ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ដាក់គុក២ឆ្នាំមកហើយ ទម្រាំរកឃាតករពិតឃើញ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ឃាតកម្ម​មួយ​ដែល​កើតឡើង​កាលពី​ចុងឆ្នាំ​២០១៥ ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​សាកសព នៅ​សល់​តែ​គ្រោងឆ្អឹង​និង​សម្លៀក​បំពាក់ នៅ​ចំណុច​ក្នុង​ព្រៃ​ឫស្សី​ចម្ងាយ​ពី​ផ្លូវលំ​ប្រហែល​១៥០​ម៉ែត្រ ស្ថិត​ក្នុងភូមិ​តា​ឡឹ​ក ឃុំ​ត្រពាំង​វែង ស្រុក​កណ្តាលស្ទឹង កាលពី​ថ្ងៃ​ទី​៣១…

រាជធានី​ភ្នំពេញ ៖ ឃាតកម្ម​មួយ​ដែល​កើតឡើង​កាលពី​ចុងឆ្នាំ​២០១៥ ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​សាកសព នៅ​សល់​តែ​គ្រោងឆ្អឹង​និង​សម្លៀក​បំពាក់ នៅ​ចំណុច​ក្នុង​ព្រៃ​ឫស្សី​ចម្ងាយ​ពី​ផ្លូវលំ​ប្រហែល​១៥០​ម៉ែត្រ ស្ថិត​ក្នុងភូមិ​តា​ឡឹ​ក ឃុំ​ត្រពាំង​វែង ស្រុក​កណ្តាលស្ទឹង កាលពី​ថ្ងៃ​ទី​៣១ ខែមករា ឆ្នាំ​២០១៦ វេលា​ម៉ោង​១១​និង​១៥​នាទី ។ ចំណែក​ជនសង្ស័យ​ម្នាក់​ឈ្មោះ ប៉ាត់ តុល ក៏​ត្រូវ​ចាប់​ដាក់​ពន្ធនាគារ​ភ្លាម​ៗ​ពី​ពេល​នោះ​​មក​ដែរ ដោយ​សមត្ថកិច្ច​ប៉ូលិស ។ រហូត​ដល់​ថ្ងៃ​ទី​១៤ កុម្ភៈ​កន្លង​ទៅ​នេះ កងរាជអាវុធហត្ថ​ខេត្ត​កណ្តាល សហការ​ជាមួយ​អាវុធហត្ថ​ខេត្តបន្ទាយមានជ័យ និង​ខេត្តតាកែវ ដឹកនាំ​ដោយ​មន្ត្រី​ជំនាញ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បាន​បំបែកសំណុំរឿង​ករណី​ឃាតកម្ម​នៅ​ស្រុក​កណ្តាលស្ទឹង បន្ទាប់​ពី​ធ្វើការ​សុ​ើ​ប​អង្កេត​ស្រាវជ្រាវ​អស់​រយៈពេល​ជាង​២​ឆ្នាំ​មក​នោះ ។

