ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំនឿ​លើ​ការ​រៀប​ពិធី​ក្រុង​ពលី​ថតកុន​ខានមិនបាន

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ពេល​ចាប់ផ្តើម​ដំណើរការ​ថត​ភាពយន្ត ម្តង​ៗ​បណ្តា​ផលិតកម្ម​នានា​មិន​​ភ្លេច​ទេ ​ធ្វើ​ពិធី​ក្រុង​ពលី ។ ពិធី​នោះ​គេ​នាំ​តួ​សម្តែង ក្រុមការងារ​ទៅ​សំពះ​បួងសួង​សុំ​សេច​ក្តីសុខ ដោយ​រៀប​គ្រឿង​រណ្តាប់​មាន​បាយសី​ជាដើម ។…

រាជធានី​ភ្នំពេញ ៖ ពេល​ចាប់ផ្តើម​ដំណើរការ​ថត​ភាពយន្ត ម្តង​ៗ​បណ្តា​ផលិតកម្ម​នានា​មិន​​ភ្លេច​ទេ ​ធ្វើ​ពិធី​ក្រុង​ពលី ។ ពិធី​នោះ​គេ​នាំ​តួ​សម្តែង ក្រុមការងារ​ទៅ​សំពះ​បួងសួង​សុំ​សេច​ក្តីសុខ ដោយ​រៀប​គ្រឿង​រណ្តាប់​មាន​បាយសី​ជាដើម ។

ទំនៀម​រៀបចំ​ពិធី​ក្រុង​ពលី​នេះ ​ជា​ពិធី​សំខាន់​មិន​អាច​ខ្វះ​បាន​ក្នុង​ផ្នត់គំនិត​តួ​សម្តែង ចាងហ្វាង​ផលិតកម្ម អ្នក​រួម​សហការ ព្រោះ​បើ​មិន​បាន​គោរព​តាម​លំ​អាន​នេះ​ទេ ពួក​គេ​ចិត្ត​មិន​ស្ងប់ ឬ​ខ្លាច​មាន​ឧបទ្ទវហេតុ​ណាមួយ​កើតឡើង ។

លោក​ហ៊ួ​រ សុផល ចាងហ្វាង​ផលិតកម្ម​ក្លា​ស៊ី​ក កាលពី​ពេល ថ្មី​ៗ​កន្លង​មក​លើក​ឡើង​ថា «​បណ្តា​ខ្សែភាពយន្ត​ក្រោម​ការ​ផលិត​របស់​លោក​ជា​ច្រើន​មក​ហើយ​ដែល​បាន​ចាប់​ផ្សាយ​នៅ​តាម​រោងកុន​ហើយ​សុទ្ធតែ​ឆ្លងកាត់​ការ​រៀបចំ​ពិធី​ក្រុង​ពលី​ត្រឹមត្រូវ​តាម​ជំនឿ​របស់​ខ្មែរ​យើង ។ ធ្វើ​នេះ​ដើម្បី​ឱ្យ​ពេល​ថត​សម្តែង​បាន​ដូច​ចិត្ត កុំឱ្យ​ខុស​ព្រោះ​រឿង​ខ្លះ​ថត​តាម​ខេត្ត ឆ្ងាយ​ៗ ក្នុង​ព្រៃ​ជាដើម​រមែង​មាន​បារមី​នៅ​ទីនោះ ។ កុំឱ្យ​ខុស​យើង​មាន​តែ​សុំ​សមាធិ​បួងសួង​យក​អ្វី​ដែល​ល្អ​ឱ្យ​បាន​សុខ​សប្បាយ ។ ណាមួយ​ទៀត​រឿង​ខ្លះ​ថត​មាន​ជា​តួ​ខ្មោច​រឹតតែ​ធ្វើ​ឱ្យ​យើង​មានការ​ប្រុង​ប្រយ័ត្ន​ឱ្យ​តួអង្គ​នោះ​ត្រូវ​តែ​មក​បួងសួង​ថ្ងៃ​ក្រុង​ពលី​កុំបី​ខាន នោះ​ទើប​ស្ងប់ចិត្ត​» ។

