ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

GMAC ​បារម្ភ​ពី​ផលិតភាព​ការងារ ជាង​ការ​គំរាម​ទណ្ឌកម្ម​ពី​បរទេស

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ វិស័យ​កាត់ដេរ​សម្លៀក​បំពាក់ និង​​ស្បែកជើង​កម្ពុជា ត្រូវ​បាន​គេ​មើលឃើញ​ថា​ កំពុង​ទទួល​រង​នូវ​ឥទ្ធិពល​ពី​អន្ដរជាតិ ដែល​នាំ​ឲ្យ​មានការ​គំរាម​គំ​ហែង​ដល់​ការងារ​កម្មករ​-​កម្មការិនី​ក្នុងស្រុក តែ​ទោះជា​យ៉ាង​នេះ​ក្ដី អ្នក​ប្រតិបត្តិ​ក្នុង​វិស័យ​នេះ​មិន​ផ្ដោត​ការ​ចាប់អារម្មណ៍​ទៅ​លើ​បញ្ហា​នោះ​ទេ…

រាជធានី​ភ្នំពេញ ៖ ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ វិស័យ​កាត់ដេរ​សម្លៀក​បំពាក់ និង​​ស្បែកជើង​កម្ពុជា ត្រូវ​បាន​គេ​មើលឃើញ​ថា​ កំពុង​ទទួល​រង​នូវ​ឥទ្ធិពល​ពី​អន្ដរជាតិ ដែល​នាំ​ឲ្យ​មានការ​គំរាម​គំ​ហែង​ដល់​ការងារ​កម្មករ​-​កម្មការិនី​ក្នុងស្រុក តែ​ទោះជា​យ៉ាង​នេះ​ក្ដី អ្នក​ប្រតិបត្តិ​ក្នុង​វិស័យ​នេះ​មិន​ផ្ដោត​ការ​ចាប់អារម្មណ៍​ទៅ​លើ​បញ្ហា​នោះ​ទេ តែ​អ្វី​ដែល​កំពុង​ព្រួយបារម្ភ​ខ្លាំង គឺ​ផលិតភាព​ការងារ​គ្មាន​ការ​ប្រែប្រួល ខណៈ​ប្រាក់ខែ​ក្នុង​វិស័យ​នេះ​បាន​បន្ដ​កើន​ឡើងជា​បន្ដបន្ទាប់ ។

លោក កាំ​ង ម៉ូ​នី​កា អគ្គលេខាធិការ​រង​សមាគម​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់ និង​ស្បែង​​ជើង​កម្ពុជា ហៅ​កាត់​ថា​(GMAC)​បាន​ឲ្យ​ដឹង​ថា ប្រតិកម្ម​ពី​ប្រទេស​សហគមន៍​អឺរ៉ុប មិន​ចោទ​ជា​បញ្ហា​សម្រាប់​វិស័យ​កាត់ដេរ​កម្ពុជា​ទេ ក៏​ប៉ុន្តែ​អ្វី​ដែល​កម្ពុជា​ត្រូវធ្វើ​នោះ គឺ​ពង្រឹងគុណភាព​ការ​ផលិត​របស់​ខ្លួន​ឲ្យ​កាន់តែ​ខ្លាំង ខណៈ​តម្លៃ​ពលកម្ម​បាន​កើនឡើង​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​ភាព​ប្រកួតប្រជែង ។

លោក​បាន​និយាយ​ថា ៖« យើង​មិន​មានការ​ព្រួយបារម្ភ​ខ្លាំង​ទេពី​ប្រតិកម្ម ឬ​វិធានការ​របស់​​អឺរ៉ុប​មក​លើ​វិស័យ​ពាណិជ្ជកម្ម​របស់​ប្រទេស​យើង​។ ផ្ទុយ​ទៅ​វិញ យើង​ព្រួយបារម្ភ​ខ្លាំង​លើ​ការ​កើនឡើង​នូវ​តម្លៃ​ពលកម្ម តាម​រយៈ​ការ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ប្រចាំ​ឆ្នាំ ហើយ​មាន​លក្ខណៈ​ជា​គំហុក ។ លើស​នេះ​ទៀត គឺ​ពាក់ព័ន្ធ​នឹង​គោលនយោបាយ
របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​ផ្តល់​អត្ថប្រយោជន៍​បន្ថែម​ដល់​កម្មករ និង​ផែនការ​គោល​នយោ​បាយ​ការពារ​មួយ​ចំនួន​ទៀត​ដូច​ជា ការ​ធានា​រ៉ាប់រង​ប្រាក់​ឈ្នួល ឬ​ភាព​គ្មាន​ការ​ងារ​ធ្វើ ជាដើម ។ តម្លៃ​ពលកម្ម​ដែល​ឡើង​កាន់តែ​ខ្ពស់​នេះ អាច​ប៉ះពាល់​ដល់​ការ​ប្រកួត​ប្រជែង​ក្នុង​វិស័យ​កាត់ដេរ​ជាមួយ​បណ្ដា​ប្រទេស​ជិតខាង និង​ក្នុង​តំបន់​ផង​ដែរ ក្នុង​ពេល​ផលិតភាព​របស់​ខ្លួន​នៅ​តែ​គ្មាន​ការ​អភិវឌ្ឍ​ខ្លាំង​ប៉ុន្មាន​នោះ » ។

