ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លេង​គ្នា​ធ្ងន់​ដៃ​មួយទំហឹង រវាង​អាជ្ញាធរ​និងអ្នកចាប់ដីកាលរសៀលម្សិល​មិញ

6 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ ស្នូរ​កាំភ្លើង​រាប់​សិប​គ្រាប់​បាន​ផ្ទុះ​ឡើង ក្នុង​ហេតុការណ៍​ប្រឆាំង​ចំពោះ​ការ​តវ៉ារបស់​ប្រជា​ពលរដ្ឋ​មួយ​ក្រុម ដែល​មាន​គ្នីគ្នា​រហូត​ដល់​ជាង​២០០​នាក់ ក្រោយ​ពេល​មាន​ប្រតិបត្តិការចុះ​បង្ក្រាប​ការ​សាង សង់​លំនៅ​ឋាន​អនាធិបតេយ្យ និង​កាន់កាប់​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន​មេមត់ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១១​ព្រឹក…

ខេត្តក្រចេះ ៖ ស្នូរ​កាំភ្លើង​រាប់​សិប​គ្រាប់​បាន​ផ្ទុះ​ឡើង ក្នុង​ហេតុការណ៍​ប្រឆាំង​ចំពោះ​ការ​តវ៉ារបស់​ប្រជា​ពលរដ្ឋ​មួយ​ក្រុម ដែល​មាន​គ្នីគ្នា​រហូត​ដល់​ជាង​២០០​នាក់ ក្រោយ​ពេល​មាន​ប្រតិបត្តិការចុះ​បង្ក្រាប​ការ​សាង សង់​លំនៅ​ឋាន​អនាធិបតេយ្យ និង​កាន់កាប់​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន​មេមត់ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១១​ព្រឹក ធ្វើ​ឲ្យ​ចរាចរណ៍​លើ​កំណាត់​ផ្លូវជាតិ​លេខ​៧៦ ត្រូវ​កាត់​ផ្តាច់​ទាំង​ស្រុង​រហូត​ដល់​រសៀល​ថ្ងៃ​ដដែល​ទើប​ស្ថានការណ៍​បាន​ស្ងប់ស្ងាត់ ។

ប្រភព​បាន​ឲ្យ​ដឹង​ថា សកម្មភាព​ផ្ទុះ​ការ​តវ៉ា​នេះ ​ភាគី​ខាង​អ្នក​ចាប់ដី​បាន​ប្រដាប់​ដោយ​កាំបិត ចំពាម​ប្រើ​គ្រាប់​ដែក និង​កាំភ្លើង​កែ​ច្នៃ ឯ​ស្ត្រីភេទខ្លះ​ កាន់​រូបថត​សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ផង​ដែរ ។ រីឯ​កម្លាំង​អាជ្ញាធរ និង​សមត្ថកិច្ច​ប្រដាប់​ដោយ​អាវុធ​នៅ​ក្នុង​ដៃ និង​បាន​បាញ់​គំរាម​រាប់​សិប​គ្រាប់​បង្ក​ឲ្យ​មាន ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ ។ ព្រឹត្ដិការណ៍​នេះ បាន​កើតឡើង​បន្ទាប់​ពី​សមត្ថកិច្ច​ចម្រុះ​ក្រោម​ការ​ដឹកនាំ​របស់​លោក ជា សុ​ភ័​ក្រ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តក្រចេះ ចុះ​ទៅ​រុះរើ​សំណង់​តូច​ៗ​របស់​ពួក​គេ​នៅ​ក្នុង​ក្រុម​ហ៊ុនចំការកៅស៊ូ​មេមត់ នា​ភូមិសាស្ត្រ​ឃុំ​២​ធ្នូ ស្រុក​ស្នូល ខេត្តក្រចេះ ។ ទោះបីជា​បែប​ណា អាជ្ញាធរ​ខេត្ត​ក្រចេះ​​បាន​ប្រកាស​ទាត់​ចោល​ភ្លាម​ៗ​ចំពោះ​ព័ត៌មាន​ដែល​បាន​ផ្សាយ​ថា ការ​ប៉ះទង្គិច​គ្នា​នេះ​បណ្តាល​ឲ្យ​៦​នាក់​ស្លាប់ និង​របួស​ជាង​៤០​នាក់​ផ្សេង​ទៀត ។ ជា​ព័ត៌មាន ​ជំ​ហ៊ាន​ដំបូង​គេ​មិនដឹង​ថា មានការ​រង​គ្រោះ​ប៉ុន្មាន​នាក់​ ក្នុង​ហេតុការណ៍​ប្រឈម​មុខ​គ្នា​នេះ​ទេ ។