ដោយឡែក​អ្នកដឹកនាំ​រឿង និង​ជា​ចាងហ្វាង​ផលិតកម្ម​FCI លោក​គាំ ច​ន្ឋី​បាន​ថ្លែង​ថា ជា​ទម្លាប់​ចាំបាច់​ណាស់​ត្រូវ​តែ​មាន​រៀបចំ ឬ​ប្រារព្ធ​ពិធី​ក្រុង​ពលី​ដ៏​មាន​សារសំខាន់​នេះ ។ បើ​ថត​ភាពយន្ត​មិន​បាន​រៀបចំ​ក្រុង​ពលី​ទេ គឺ​ហាក់ដូចជា​ធ្វើ​ឱ្យ​យើង​នៅ​មិន​សុខ ។ ជា​ធម្មតា​បារមី​គឺ​អាច​មាន​មែន ជា​ពិសេស​ការ​ថតកុន​មាន​គ្រប់​រូបភាព មាន​ទាំង​ការ​ថត​ជា​តួ​ខ្មោច​ការ​ថត​ឈុត​ឆាក​វាយតប់ កាប់​ចាក់ និង​ខ្លះ​ទៀត​ថត​ដល់​ខេត្ត​ឆ្ងាយ​កាត់​វាល​កាត់​ព្រៃ​បើ​មិន​អុជ​ធូប​សុំ​គេ​ទេ​នោះ​មិន​បាន​ឡើយ ។

បើ​ទោះជា​ត្រូវ​ចំណាយ​ប្រាក់​រៀប​សែន​ពលី តែ​លោក​គាំ ច​ន្ធី ថ្លែង​ថា «​គឺ​ដាច់ខាត​ខ្ញុំ​សុខ​ចិត្ត​ចំណាយ បើ​គ្រាន់តែ​រឿង​សុំ​សេចក្តីសុខ​នេះ ។ ម្ល៉ោះហើយ​ទោះ​តួ​រវល់ ឬ​ទៅ​ដល់​ណា​​ក៏​ដោយ​ខ្ញុំ​ដាច់ខាត​ត្រូវ​តែ​ប្រមូល​ឱ្យ​គ្រប់​គ្នា​មក​សំពះ​អុជ​ធូប​ថ្ងៃ​ក្រុង​ពលី​នេះ »​។

លោក​អ៊ី​ន សុ​ភិន ចាងហ្វាង​ផលិតកម្ម​មហាហង្ស​ថ្លែង​ថា «​ការ​ប្រារព្ធ​ពិធី​ក្រុង​ពលី​ក្នុង​វិស័យ​កុន​ខ្មែរ​នេះ​បាន​ចាក់​ដោត​ក្នុង​ជំនឿ​ពុ​ទ្ឋ​បរិស័ទ​យើង​ខ្លាំង​ណាស់ មិន​ថា​តែ​ការ​ថតកុន​នោះ​ទេ សូ​ម្បី​តែ​ការ​សាងសង់​ផ្ទះ ឬ​ការ​សាង​អគារ​តូច​ធំ រូបសំណាក​អ្វី ក៏​ត្រូវ​ចាំបាច់​រៀបចំ​ពិធីសែនព្រេន​បួងសួង​សុំ​សេចក្តីសុខ​ថ្វាយ​ដល់​វត្ថុ​សក្តិ​សិទ្ធិ​លើ​លោក​ដើម្បី​ងាក​ក្រោយ​ជូនពរ​ជ័យ​ឲ្យ​កម្មវិធី​ប្រព្រឹត្ត​ដោយ​ជោគជ័យ​កុំបី​ជួប​រឿង​អ្វី​មិនល្អ ។ ដូចនេះ​ទោះជា​រវល់​បែប​ណា​គឺ​ខ្ញុំ​មិន​រំលង​កម្មវិធី​សំពះ​ក្រុង​ពលី​របស់​ខ្មែរ​យើង​នេះ​ទេ​»។

អ្នក​នាង​សុខ សោ​ម៉ា​វ​ត្តី ដែល​ជា​តួអង្គ​ក្នុង​រឿង​ជា​ច្រើន​និយាយ​ថា «​ទោះ​នាង​ខ្ញុំ​រវល់​បែប​ណា​ក្តី​ត្រូវ​តែ​ចូលរួម​ពិធី​ក្រុង​ពលី ។ នាង​ខ្ញុំ​មាន​ភាព​ហត់នឿយ​ការងារ ក៏​ដាច់ខាត​ត្រូវ​តែ​មក​ចូលរួម​សំពះ​ដឹងគុណ​ស្មឹង​ស្មាធិ៍​សុំ​សេចក្តីសុខ​ដល់​បារមី​នានា ក្នុង​ន័យ​ថត​សម្តែង​ទៅ​ជួប​ប្រទះ​តែ​រឿង ល្អ​ៗ ព្រោះ​រឿង​ខ្លះ​ថត​មាន​ទាំង​តួ​ខ្មោច បើ​មិន​សុំ​គេ​ទេ​គឺ​មិនល្អ​ឡើយ » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