លោក​បន្ត​ថា វិធានការ ឬ​ប្រតិកម្ម​របស់​អន្តរជាតិ ជាក់ស្តែង​របស់​សហរដ្ឋអាមេរិក គឺ​មិន​មាន​ប៉ះពាល់​ដល់​ពាណិជ្ជកម្ម​របស់​ប្រទេស​ទាំង​ពីរ​ទេ ហើយ​លោក​គិត​ថា វា​ក៏​ដូច​គ្នា​សម្រាប់​EU​ដែរ ។

លោក​ថ្លែង​ថា ៖« គេ​មានការ​កាត់​ជំនួយ ឬ​កិច្ច​សហប្រតិបត្តិការ​លើ​ផ្នែក​ខ្លះ​ដូច​ជា គ​.​ជ​.​ប វិស័យ​យោធា តែ​គេ​មិន​អនុវត្ត​លើ​ផ្នែក​សំខាន់ ដូច​ជា ពាណិជ្ជកម្ម អប់រំ សុខាភិបាល ឬ​កសិកម្ម ជាដើម​ទេ » ។

ប្រធាន​សម្ព័ន្ធ​សហជីព​ជាតិ​កម្ពុជា លោក សោម អូន ក៏​យល់​ឃើញ​ស្រ​ដៀង​គ្នា​ដែរ ដោយ​​បាន​លើក​ឡើង​ថា នៅ​ក្នុង​សភា​អឺរ៉ុប​មាន​ប្រទេស​ជា​ច្រើន ដូចនេះ ត្រឹមតែ​ប្រទេស​​ពីរ​បី មិន​អាច​ធ្វើ​ឲ្យ​អឺរ៉ុប​ទាំងមូល​បញ្ឈប់​ការ​ទិញ​ផលិតផល​ពី​កម្ពុជា​ទេ ជា​ពិសេស​​ផលិតផល​សម្លៀក​បំពាក់ ។

លោក​និយាយ​ថា ៖« យើង​ទទួលស្គាល់​ថា​វិស័យ​កាត់ដេរ​កម្ពុជា​មាន​បញ្ហា​ប្រឈម​មែន តែ​បញ្ហា​នោះ ជា​គុណភាព​ក្នុង​ការ​ផលិត​ប៉ុណ្ណោះ ហើយ​ក៏​មាន​ថៅកែ​រោងចក្រ​មួយ​ចំនួន​​បាន​រអ៊ូ​ពី​បញ្ហា​នេះ​ដែរ ដោយសារ​តែ​ប្រាក់ខែ​កម្មករ​បាន​ឡើងជា​បន្តបន្ទាប់ ខណៈ​ផលិត​ភាព​មិន​ទាន់​សម​ស្រប​ទៅ​តាម​ប្រាក់ខែ » ។

លោក​បន្ត​ថា លោក​មិន​មានការ​ព្រួយបារម្ភ​អ្វី​ទេ ទៅ​លើ​បញ្ហា​ទីផ្សារ​ផលិតផល​របស់​វាយ​នភ័ណ្ឌ​កម្ពុជា ហើយ​លោក​ជឿជាក់​ថា អឺរ៉ុប​នឹង​នៅ​តែ​បន្ត​ទិញ​ផលិតផល​វាយ​នភ័ណ្ឌ​ពី​កម្ពុជា​បន្ត​ទៀត ហើយ​ថែម​ទាំង​មាន​កំណើន​ជាង​ឆ្នាំ​មុន​ៗ​ផង​ដែរ ។

