ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាន់​ឆ័​រ ប្រកាស​បើក​កម្មវិធី​ប្រកួត​បាល់ទះ លើ​ឆ្នេរ​ខ្សាច់​២០១៨ ជា​ផ្លូវការ​

6 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ៖ កម្មវិធី Anchor International Beach Volleyball Carnival 2018 របស់​ស្រា​បៀរ​​អាន់​ឆ័​រ…

​រាជធានី​ភ្នំពេញ ៖ កម្មវិធី Anchor International Beach Volleyball Carnival 2018 របស់​ស្រា​បៀរ​​អាន់​ឆ័​រ បាន​ផ្ដើម​ជា​ផ្លូវការ​ហើយ ដែល​កម្មវិធី​ចាប់ផ្ដើម​ដំបូង​នៅ​ខេត្ត​កំពង់​ស្ពឺ ចាប់ពី​ថ្ងៃ​ទី​២៤ ដល់​ថ្ងៃ​ទី​២៥ ខែ​​​មីនា ឆ្នាំ ២០១៨​ខាង​មុខ​នេះ រួច​ហើយនឹង​បន្ត​ទៅ​កាន់​បណ្ដា​ខេត្ត​ក្រុង​ធំ​ៗ​ចំនួន ៦ ផ្សេង​ទៀត ។

​លោក Roland Bala នាយក​គ្រប់គ្រង​ទូទៅ​នៃ​ក្រុមហ៊ុនផលិតស្រាបៀរ​កម្ពុជា ( CBL ) ថ្លែង​នៅ​សន្និសីទ​សារព័ត៌មាន​ប្រកាស​ចាប់ផ្ដើម​ក្នុង​កម្មវិធី​ប្រកួត​បាល់ទះ​លើ​ឆ្នេរ​ខ្សាច់ កាលពី​រសៀល​ថ្ងៃ​ទី​២៧ កុម្ភៈ ២០១៨ នៅ​សណ្ឋាគារ កាំ​បូ​ឌី​យ៉ា​ណា បានឱ្យ​ដឹង​ថា ស្រា​បៀរ​អាន់​ឆ័​រ នឹង​រៀបចំ​ព្រឹត្តិការណ៍​កីឡាបាល់ទះ​លើ​ឆ្នេរ​ខ្សាច់​អន្តរជាតិ​ដំបូង​បង្អស់ ​គឺ FIVB World Tour 2 Star ដោយ​សហការ​ជាមួយនឹង​ស្ថាប័ន​ល្បីល្បាញ​ពីរ​ គឺ​សហព័ន្ធ​កីឡាបាល់ទះ​អន្តរជាតិ និង​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា នៃ​ក្រសួង​អប់រំ ​យុវជន និង​កីឡា ។ កីឡាបាល់ទះ​លើ​ឆ្នេរ​ខ្សាច់​បាន​ចូល​ទៅ​ក្នុង​កីឡា​អូ​ឡាំ​ពិ​ក នៅ​ឆ្នាំ​១៩៩៦ ស្រប​ពេល​ដែល​ស្រា​បៀរ​អាន់​ឆ័​រ បាន​ចូល​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា​ផង​ដែរ ។​

​លោក​បន្ត​ថា នៅ​ក្នុង​ប្រទេស​កម្ពុជា បាល់ទះ​លើ​ឆ្នេរ​ខ្សាច់​នៅ​តែ​ជា​កីឡា​ថ្មី​មួយ​ ប៉ុន្តែ​វា​កំពុង​​ទទួល​បានការ​ពេញ​និយម​នៅ​ក្នុង​បណ្ដា​ប្រទេស​ជា​ច្រើន ។ កីឡាករ​ដែល​នឹង​អាច​លេង​​សម្រាប់​វគ្គ​ផ្ដាច់ព្រ័ត្រ​ក្នុង​ក្របខ័ណ្ឌ FIVB World Tour ត្រូវ​សន្សំ​ពិន្ទុ​ ដើម្បី​ឈាន​ទៅ​ប្រកួត​យក​ជើងឯក​ពិភពលោក ។​

​លោក Roland Bala បញ្ជាក់​ថា កម្មវិធី Anchor International Beach Volleyball Carnival 2018 របស់​ស្រា​បៀរ​អាន់​ឆ័​រ ត្រូវ​បាន​រៀ​បំ​ឡើង​ក្នុង​គោលបំណង​អភិវឌ្ឍន៍​វិស័យ​បាល់ទះ​នៅ​កម្ពុជា និង​ជា​វេទិកា​មួយ​សម្រាប់​យុវវ័យ​ដែល​ស្រលាញ់​កីឡា​បាល់​ទះ​បញ្ចេញ​សមត្ថភាព​របស់​ខ្លួន ព្រមទាំង​ពង្រឹង​បច្ចេកទេស និង​បទ​ពិសោធន៍​ក្នុង​ការ​លេង​​បាល់ទះ ។ លើស​ពី​នេះ​ទៅ​ទៀត កម្មវិធី​ពិសេស​ក៏​មាន​គោលបំណង​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​​ស្រា​បៀរ​អាន់​ឆ័​រ មាន​អារម្មណ៍​ស្រស់ថ្លា ជាមួយ​តន្ត្រី​កន្ត្រាក់​អារម្មណ៍ ជា​ពិសេស យុវវ័យ​សម័យ​ថ្មី ទទួល​បាន​នូវ​បទ​ពិសោធន៍​ក្នុង​ការ​ស្ដាប់​តន្ត្រី​ពិ​រោះ​អស្ចារ្យ ។​

​គួរ​បញ្ជាក់​ថា កម្មវិធី Anchor International Beach Volleyball Carnival 2018 របស់​ស្រា​បៀរ​អាន់​ឆ័​រ បាន​ពង្រីក​ទៅ​កាន់​ខេត្ត​ក្រុង​ធំ​ចំនួន​៦ រួម​មាន​ខេត្តកំពង់ស្ពឺ ខេត្ត​ព្រះ​សីហ​នុ បន្ទាយ​មាន​ជ័យ សៀមរាប បាត់ដំបង កំពង់ចាម និង​រាជធានី​ភ្នំពេញ ។ ​ប៉ុន្តែ​ការ​ប្រកួត​កីឡាបាល់ទះ​លើ​ឆ្នេរ​ខ្សាច់​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ខេត្ត​ក្រុង​ចំនួន​តែ​៤​ប៉ុណ្ណោះ គឺ​ខេត្ត​ព្រះ​​សីហ​នុ ខេត្តសៀមរាប ខេត្តបាត់ដំបង និង​រាជធានី​ភ្នំពេញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