ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ​កាន់តែ​ព្រួយបារម្ភ​ពី​បញ្ហា​សុវត្ថិភាព​លើ​បន្លែ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សុវត្ថិភាព​ម្ហូបអាហារ​ គឺជា​ក្ដី​កង្វល់​មួយ​យ៉ាង​ធំ​ដែល​ដក់​ជាប់​ក្នុង​ក្រអៅ​បេះដូង​របស់​ប្រជាពលរដ្ឋ​ខ្មែរ​យូរ​មក​ហើយ ដោយសារ​បន្លែ ត្រី សាច់ ដែល​លក់​នៅ​តាម​ផ្សារ​បច្ចុប្បន្ន មិន​មាន​ប្រភព​ច្បាស់លាស់ និង​ភាគច្រើន​បាន​នាំ​ចូល​ពី​ប្រទេស​ជិតខាង…

រាជធានី​ភ្នំពេញ ៖ សុវត្ថិភាព​ម្ហូបអាហារ​ គឺជា​ក្ដី​កង្វល់​មួយ​យ៉ាង​ធំ​ដែល​ដក់​ជាប់​ក្នុង​ក្រអៅ​បេះដូង​របស់​ប្រជាពលរដ្ឋ​ខ្មែរ​យូរ​មក​ហើយ ដោយសារ​បន្លែ ត្រី សាច់ ដែល​លក់​នៅ​តាម​ផ្សារ​បច្ចុប្បន្ន មិន​មាន​ប្រភព​ច្បាស់លាស់ និង​ភាគច្រើន​បាន​នាំ​ចូល​ពី​ប្រទេស​ជិតខាង ​រាប់រយ​តោន​ក្នុង​១​ថ្ងៃ​ៗ  ខណៈ​ការ​ផ្គត់ផ្គង់​បន្លែ​ក្នុងស្រុក​នៅ​មាន​ចំនួន​តិច មិន​អាច​ឆ្លើយ​តប​នឹង​តម្រូវការ​។

អ្នកស្រី រស់ ស្រី​មុំ ជា​អ្នក​ភ្នំពេញ​បាន​ប្រាប់​កោះសន្តិភាព​ថា បច្ចុប្បន្ន​នេះ អ្នក​ទទួលទាន​អាហារ​មិន​អាច​ជៀស​ផុត​ពី​រឿង​គីមី​នោះ​ទេ ព្រោះ​វា​ពិបាក​សម្គាល់ថា​បន្លែ​ដែល​លក់​នៅ​តាម​ផ្សារ​មួយ​ណា​ជា​បន្លែ​សរីរាង្គ មួយ​ណា​ជា​បន្លែ​គីមី​ណាស់ ។

អ្នកស្រី​និយាយ​ថា ៖« អ្នក​ណា​ក៏​ចង់​មាន​សុខភាព​ល្អ និង​មិន​ចង់​បរិភោគ​អាហារ​ដែល​មាន​ជាតិ​គីមី​ដែរ តែ​យើង​ជៀស​វា​មិន​ផុត​ទេ ព្រោះ​បន្លែ​ដែល​លក់​នៅ​ផ្សារ​រាល់​ថ្ងៃនេះ​ភាគច្រើន​គឺ​សុទ្ធតែ​នាំ​ចូល​ពី​ប្រទេស​ជិតខាង ពិសេស​គឺ​វៀតណាម ហើយ​យើង​ពិបាក​សម្គាល់ថា មួយ​ណា​ជា​បន្លែ​សរីរាង្គ និង​មួយ​ណា​ជា​បន្លែ​នាំ​ចូល​ណាស់ »​។
អ្នកស្រី​បន្ដ​ថា ៖« បើ​ចង់​ទិញ​បន្លែ​សរីរាង្គ ភាគច្រើន​គេ​ទៅ​ទិញ​នៅ​ផ្សារ​ទំនើប​ៗ តែ​ក៏​មិន​ប្រាកដ​ថា​វា​ជា​បន្លែ​សរីរាង្គ​ពិតប្រាកដ​ដែរ ដោយសារ​តែ​ពុំ​មាន​អ្វី​បញ្ជាក់​ពី​ប្រភព​ដើម​ច្បាស់ លាស់ »​។
ម្ចាស់​ចម្ការ​ដាំ​បន្លែ​នៅ​ខេត្តកណ្តាល លោក ឆែ ប៊ុ​ន​សែ បាន​ប្រាប់​ថា ក្នុង​នាម​ជា​អ្នក​ដាំ គឺ​ត្រូវ​ដើរ​តាម​អ្នក​បរិភោគ ។ មាន​ន័យ​ថា បើ​អ្នក​ហូប​ចូល​ចិត្ត​បែប​ណា គឺ​ដាំ​តម្រូវ​តាម​បែប​នោះ​។

