកុង (HKTDC) បាន​មក​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា​រយៈពេល​២​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១៩ ដល់​ថ្ងៃ​ទី​២០ មីនា ដើម្បី​ស្វែងរក​ឱកាស​សម្រាប់​កិច្ច​សហប្រតិបត្តិការ​វិនិយោគ…

រាជធានី​ភ្នំពេញ ៖ បេសកកម្ម​ជំនួញ​មួយ​ដែល​រៀបចំ​ដោយ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​ពាណិជ្ជ កម្ម​ហុងកុង (HKTDC) បាន​មក​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា​រយៈពេល​២​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១៩ ដល់​ថ្ងៃ​ទី​២០ មីនា ដើម្បី​ស្វែងរក​ឱកាស​សម្រាប់​កិច្ច​សហប្រតិបត្តិការ​វិនិយោគ និង​ផលិតកម្ម​រវាង​កម្ពុជា និង​ហុងកុង ។

ថ្លែង​ក្នុង​ជំនួប​ជាមួយ​ខាង​វិទ្យាស្ថាន​វិស្វកម្ម ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច​នៃ​តំបន់​សេដ្ឋកិច្ច​ពិសេស​ហុងកុង កាលពី​ថ្ងៃ​ទី​១៩ មីនា នៅ​ទីស្តីការក្រសួង លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម មាន​ប្រសាសន៍​ថា ប្រតិភូ​ហុងកុង​ចូល​មក​កម្ពុជា​ពេល​នេះ ក្នុង​គោលបំណង​បង្កើន​ទំនាក់ទំនង​ជាមួយ​រដ្ឋមន្ត្រី​អាស៊ាន​ក៏​ដូច​ជា​ស្វែងរក​ឱកាស​វិនិយោគ​ជាមួយ​ប្រទេស​កម្ពុជា បន្ទាប់​ពី​សន្ធិសញ្ញា​ទីផ្សារសេរី​រវាង​អាស៊ាន​-​ហុងកុង ទើបតែ​បាន​ចុះហត្ថលេខា​នៅ​ទីក្រុង​ម៉ានីល កន្លង​ទៅ​ថ្មី​ៗ​នេះ ។

បើ​តាម​លោក​រដ្ឋមន្ត្រី ជំនួប​ជាមួយ​ប្រតិភូ​ហុងកុង​នៅ​ថ្ងៃនេះ អាច​នឹង​ធ្វើ​ឲ្យ​មានការ​វិនិយោគ​កើត​មាន​គ្រប់យ៉ាង​នៅ​ពេល​ខាង​មុខ ហើយ​លោក​នឹង​ជំរុញ​ឲ្យ​មាន​ជំនួប​រវាង​ធុរជន​កម្ពុជា និង​ហុងកុង​កើត​មាន​ឡើង អាច​ធ្វើ​នៅ​រាជធានី​ភ្នំពេញ ឬ​នៅ​ហុងកុង​នា​ពេល​ខាង​មុខ ។
លោក​រដ្ឋមន្ត្រី​បន្ត​ថា ៖« នេះ​ជា​ជំនួប​លើក​ទី​១ រវាង​កម្ពុជា​និង​ហុងកុង ហើយ​នៅ​ពេល​ខាង​មុខ យើង​អាច​មានការ​វិនិយោគ​គ្រប់យ៉ាង​។ ខ្ញុំ​នឹង​ជំរុញ​ឱ្យ​មាន​ជំនួប​ខាង​ផ្នែក​ធុរជន​នៃ​ភាគី​ទាំង​ពីរ ដែល​យើង​អាច​រៀបចំ​រវាង​ធុរជន​ខ្មែរ និង​ហុងកុង​នៅ​ខាង​មុខ​ឆាប់​ៗ​នេះ ។ ខ្ញុំ​នឹង​ជំរុញ​ដើម្បី​ឱ្យ​មានការ​ទាក់ទង​រឿង​វិនិយោគ​នៃ​ភាគី​ទាំង​ពីរ » ។

