ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

របាយការណ៍​ថ្មី​ឆ្លុះ​បង្ហាញពី​ទំនាស់​រវាង​យេ​ន​ឌ័​រ​ក្នុងរោងចក្រ​កាត់ដេរ​នៅ​កម្ពុជា

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តុល្យភាព​ការងារ​ដែល​ទទួល​បាន​ប្រាក់​ឈ្នួល និង​ការ​ថែទាំ​គ្រួសារ គឺជា​បញ្ហា​ប្រឈម​ដ៏​ចម្បង​មួយ​សម្រាប់​កម្មករនិយោជិត​ជា​ស្ត្រី​ក្នុង​វិស័យ​កាត់ដេរ​នៅ​កម្ពុជា ប៉ុន្តែ​ការ​យកចិត្តទុកដាក់​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ជាក់ស្តែង​ដើម្បី​លើកកម្ពស់​សមភាព​យេ​ន​ឌ័​រ គឺ​ល្អ​ចំពោះ​ការងារ ក៏​ដូច​ជា​សម្រាប់​កម្មករ គ្រួសារ និង​សហគមន៍​របស់​ពួក​គេ​។…

រាជធានី​ភ្នំពេញ ៖ តុល្យភាព​ការងារ​ដែល​ទទួល​បាន​ប្រាក់​ឈ្នួល និង​ការ​ថែទាំ​គ្រួសារ គឺជា​បញ្ហា​ប្រឈម​ដ៏​ចម្បង​មួយ​សម្រាប់​កម្មករនិយោជិត​ជា​ស្ត្រី​ក្នុង​វិស័យ​កាត់ដេរ​នៅ​កម្ពុជា ប៉ុន្តែ​ការ​យកចិត្តទុកដាក់​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ជាក់ស្តែង​ដើម្បី​លើកកម្ពស់​សមភាព​យេ​ន​ឌ័​រ គឺ​ល្អ​ចំពោះ​ការងារ ក៏​ដូច​ជា​សម្រាប់​កម្មករ គ្រួសារ និង​សហគមន៍​របស់​ពួក​គេ​។ ទាំងនេះ​គឺជា​លទ្ធផល​រក​ឃើញ​សំខាន់​ៗ នៃ​របាយការណ៍​មួយ​ដែល​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​៧ មីនា ដោយ​រោងចក្រ​កាត់ដេរ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា (ILO-BFC) ជា​កម្មវិធី​រួម​គ្នា​របស់​អង្គការ​ពលកម្ម​អន្តរជាតិ​ខាង​ការងារ​នៃ​អង្គការ​សហ​ប្រជា​ជាតិ និង​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ ដែល​ជា​សមាជិក​នៃ​ធនាគារពិភពលោក ។

ការ​ស្រាវជ្រាវ​មួយ​ដែល​មាន​ចំណងជើង​ថា «​ដើម្បី​ឆ្ពោះទៅ​រក​សមភាព​យេ​ន​ឌ័​រ​» បាន​វាយតម្លៃ​ទិន្នន័យ​ពី​រោងចក្រ​កាត់ដេរ​ចំនួន​៣៩៥ ពី​ខែឧសភា ឆ្នាំ​២០១៦ ដល់​ខែមេសា ឆ្នាំ​២០១៧ ទាក់ទង​នឹង​បញ្ហា​យេ​ន​ឌ័​រ ការ​រើសអើង ការ​ទទួល​បាន​ប្រាក់​ឈ្នួល ការ​ថែទាំ ការ​បញ្ចេញមតិ ភាព​ជា​តំណាង​អ្នកដឹកនាំ និង​ការ​កសាង​ជំនាញ ។ ក្នុង​ការ​សិក្សា​នេះ​បាន​រក​ឃើញ​ថា កម្មករ​មាន​ច្រើន​ជាង​៦៥​ម៉ឺន ក្នុង​នោះ​៨៥% គឺជា​ស្ត្រី​នៅ​ក្នុង​វិស័យ​កាត់​ដេរ​កម្ពុជា ហើយ​ពួក​គេ​មាន​តំណាង ឬ​តួនាទី​ជា​អ្នកដឹកនាំ​តិចតួច​។ ជាមួយ​គ្នា​នេះ​ដែរ ពួក​គេ​ប្រឈម​នឹង​បញ្ហា​ការងារ​នៅ​ក្នុង​រោងចក្រ ខណៈ​ពួក​គេ​ក៏​មាន​តួនាទី​មួយទៀត​ជា​អ្នក​ផ្តល់​ការ​ថែទាំ​ទៅ​ដល់​សមាជិក​នៅ​ក្នុង​ក្រុម​គ្រួសារ ។

