ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​កំពុង​ប្រែក្លាយ​ទៅកាន់​ជា​ប្រទេសមាន​ចំណូល​មធ្យមកម្រិត​ខ្ពស់នៅនាពេលខាងមុខ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម បាន​ថ្លែង​ថា កម្ពុជា​កំពុង​ប្រែក្លាយ​ពី​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ទាប ឈាន​ទៅ​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ ។ លោក​ទេស​រដ្ឋមន្ត្រី ចម…

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម បាន​ថ្លែង​ថា កម្ពុជា​កំពុង​ប្រែក្លាយ​ពី​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ទាប ឈាន​ទៅ​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ ។

លោក​ទេស​រដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម បាន​លើក​ឡើង​នៅ​ក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​របស់​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​កាល​ថ្ងៃ​ទី​១៤ មីនា ថា នៅ​ក្នុង​យៈ​ពេល​ពីរ​ទសវត្សរ៍​ចុង​ក្រោយ​នេះ កម្ពុជា​រក្សា​នូវ​កំណើនសេដ្ឋកិច្ច​របស់​ខ្លួន​ក្នុង​រង្វង់​៧,៧% ជាមួយនឹង​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច អតិផរណា​ទាប និង​អត្រា​ប្តូ​ប្រាក់​មាន​លំនឹង​ល្អ ។

ជាមួយ​នេះ អត្រា​កាត់​បន្ថយ​ភាព​ក្រីក្រ​វិញ កម្ពុជា​បាន​ទទួល​ចំណាត់ថ្នាក់​ជា​ប្រទេស​ជោគជ័យ​ទី​៤​លើ​ពិភពលោក ។ ចំណែក​តាម​រយៈ​សូចនាករ​សង្គម គឺ​ការ​កើនឡើង​នៃ​ផលទុនជាតិ​សរុប​ក្នុងស្រុក​(​ផ​.​ស​.​ស​) ក្នុង​នោះ​ចំណូល​មនុស្ស​ម្នាក់​ពី​១.០៤២​ដុល្លារ​អា​មេ​រិ​ក​នៅ​ឆ្នាំ​២០១៣ មក​១.៤៣៥​ដុល្លារ​អា​មេ​រិ​ក​នៅ​ឆ្នាំ​២០១៧​ក្នុង​មួយ​ឆ្នាំ ។

លោក​បន្ត​ថា ៖« ការ​រីក​ចម្រើន​ឥត​ឈប់​ឈរ​នេះ ដោយសារ​កម្ពុជា​កំពុង​ឈរ​លើ​សុខ​សន្តិភាព ស្ថិរភាព​នយោបាយ​ល្អ ក្រោម​គោលនយោបាយ​ឈ្នះ​-​ឈ្នះ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី »​។
លោក​បន្ត​ថា ៖« កត្តា​ទាំងនេះ​ហើយ បាន​ផ្តល់​ឱកាស​ឲ្យ​កម្ពុជា កសាង​បាន​នូវ​សេដ្ឋកិច្ច​មួយ​មាន​ភាពរឹងមាំ ហើយ​កម្ពុជា​ប្រែក្លាយ​ពី​ប្រទេស​មាន​ចំណូល​ទាប ទៅ​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ទាប និង​កំពុង​បន្តដំណើរ​ឈាន​ទៅ​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ »​។

ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី លោក​បណ្ឌិត អិ​ុ​ន ចាន់​នី បាន​ថ្លែង​ថា ប្រទេស​កម្ពុជា​នឹង​សម្រេច​បាន​គោលដៅ​នេះ ប្រសិនជា​ផ្អែក​លើ​កំនើនសេដ្ឋកិច្ច ដែល​កម្ពុជា​សម្រេច​បានជា​មធ្យម​៧​ភាគរយ សម្រាប់​រយៈពេល​វែង​បន្ត​ទៀត ព្រោះ​កម្លាំង​ច​លករ​ជំរុញ​កំណើនសេដ្ឋកិច្ច​របស់​យើង នៅ​តែ​មាន​សុខភាព​ល្អ និង​មាន​សញ្ញា​រឹង​មាំ ជាមួយនឹង​ប្រជាជន​វ័យក្មេង​ច្រើន ។

ប្រទេស​កម្ពុជា​មាន​ប្រជាជន​វ័យក្មេង ដែល​មាន​អាយុ​ចាប់ពី​៣០​ឆ្នាំ​ចុះ​ក្រោម​ប្រមាណ​៦០​ភាគរយ ។
ប្រធាន​វិទ្យាស្ថាន​សិក្សា​ដើម្បី​ជោគជ័យ លោក​បណ្ឌិត ម៉ី កល្យាណ បាន​ថ្លែង​ថា តាម​ការ​ព្យាករ និង​គោលនយោបាយ​ច្បាស់លាស់ ដែល​បាន​ដាក់​ចេញ​ដោយ​រាជរដ្ឋាភិបាល ប្រាកដ​ណាស់​កម្ពុជា​នឹង​សម្រេច​បាន​នូវ​គោលដៅ​ក្លាយជា​ប្រទេស​មាន​ប្រាក់​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ ។

លោក​បន្ត​ថា លោក​យល់​ស្រប​នឹង​ការ​ព្យាករ​របស់​សេដ្ឋវិទូ​វ័យក្មេង​របស់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ដោយសារ​ពួក​គេ​មាន​សមត្ថភាព​ខ្ពស់ ។
លោក​បន្ត​ថា ៖« ខ្ញុំ​ជឿជាក់​លើ​សមត្ថភាព​របស់​ពួក​គេ ពួក​គេ​ត្រូវ​បាន​ជ្រើសរើស និង​សម្ភាសន៍​ដោយ​រូប​ខ្ញុំ​ផ្ទាល់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