នៅ​ក្នុង​សិក្ខាសាលា​មួយ​ដែល​រៀបចំ​ឡើង​កាលពី​ថ្ងៃ​ទី​២០ មីនា នៅ​សណ្ឋាគារ The Great Duke Phnom Penh លោក Edward Yau លេខាធិការ​ពាណិជ្ជកម្ម និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​រដ្ឋបាល​ពិសេស​នៃ​រដ្ឋបាល​ក្រុង​ហុងកុង បាន​មាន​ប្រសាសន៍​ថា គោលបំណង​នៃ​បេសកកម្ម​ពាណិជ្ជកម្ម​នេះ​បង្កើត​ឡើង​ដើម្បី​ស្វែងរក​ឱកាស​សម្រាប់​ការ​វិនិយោគ និង​កិច្ច​សហប្រតិបត្តិការ​អាជីវកម្ម ក្រោម​គំនិត​ផ្តួចផ្តើម​នៃ​គម្រោង​ពាណិជ្ជកម្ម​«​ផ្លូវ​មួយ ខ្សែក្រវាត់​មួយ​» និង​ជា​ផ្លូវ​សម្រាប់​សហគមន៍​ធុរកិច្ច​នៅ​កម្ពុជា និង​ហុងកុង ។
លោក​បន្ត​ថា សិក្ខាសាលា​នេះ​ក៏​នឹង​បង្ហាញ​ពី​ឱកាស​អាជីវកម្ម​នៅ​កម្ពុជា ដើម្បី​ទាញ​យក​ផលប្រយោជន៍​នៃ​ការ​វិនិយោគ​ជាមួយ​ហុងកុង ដើម្បី​ជំរុញ​ភាព​ជា​ដៃគូ​ក្នុង​តំបន់ ជា​ពិសេស ការ​វិនិយោគ​លើ​ផ្នែក​ហិរញ្ញវត្ថុ និង​ធនាគារ ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ និង​ផ្នែក​ច្បាប់​។ តាម​រយៈ​មូលដ្ឋាន​គ្រឹះ​ដ៏​រឹង​មាំ​ដូច​ជា ប្រព័ន្ធ​ច្បាប់​កម្រិត​របរ​បង់ពន្ធ​ទាប កម្រិត​ខ្ពស់​នៃ​ហេដ្ឋារចនាសម្ព័ន្ធ​ហិរញ្ញវត្ថុ និង​ការ​វិនិយោគ​ជឿនលឿន​ទាំង​បណ្តាញ​អ្នក​អភិវឌ្ឍន៍​ជាតិ និង​អន្តរជាតិ រួម​ជាមួយនឹង​លំហូរ​ព័ត៌មាន​សេរី ចំពោះ​ទីផ្សារ​នៃ​ការ​វិនិយោគ​ទំនិញ​នានា ហុងកុង​បាន​បង្កើត​ជា​ទម្រង់​នៃ​បណ្តុំ​ព័ត៌មាន​មូលធន​ចំពោះ​ការ​វិនិយោគ និង​ហិរញ្ញវត្ថុ​សម្រាប់​អ្នក​វិនិយោគ​សកល ។ លោក Edward Yau បន្ត​ថា កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អាស៊ាន​-​ហុងកុង (FTA) នា​ពេល​ថ្មី​ៗ​នេះ ក៏​បាន​ជំរុញ និង​សម្រប​សម្រួលការ​ធ្វើ​ពាណិជ្ជកម្ម និង​ការ​វិនិយោគ​ចំពោះ​សេដ្ឋកិច្ច​ហុងកុង និង​អាស៊ាន​ផង​ដែរ ។
លោក​ថា ៖« FTA នឹង​ចូលរួម​កាត់​បន្ថយ​កាតព្វកិច្ច​ពន្ធគយ​ដែល​ត្រូវ​បាន​កំណត់​ដោយ​អាស៊ាន និង​លើកកម្ពស់​ការ​ប្រកួតប្រជែង​ជា​សកល​របស់​ដៃគូ​សហការ​នៃ​ហុងកុង​នៅ​ក្នុង​ទីផ្សារ​សកល » ។

លោក ង៉ែត ជូ ទីប្រឹក្សា​ជាន់ខ្ពស់​ផ្នែក​សេដ្ឋកិច្ច និង​អភិវឌ្ឍន៍​នៃ​ក្រុមហ៊ុន Emerging Markets Consulting បានឱ្យ​ដឹង​ថា បើ​មើល​អំពី​មូលដ្ឋាន​នៃ​ការ​វិនិយោគ ប្រតិភូ​ហុងកុង​មើលឃើញ​ឱកាស​ច្រើន​ទាក់ទង​នឹង​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​កំពុង​រីក​ចម្រើន និង​ចង់​វិនិយោគ​ក្នុង​រយៈពេល​វែង ។ ប៉ុន្តែ​នៅ​ក្នុង​រយៈពេល​ខ្លី​មានការ​លំបាក ឬ​មិន​ច្បាស់លាស់​ច្រើន ដោយសារ​ប្រតិភូ​ហុងកុង​មក​កម្ពុជា​ពេល​នេះ គ្រាន់តែ​ជា​ការ​ស្វែងរក​ឱកាស ។

យោង​តាម​របាយការណ៍​ក្រសួងពាណិជ្ជកម្ម ហុងកុង​គឺជា​ដៃគូ​វិនិយោគ​លំដាប់​ទី​៣​របស់​កម្ពុជា បន្ទាប់​ពី​ប្រទេស​ចិន និង​ជប៉ុន ។ តាម​តួលេខ​កត់ត្រា​ដោយ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ការ​វិនិយោគ​របស់​ហុងកុង​នៅ​កម្ពុជា គិត​ចាប់ពី​ឆ្នាំ​១៩៩៤-២០១៦ មាន​ចំនួន​២៤៤​គម្រោង ស្មើនឹង​ទឹកប្រាក់​សរុប​១,២៥​ពាន់​លាន​ដុល្លារ ឬ​ប្រហែល​២%​នៃ​ទុន​វិនិយោគ​ផ្ទាល់​សរុប​ពី​ក្រៅប្រទេស ។
ទន្ទឹម​គ្នា​នេះ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-​ហុងកុង នៅ​ក្នុង​ឆ្នាំ​២០១៦ មាន​ចំនួន​ជាង ៧៣០​លាន​ដុល្លារ ដែល​ក្នុង​នោះ​កម្ពុជា​នាំ​ចេញ​ទៅ​ហុងកុង​មាន​ទឹកប្រាក់​២១៣​លាន​ដុល្លារ និង​នាំ​ចូល​ពី​ហុងកុង​មាន​ទឹកប្រាក់​ជាង​៥១៦​លាន​ដុល្លារ ។

តាម​របាយការណ៍​ក្រសួង​បញ្ជាក់​ថា ក្នុង​ឆ្នាំ​២០១៧​កន្លង​ទៅ​នេះ មាន​ក្រុមហ៊ុន​មក​ពី​ហុងកុង​ចំនួន​៥​បាន​មក​វិនិយោគ​នៅ​កម្ពុជា ក្នុង​នោះ​មាន ដូច​ជា Penh Tech Garment Garment Factory, Jade Sun Garment, Superl, Fushun Cambo Fashion និង Xanatex( Cambodia)​ជាដើម ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