មន្ត្រីជាន់ខ្ពស់​កងរាជអាវុធហត្ថ​ខេត្ត​បាន​ប្រាប់​ឱ្យ​ដឹង​ថា ករណី​នេះ​សមត្ថកិច្ច​ជំនាញ​ធ្វើការ​ត្រួតពិនិត្យ​សាកសព​ធ្វើ​កោសល្យវិច័យ​ដោយ​មានការ​ចូលរួម​ពី​អាជ្ញាធរ​មូលដ្ឋាន​ពាក់ព័ន្ធ តាម​ការ​ពិនិត្យ​កន្លែង​កើតហេតុ និង​ស្រាវជ្រាវ​តាម​ការ​អះអាង​បញ្ជាក់​ពី​ឈ្មោះ ជុច សេង (​ឪពុក​ជន​រង​គ្រោះ​) រស់នៅ​ភូមិ​កុក​ទឹល ឃុំ​ត្បែង ស្រុក​កណ្តាលស្ទឹង យើង​ធ្វើការ​សន្និដ្ឋាន​ថា ជា​ករណី​ឃាតកម្ម (​ប្លន់​សម្លាប់​យក​ម៉ូតូ​) ។ សព​ជន​រង​គ្រោះ​មានឈ្មោះ សេង ប៊ុ​ន​លី ភេទ​ប្រុស អាយុ​២២​ឆ្នាំ រស់នៅ​ក្នុង​បន្ទុក ដោយ សំអាង​លើ​សម្លៀក​បំពាក់​និង​ខ្សែក្រវាត់ ហើយ​គាត់​ជា​ឪពុក​សព​បាត់​កូន​ឈ្មោះ សេង ប៊ុ​ន​លី តាំងពី​ថ្ងៃ​អុំទូក​២០១៥​មក​ម្ល៉េះ ។
ករណី​នេះ​ដែរ​លោក សំ តុលា មេបញ្ជាការ អាវុធហត្ថ​ខេត្តកណ្តាល បាន​ដឹកនាំ​បញ្ជា​ផ្ទាល់ និង​ចុះ​អង្កេត​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់​បំផុត​ដោយ​លោក​វរសេនីយ៍ឯក ទូច អី​ុ​ណា​ន មេបញ្ជាការ​រង​ទទួល​ផែន​យុត្តិធម៌ រហូត​ឈាន​ដល់​ការ​កំណត់​មុខសញ្ញា​ជនសង្ស័យ​បាន​មួយ​ចំនួន ។ ក្រោម​បញ្ជា​និង​ការ​យកចិត្តទុក​ដាក់​របស់​លោក​មេបញ្ជាការ កម្លាំង​ជំនាញ​អាវុធហត្ថ ខេត្តកណ្តាល និង​ស្រុក​កណ្តាលស្ទឹង បាន​ពុះពារ​ស្វែងរក​មុខសញ្ញា​ជនសង្ស័យ រហូត​បាន​ស្នើ​សុំ​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​ពី​លោក​ព្រះរាជអាជ្ញា ដើម្បី​ស្វែងរក​ជនសង្ស័យ​ឈ្មោះ យឺន ចន្ទី ហៅ​ទី ហៅ​រ៉ា ព្រមទាំង​បាន​ជូនដំណឹង​ផ្សព្វផ្សាយ​ដីកា និង​រូបថត​ឈ្មោះ យឺន ចន្ទី ទៅ​គ្រប់​អង្គភាព​កងរាជអាវុធហត្ថ​ថែម​ទៀត​ផង ។ ប៉ុន្តែ​ក្នុង​ដំណាក់​ការ​អនុវត្តន៍​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​នេះ កម្លាំង​ជំនាញ​រក​ពុំ​ឃើញ​ឈ្មោះ យឺន ចន្ទី ឡើយ​ដោយ​គេ​បាន​គេចខ្លួន​ពី​មូលដ្ឋាន ទៅ​រស់នៅ​សម្ងំ​លាក់ខ្លួន​កន្លែង​ផ្សេង ។

លុះ​មក​ដល់​ថ្ងៃ​ទី​១៤ កុម្ភៈ ឆ្នាំ​២០១៨ ឈ្មោះ យឺន ចន្ទី ហៅ ទី ដែល​បាន​រត់គេច​មក​លាក់ខ្លួន​នៅ​ភូមិ​បា​លិ​លេ​យ្យ​១ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ត្រូវ​បាន​កម្លាំង​អាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត ចាប់​ឃាត់ខ្លួន ពាក់ព័ន្ធ​ករណី​ហិង្សា​ដោយ​ចេតនា (​ជាក់ស្តែង​) និង​ដោយ​បាន​ពិនិត្យ​ផ្ទៀងផ្ទាត់​អត្តសញ្ញាណ ភិនភាគ តាម​ដីកា​ជាមួយ​រូបថត​ដែល​អាវុធហត្ថ​ខេត្តកណ្តាល បាន​ផ្សព្វផ្សាយ​ជូនដំណឹង​កាលពី​ឆ្នាំ​២០១៦ ។ កម្លាំង​ជំនាញ​អាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​បាន​សួរនាំ យឺន ចន្ទី តើ​ខ្លួន​មាន​ពាក់ព័ន្ធ​ករណី​ឃាតកម្ម​លើ​ឈ្មោះ សេង ប៊ុ​ន​លី កាលពី​ចុងឆ្នាំ​២០១៥​ដែរ​ទេ ?