លោក​ថា ៖« ពី​មុន​អ្នក​បរិភោគ​គាត់​មិនសូវ​ចាប់អារម្មណ៍​នឹង​បន្លែ​សរីរាង្គ​ទេ ឲ្យ​តែ​មើលទៅ​ល្អ និង​ធូរ​ថ្លៃ ជា​ជម្រើស​របស់​គាត់ ។ តែ​ឥឡូវ អ្នក​ទទួលទាន​មានការ​ប្រែប្រួល​ច្រើន ដោយ​ឃើញ​ម្នាក់​ៗ​សួរ​រកតែ​បន្លែ​សរីរាង្គ ។ ដូច្នេះ ក្នុង​នាម​យើង​ជា​អ្នក​ដាំ គឺ​ត្រូវ​តែ​ដើរ​តាម​អ្នកទិញ​ជា​និច្ច ហើយ​ការ​ដាំ​បន្លែ​សរីរាង្គ ក៏​លក់​បាន​ថ្លៃ​ដែរ​ដែល​ជា​កម្លាំងចិត្ត​មួយ​សម្រាប់​កសិករ​ផ្សេង​ទៀត ឲ្យ​ងាក​មក​រក​ដាំ​បន្លែ​បែប​នេះ »​។
ទោះបី​បន្លែ​សរីរាង្គ​កំពុង​ទទួល​បានការ​គាំទ្រ ប៉ុន្តែ​បញ្ហា​ប្រឈម​នៅ​តែ​កើត​មាន ហើយ​រាជរដ្ឋាភិបាល​កំពុង​តែ​មាន​គម្រោង​ជំរុញ និង​អនុម័ត​បន្លែ​សរីរាង្គ​សម្រាប់​ការ​ផលិត និង​ដាក់​ក្នុង​ទីផ្សារ​បន្លែ​អនុវត្ត​កសិកម្ម​ល្អ​ផង​ដែរ ។ ថ្លែងប្រាប់​កោះសន្តិភាព ថ្ងៃ​ទី​១៥ មីនា កន្លង​ទៅ លោក​បណ្ឌិត ហ៊ាន វណ្ណ​ហន អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម​នៃ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​លើក​ឡើង​ថា បន្លែ​ដែល​អនុវត្ត​តាម​បែប​កសិកម្ម​គឺជា​បន្លែ​សុវត្ថិភាព​ដែល​មាន​ស្តង់ដា​ត្រឹមត្រូវ​ទទួលស្គាល់​ពី​រាជរដ្ឋាភិបាល ។ ក្នុង​នោះ បន្លែ​សរីរាង្គ​រដ្ឋាភិបាល​កំពុង​មាន​គម្រោង​ជំរុញ​ឲ្យ​ដាក់​ក្នុង​ស្តង់ដា​ជាតិ ។