របាយការណ៍​នេះ​បាន​បង្ហាញ​ពី​មូលហេតុ​ទាក់ទង​នឹង​បញ្ហា​ប្រឈម​នានា​នៃ​ការងារ​ប្រចាំ​​ថ្ងៃ និង​ការ​ថែទាំ​ក្នុង​គ្រួសារ ដែល​បណ្តាល​ឲ្យ​ស្ត្រី​មានឱកាស​តិចតួច​ក្នុង​ការ​ឡើង​តំណែង និង​ការ​អភិវឌ្ឍ​ជំនាញ​របស់​ពួក​គេ ។ លទ្ធផល​នេះ​ក៏​បាន​បង្ហាញ​ពី​កម្រិត​ខ្ពស់​នៃ​ការ​អនុលោម​តាម​ច្បាប់​ស្តី​ពី​ស្ត្រី​មាន​ផ្ទៃពោះ និង​ការ​សម្រាកលំហែ​មាតុភាព ។

របាយការណ៍​ក៏​បាន​គូសបញ្ជាក់​អំពី​ផល​លំបាក​របស់​ស្ត្រី​ក្នុង​ការ​ទទួល​បានការ​ថែទាំ​កុមារ​គ្រប់គ្រាន់ បន្ទាប់​ពី​វិល​ត្រឡប់​ពី​ការ​ឈប់​សម្រាកលំហែ​មាតុភាព ។

លោកស្រី អិ​ស្តើ​រ ហើ​មិន​ស៍ ប្រធាន​គម្រោង​រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា មាន​ប្រសាសន៍​ថា ៖« បញ្ហា​ទាំងនេះ​មិន​ត្រឹមតែ​ទាក់ទង​នឹង​ការងារ​របស់​ស្ត្រី​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​សម្រាប់​សុខុមាលភាព​របស់​កូន​ៗ​ពួក​គេ​ទៀត​ផង ។ យើង​យល់​ថា វា​មិនមែន​ជា​បញ្ហា​តែ​មួយ​គត់​សម្រាប់​ប្រទេស​កម្ពុជា​ទេ ប៉ុន្តែ​តាម​រយៈ​លទ្ធផល​នៃ​ការ​សិក្សា​នេះ យើង​ឃើញ​ថា ការ​ឆាប់​វិល​ត្រឡប់​ចូល​ធ្វើការ​វិញ​ក្រោយ​ពេល​សម្រាលកូន និង​កង្វះ​ខាត​សម្ភារ​ថែទាំ​កុមារ មាន​ន័យ​ថា ស្ត្រី​ជា​ញឹកញាប់់​មិន​អាច​បំបៅ​ដោះ​កូន​របស់​ពួក​គេ​ក្នុងអំឡុងពេល​ធ្វើការ​នៅ​ក្នុង​រោងចក្រ​ឡើយ » ។