ទោះជា​យ៉ាងណា លោក អាត់ ធន់ ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់ដេរ​កម្ពុជា ហៅ​កាត់​ថា ស៊ី​ខៅ​ឌូ បាន​ឲ្យ​ដឹង​ដែរ​ថា បច្ចុប្បន្ន វា​មិន​ទាន់​មាន​សញ្ញា​ណាមួយ​បង្ក​ផល​ប៉ះពាល់​លើ​វិស័យ​កាត់ដេរ​ពី​ការ​ដាក់​គំនាប​របស់​សហគមន៍​អឺរ៉ុប​លើ​កម្ពុជា​មែន ក៏​ប៉ុន្តែ​ផល​ប៉ះពាល់​នេះ វា​អាច​លេច​ចេញ​ជាក់ស្ដែង​នៅ​អំឡុង​ពាក់កណ្ដាល​ឆ្នាំ​២០១៨​នេះ ។ លោក​ថា ៖« បើ​តាម​ខ្ញុំ​បាន​សាកសួរ​ពី​តាម​បណ្ដា​រោងចក្រ​ឃើញ​ថា កិច្ចសន្យា​រវាង​អ្នកទិញ និង​អ្នកលក់ នៅ​មាន​សុពលភាព ពោល​គឺ​អ្នកទិញ​បាន​ចុះ​កិច្ចសន្យា​ទិញ​សម្រាប់​រយៈពេល​ពាក់កណ្ដាល​ដើមឆ្នាំ​នេះ​រួច​ហើយ » ។

លោក​បន្ត​ថា បច្ចុប្បន្ន មាន​និយោជក​មួយ​ចំនួន​ហាក់​រារែក​ក្នុង​ការ​បណ្ដាក់ទុន​បន្ថែម​ទៅ​លើ​ការ​ផលិត​នូវ​ផលិតផល​វាយនភ័ណ្ឌ​សម្រាប់​នាំ​ចេញ ។ ដូចនេះ​ហើយ ទើប​តាម​បណ្ដា​​រោងចក្រ​មួយ​ចំនួន​មិនសូវ​សម្បូរ​ការងារ​ឲ្យ​កម្មករ​ធ្វើ​បន្ថែម​ម៉ោង​ដូច​កាលពីមុន ។
ស្រប​ពេល​វិស័យ​កាត់ដេរ​សម្លៀក​បំពាក់ និង​ស្បែកជើង ដែល​ត្រូវ​បាន​ចាត់ទុកជា​វិស័យ​ស្នូល​មួយ​សម្រាប់​ទ្រទ្រង់​កំណើនសេដ្ឋកិច្ច​នោះ សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា និង​ក្រសួងពាណិជ្ជកម្ម បាន​ស្វះ​ស្វែងរក​ទីផ្សារ​បន្ថែម​ទៀត​សម្រាប់​នាំ​ចេញ​ផលិតផល​នេះ ក្នុង​នោះ​កម្ពុជា​បាន​មើលឃើញ​ទីផ្សារ​រួម​មាន ប្រទេស​រុ​ស្ស៊ី​, បេឡា​រុស​, កា​ហ្សា​ក់​ស្ថាន​, អា​មេ​នី និង​កៀ​ហ្ស៊ី​ស៊ី​ស្ថាន ជាដើម ។

គួរ​បញ្ជាក់​ថា តាម​របាយការណ៍​របស់​ធនាគារជាតិ​នៃ​កម្ពុជា ដែល​ចេញផ្សាយ​នា​ពេល​ថ្មី​ៗ​នេះ​បាន​បង្ហាញ​ថា ការ​នាំ​ចេញ​សម្លៀក​បំពាក់ របស់​កម្ពុជា ក្នុង​ឆ្នាំ​២០១៧​កន្លង​ទៅ​នេះ មាន​ទឹកប្រាក់​ជិត​៦​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ហើយ​ការ​នាំ​ចេញ​ស្បែកជើង​វិញ ក៏​មាន​ទឹកប្រាក់​ប្រមាណ​៧០០​លាន​ដុល្លារ​អា​មេ​រិ​ក​ផង​ដែរ​។ ដោយឡែក ចាប់តាំងពី​ឆ្នាំ​២០១១ រហូត​មក​ដល់​បច្ចុប្បន្ន ទីផ្សារ​ធំ​ៗ​សម្រាប់​ផលិតផល​វាយនភ័ណ្ឌ​របស់​កម្ពុជា រួម​មាន អឺរ៉ុប​មាន​ចំណែក​៤៦%, អា​មេ​រិ​ក​២៤%, ជប៉ុន​មាន​ប្រមាណ​១៦% និង​ទីផ្សារ​ធំ​ទី​៤ គឺ​ប្រទេស​កា​ណា​ដា មាន​ចំណែក​៩% ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