លោក​ថ្លែង​ថា ៖« បន្លែ​ដែល​អនុវត្ត​កសិកម្ម​ល្អ គឺ​ស្ថិត​នៅ​ក្នុង​បន្លែ​សុវត្ថិភាព ហើយ​បន្លែ​សរីរាង្គ​ក៏​ជា​បន្លែ​សុវត្ថិភាព​ដែរ គ្រាន់តែ​ថា​មក​ដល់​ពេល​នេះ បន្លែ​សរីរាង្គ​អត់​ទាន់​មាន​ស្តង់ដា​ជាតិ​នៅឡើយ ហើយ​រាជរដ្ឋាភិបាល​កំពុង​តែ​មាន​គម្រោង​ជំរុញ និង​អនុម័ត​បន្លែ​សរីរាង្គ​សម្រាប់​ការ​ផលិត និង​ដាក់​ក្នុង​ទីផ្សារ​បន្លែ​អនុវត្ត​កសិកម្ម​ល្អ ។ តែ​យ៉ាងណា ក៏​ត្រូវ​មានការ​នាំ​ចូល​ពី​ក្រៅ​ដែរ ដោយសារ​ផ្ទៃដី​ដែល​ដាំ​ដុះ​មួយ​ចំនួន​ស្ថិត​នៅ​តំបន់​ទឹក​លិច​ដែល​ធ្វើ​ឲ្យ​បរិមាណ​នៃ​ការ​ផ្គត់ផ្គង់​បន្លែ​ក្នុងស្រុក​មាន​កម្រិត »​។

« ដូច​ច្នេះ ទាំង​កសិករ និង​អ្នក​ទទួលទាន​ត្រូវ​ចូលរួម​ទាំងអស់​គ្នា ជួយ​គាំទ្រ​ផលិតកម្ម​ក្នុងស្រុក និង​ផ្ដល់​តម្លៃបន្ថែម​ដល់​បន្លែ​សុវត្ថិភាព ឬ​សរីរាង្គ​បន្ថែម​ទៀត ព្រោះ​បើកាលណា​ប្រជា​កសិករ​គាត់​ខំ​ដាំ ទាំង​ដែល​ទិន្នផល​ទទួល​បាន​ទាប ហើយ​អ្នកទិញ​មិន​ហ៊ាន​ឲ្យ​តម្លៃ​ខ្ពស់​ជាង​បន្លែ​ធម្មតា អីចឹង​ផលិតកម្ម​ក្នុងស្រុក​មិន​អាច​រីក​លូតលាស់​បាន​ទេ » ។ នេះ​បើ​តាម​លោក​អគ្គនាយកដ្ឋាន​កសិកម្ម ។

លោក​បណ្ឌិត យ៉ង សាំង​កុមារ ដែល​មានបទពិសោធន៍​ខាង​បន្លែ​តាំងពី​ឆ្នាំ​១៩៩៥ មក យល់​ឃើញ​ថា កម្ពុជា​អាច​មាន​លទ្ធភាព​ផលិត​បន្លែ​ល្អ​សម្រាប់​បំពេញតម្រូវការ​ក្នុងស្រុក​ជំនួស​ការ​នាំ​ចូល និង​ឈាន​ទៅ​ដល់​ការ​នាំ​ចេញ​ទៀត​ផង ។ លោក​បាន​ថ្លែង​បែប​នេះ​នៅ​ក្នុង​គេហទំព័រ​របស់​លោក​ដែល​បាន​ចុះ​ផ្សាយ​កាលពី​ថ្ងៃ​ទី​១៧ មីនា កន្លង​មក ។

លោក​បណ្ឌិត​បន្ដ​ថា ៖« បញ្ហា​សុវត្ថិភាព​ចំណីអាហារ ជា​ពិសេស​បញ្ហា​ទាក់ទង​«​បន្លែ​គីមី​» និង​ការ​កើនឡើង​លើ​ការ​នាំ​ចូល​បន្លែ​ពី​ប្រទេស​វៀតណាម កំពុង​ក្លាយជា​ប្រធានបទ​សំខាន់​មួយ​ក្នុង​សង្គម​ខ្មែរ ។ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​តិះ​ទៀន និង​រអ៊ូរទាំ​ពី​ប្រជាពលរដ្ឋ​ជា​ច្រើន រាជរដ្ឋាភិបាល​មាន​កាតព្វកិច្ច​ក្នុង​ការ​ដឹកនាំ​ធ្វើ​យ៉ាងណា​ឲ្យ​ប្រជាពលរដ្ឋ​គ្រប់​រូប​អាច​ទទួល​បាន​ចំណីអាហារ​ប្រកបដោយ​សុវត្ថិភាព ដោយ​រាប់​បញ្ចូល​ទាំង​បន្លែ​ផង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