របាយការណ៍​នេះ​គាំទ្រ​លទ្ធផល​នៃ​របាយការណ៍​ថ្មី​ៗ​របស់​អង្គការ​មាតាបិតា នៃ​កម្មវិធី​ការងារ​កាន់តែ​ប្រសើរ (Better Work) ដែល​បាន​រក​ឃើញ​ថា ការ​បង្កើន​ចំនួន​ស្ត្រី​ក្នុង​តំណែង​ជា​អ្នកដឹកនាំ គឺ​អាច​ជួយ​កាត់​បន្ថយ​បញ្ហា​បៀតបៀន​ផ្លូវភេទ និង​ការ​រើសអើង​នៅ​កន្លែងធ្វើការ​។ តំណាង​ស្ត្រី​ក្នុង​តំណែង​ជា​អ្នកដឹកនាំ ក៏​ចាំបាច់​នៅ​ក្នុង​តួនាទី​សហ​ជីព ព្រោះ​មេដឹកនាំ​ជា​ស្ត្រី​ច្រើន​អាច​ជួយ​ដោះស្រាយ​បញ្ហា​ជាក់លាក់​របស់​ស្ត្រី​បាន ហើយ​វា​ក៏​រួមចំណែក​កាត់​បន្ថយ​នូវ​ផ្នត់គំនិត​ដែល​ថា មាន​តែ​បុរស​ទេ ដែល​អាច​ដឹកនាំ​ការងារ​ទាំង​អស់នេះ​បាន ។

របាយការណ៍​អនុលោម​យេ​ន​ឌ័​របា​ន​កំណត់​យុទ្ធសាស្ត្រ​យេ​ន​ឌ័​រ​ថ្មី​នៅ​កម្ពុជា ដែល​ជំរុញ​យុទ្ធសាស្ត្រ​យេ​ន​ឌ័​រ​ជាស​កល​នៃ​ប្រទេស​ទាំង​៧ ក្នុង​ការ​បង្កើត​កម្មវិធី​ការងារ​កាន់តែ​ប្រសើរ ។ យុទ្ធសាស្ត្រ​នេះ មាន​គោលបំណង​ពង្រឹង​ដល់​ដៃគូ​ពាក់ព័ន្ធ​លើ​វិស័យ​សាធា​រណៈ និង​ឯកជន ដើម្បី​ដោះស្រាយ​បញ្ហា​យេ​ន​ឌ័​រ​តាម​វិធី​៤​យ៉ាង​គឺ ៖ ១-​កាត់​បន្ថយ​ការ​រើសអើង និង​ការ​បៀតបៀន​ផ្លូវភេទ ២-​លើកកម្ពស់​សុខភាព​បន្ត​ពូជ សិទ្ធិ ការ​ការពារ​មាតុភាព និង​តុល្យភាព​រវាង​ការងារ និង​ការ​រស់នៅ ៣-​បង្កើន​តំណាង​របស់​ស្ត្រី​នៅ​ក្នុង​គណៈកម្មការ​និយោជិត និង​និយោជក អង្គការ​នានា និង​៤-​ជួយ​ស្ត្រី​បង្កើត​ឱកាស​ការ​ងារ​ឲ្យ​កាន់តែ​ច្រើន ។

លោកស្រី អិ​ស្តើ​រ ហើ​មិន​ស៍ ប្រធាន​គម្រោង​រោងចក្រ​កាត់ដេរ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា បាន​បញ្ជាក់​ថា ៖« បទ​ពិសោធន៍​ជាង​១៥​ឆ្នាំ​របស់​យើង​ដែល​ធ្វើការ​នៅ​ក្នុង​វិស័យ​ឧស្សាហ​កម្ម​កាត់ដេរ​នៅ​កម្ពុជា បាន​បង្ហាញ​ថា នៅ​ពេល​បុរស និង​ស្ត្រី ត្រូវ​បាន​ទទួល​យកចិត្តទុកដាក់​ដូច​ៗ​គ្នា​នៅ​កន្លែងធ្វើការ គឺ​វា​មិន​ត្រឹមតែ​ផ្តល់​អត្ថប្រយោជន៍​យ៉ាងច្រើន​ដល់​ស្ត្រី និង​គ្រួសារ​របស់​ពួក​គេ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជួយ​ជំរុញ​ដល់​សង្វា​ក់​ផលិតកម្ម​របស់​រោងចក្រ និង​ប្រាក់​ចំណេញ​បាន​យ៉ាងច្រើន​ផង​ដែរ ។ ដូច្នេះ របាយការណ៍​នេះ​នឹង​ផ្តល់​ជា​មូលដ្ឋាន​ដល់​រាជរដ្ឋាភិបាល និ​យោ​ជិ​ក និង​កម្មករ ដើម្បី​ធ្វើការ​ផ្លាស់​ប្តូរ​ទាំង​នៅ​ក្នុង​គោលការណ៍ និង​នៅ​តាម​រោងចក្រ ដែល​នឹង​អនុញ្ញាត​ឲ្យ​ស្ត្រី​ឈាន​ដល់​សក្តានុពល​ពេញលេញ​របស់​ពួក​គេ » ។