ប្រភព​នានា​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា ក្រុម​អ្នក​ចាប់ដី​មានការ​ប្រមូលផ្តុំ​គ្នា​រហូត​ដល់​ទៅ​បី​ទីតាំង​នៅ​លើ​ផ្លូវជាតិ​លេខ​៧៦ ដែល​ស្ថានភាព​ប្រឈម​រវាង​ក្រុម​បាតុករ​នឹង​អាជ្ញាធរ​នេះ ​ក៏​បាន​ឈាន​ដល់​ចំណុចក្តៅ រហូត​មាន​អំពើ​ហិង្សា​កើតឡើង បាន​ឈាន​ទៅ​ដល់​ការ​ផ្ទុះអាវុធ​និង​មាន​លេចឮ​ថា ករណី​ផ្ទុះអាវុធ​នោះ បាន​បណ្តាល​ឲ្យ​មានការ​រង​របួស ​និង​មាន​មនុស្ស​ម្នាក់​បាន​ស្លាប់​នា​ព្រឹត្តិការណ៍​នោះ​ផង​ដែរ តែ​មិន​ទាន់​អាច​សុំ​ការ​បញ្ជាក់​បាន​ភ្លាម​ៗ​នោះ​ទេ​ជា​ព័ត៌មាន​ដែល​ច្របូកច្របល់​ក្នុង​ហេតុការណ៍ ។ ប្រភព​បាន​បញ្ជាក់​ថា ក្រុម​ប្រជាពលរដ្ឋ បាន​ប្រើ​ជំ​ពាម​គ្រាប់​ដែក កាំបិត និង​កាំភ្លើង​កែ​ច្នៃ ហើយ​បាញ់​មក​លើ​កម្លាំង​សមត្ថកិច្ច​បណ្ដាល​ឲ្យ​រង​របួស ហើយ​ពេល​នោះ​កម្លាំង​សមត្ថកិច្ច​ដែល​ភាគច្រើន​ជា​ទាហាន បាន​បាញ់​ជា​ច្រើន​គ្រាប់​ឡើង​លើ​គឺ​បាញ់​មេឃ​ជា​ការ​គំរាម​វិញ​ផង​ដែរ រហូត​គ្រប់គ្រង​សភាពការណ៍​បាន និង​បំបែក​ការ​តវ៉ា​នេះ ។
ព័ត៌មាន​ដែល​ទទួល​បាន​នា​វេលា​ម៉ោង​៦​ល្ងាច​ថ្ងៃ​ដដែល​ពី​អភិបាលស្រុក​ស្នួល លោក គង់ គឹ​ម​នី បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ហេតុការណ៍​ប៉ះទង្គិច​គ្នា​មួយ​ប្រាវ​នេះ​បណ្ដាល​ឲ្យ​កម្លាំង​សមត្ថកិច្ច​ចំនួន​៧​នាក់​រង​របួស​ភាគី​ពលរដ្ឋ​២​នាក់​រង​របួស និង​ពលរដ្ឋ​៧​នាក់​ផ្សេង​ទៀត​ត្រូវ​បាន​ឃាត់ខ្លួន​ជា​បណ្ដោះអាសន្ន តែ​មិន​មាន​មនុស្ស​ណា​ម្នាក់​ស្លាប់​នោះ​ទេ ។

ទោះជា​យ៉ាងណា រហូត​ដល់​ល្ងាច​ថ្ងៃ​ដដែល ក្រុម​ប្រជាពលរដ្ឋ​បាន​រំសាយ​បន្តិច​ម្តង​ៗ ក្រោយ​មានការ​ឃាត់ខ្លួន​មនុស្ស​មួយ​ចំនួន​ហើយ​កំណាត់​ផ្លូវជាតិ​លេខ​៧៦ ត្រូវ​បាន​បើក​ដំណើរការ​វិញ បន្ទាប់​ពី​ក្រុម​អ្នក​តវ៉ា​បាន​បិទ​អស់​រយៈពេល​កន្លះ​ថ្ងៃ ។ ចំណែក​អាជ្ញាធរ​ស្រុក​ស្នូល បាន​អះអាង​ថា ខ្លួន​នឹង​បន្ត​ការ​ជួប​ដោះស្រាយ​គ្នា​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​កំពុង​ជួប​ប្រទះ​បញ្ហា​ដីធ្លី​ជាមួយ​ក្រុមហ៊ុន ។ប្រភព​មួយទៀត​ឲ្យ​ដឹង​ថា ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​តវ៉ា​រយៈពេល​៣​ថ្ងៃ​មក​ហើយ ប៉ុន្តែ​នៅ​ថ្ងៃ​ចុង​ក្រោយ​នេះ ពួក​គេ​បាន​នាំ​គ្នា​តវ៉ា​ដោយ​បិទផ្លូវ បន្ទាប់​ពី​មានការ​ចូល​មក​ដុត​បំផ្លាញ​ខ្ទម​របស់​ពួក​គេ ។ ព័ត៌មាន​លម្អិត​ពិស្តារ​ច្បាស់លាស់​នឹង​ផ្សាយ​ជូន​នៅ​លេខ​បន្ទាប់​នេះ​បន្ថែម ជុំវិញ​បាតុភាព​ប៉ះទង្គិច​គ្នា​នេះ ៕ ​

អត្ថបទសរសេរ ដោយ