គម្រោង​រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា គឺជា​គម្រោង​ប្រចាំ​នៃ​កម្មវិធី​ការងារ​កាន់តែ​ប្រសើរ ដែល​ជា​កិច្ចសហការ​រវាង​អង្គការ​ពលកម្ម​អន្តរជាតិ​ខាង​ការងារ​របស់​អង្គ​ការ​សហប្រជាជាតិ និង​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ ដែល​ជា​សមាជិក​នៃ​ធនាគារពិភព​លោក​។ កម្មវិធី​ការងារ​កាន់តែ​ប្រសើរ​ធ្វើការ​រួម​គ្នា​ជាមួយ​ដៃគូ​ពាក់ព័ន្ធ​គ្រប់​កម្រិត​ក្នុង​វិស័យ​ឧស្សាហកម្ម​កាត់ដេរ ដើម្បី​លើកកម្ពស់​លក្ខខណ្ឌ​ការងារ និង​បង្កើន​ការ​ប្រកួត​ប្រជែង​នៅ​ក្នុង​វិស័យ​មួយ​នេះ ។ បច្ចុប្បន្ន យើង​កំពុង​អនុវត្ត​កម្មវិធី​របស់​យើង​នៅ​ក្នុង​ប្រទេស​ចំនួន​៧ ដែល​មាន​កម្មករ​ជាង​២​លាន​នាក់ ។ កម្មវិធី​របស់​យើង​បាន​បង្កើត​ការ​ផ្លាស់​ប្តូរ​យូរអង្វែង តាម​រយៈ​ការ​ចុះ​ត្រួតពិនិត្យ លក្ខខណ្ឌ​ការងារ ការ​ផ្តល់​វគ្គ​បណ្តុះ​បណ្តាល ការ​តស៊ូ​មតិ និង​ការ​សិក្សា​ស្រាវជ្រាវ ។

សាកលវិទ្យាល័យ Tufts គឺជា​ស្ថាប័ន​ស្រាវជ្រាវ​ឯករាជ្យ​របស់​កម្មវិធី​ការងារ​កាន់តែ​ប្រសើរ បាន​បង្ហាញ​កម្មវិធី​ជាស​កល ដែល​ក្នុង​នោះ​គម្លាត​ប្រាក់​ឈ្នួល​របស់​បុរស និង​ស្ត្រី មានការ​ធ្លាក់​ចុះ​ចំនួន​១៧%, ករណី​បៀតបៀន​ផ្លូវភេទ​ចំនួន​១៨% និង​កំណើន​ចំនួន​របស់​ស្ត្រី​ក្នុង​ការ​ថែទាំ​មុន​ពេល​សម្រាលកូន មាន​២៦%​។ របាយការណ៍​ក៏​បាន​បង្ហាញ​ផង​ដែរ​ថា កន្លែងធ្វើការ​ដោយ​គ្មាន​ការ​បៀតបៀន​ផ្លូវភេទ​នាំ​ឲ្យ​មាន​ប្រាក់​ចំណូល​ខ្ពស់ ហើយ​​ការងារ​ដែល​មាន​គុណភាព​សម្រាប់​ស្ត្រី បាន​រួមចំណែក​ធ្វើ​ឲ្យ​ពួក​គេ​មាន​សុខភាព​ល្អ ជីវភាព​រស់នៅ​នៃ​សមាជិកគ្រួសារ និង​ការ​សិក្សា​របស់​កូន​ពួក​គេ​កាន់តែ​ប្រសើរ​ឡើង៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