ជនល្មើស​រូប​នោះ​បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​ជាមួយ​បក្សពួក​ម្នាក់​ទៀត​ឈ្មោះ ឆាយ ផា​រុត ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​អ្នក​រៀបចំ​ឆាក​ប្រគំ​តន្ត្រី​ភ្លេង​អក​កា​ដង់ នៅ​ស្រុក​បាទី​ខេត្តតាកែវ ធ្វើ​សកម្មភាព​ជាមួយ​គ្នា​សម្លាប់​ប្លន់​យក​ម៉ូតូ​ឈ្មោះ សេង ប៊ុ​ន​លី កាលពី​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៥ វេលា​ម៉ោង​ជិត​៦​ល្ងាច នៅ​ចំណុច​ក្នុង​ព្រៃ​ឫស្សី ក្នុងស្រុក​កណ្តាលស្ទឹង​ពិតប្រាកដ​មែន ។
ដោយ​មានការ​សម្របសម្រួល​ពី​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកណ្តាល ខេត្តបន្ទាយមានជ័យ ជំនាញ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​លោក​ចៅក្រម​សុ​ើ​ប​សួរ​ខេត្តកណ្តាល ទើប​ជំនាញ​កងរាជអាវុធហត្ថ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ យឺន ចន្ទី មាន​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​លេខ​១៣១ ដក​.​ប​ច​ខ ចុះ​ថ្ងៃ​ទី​២៤ មីនា ២០១៦ របស់​ចៅក្រម​សុ​ើ​ប​សួរ​សាលាដំបូង​ខេត្តកណ្តាល ។

ជា​បន្ត​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តកណ្តាល​បាន​សុំ​គោលការណ៍ និង​ការ​អនុញ្ញាត​ពី​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកណ្តាល​យក​ជនសង្ស័យ​ឈ្មោះ យឺន ចន្ទី ពី​ខេត្តបន្ទាយមានជ័យ​មក​ឃុំខ្លួន​នៅ​ពន្ធនាគារ​ខេត្តកណ្តាល (​តាម​ដីកា​) និង​ស្នើ​សុំ​ពន្លាត​សមត្ថកិច្ច​ដែនដី ដោយ​មានការ​សម្របសម្រួល​ពី​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកណ្តាល ខេត្តតាកែវ នៅ​វេលា​ម៉ោង​១១​ថ្ងៃ​ទី​១៦ ខែកុម្ភៈ ឆ្នាំ​២០១៨ កម្លាំង​អាវុធហត្ថ​ខេត្តកណ្តាល ខេត្តតាកែវ សហការ​គ្នា​ហៅ​ឈ្មោះ ឆាយ ផា​រុត យក​មក​សាកសួរ​នៅ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ។នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ឈ្មោះ ឆាយ ផា​រុត បាន​ឆ្លើយ​សារភាព​មាន​ភាព​ស៊ីសង្វាក់​ដូច​គ្នា​ទៅ​នឹង​ចម្លើយ​ឈ្មោះ យឺន ចន្ទី ។

គួរ​បញ្ជាក់​ថា ក្នុង​ការ​ស្រាវជ្រាវ​ក្រោយ​ពេល​ប្រទះ​ឃើញ​សាកសព សមត្ថកិច្ច​បាន​ចាប់ខ្លួន​ឈ្មោះ ប៉ាត់ តុល រស់នៅ​ភូមិ​-​ឃុំ​ជាមួយ​គ្នា យក​ទៅ​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​ខេត្តកណ្តាល​តាំងពី​ឆ្នាំ​២០១៦ រហូត​មក​ដល់​ថ្ងៃនេះ​សង្ស័យ​ជាប់​ពាក់​ពាក់ព័ន្ធ​ករណី​ខាងលើ ទម្រាំ​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ឃាត់ខ្លួន​ឃាតករ​ពិតជា​បន្តបន្ទាប់​ក្នុង​ស​ប្តា​ហ៍​កន្លង​នេះ ។ នៅ​ចំពោះ​មុខ​ជំនាញ​កង​រាជ​អាវុធ​ខេត្តកណ្តាល​ឈ្មោះ ឆាយ ផា​រុត ឆ្លើយ​សារភាព​ថា ខ្លួន​ប្រើប្រាស់​ថ្នាំ​ញៀន និង​ការ​ធ្វើតេស្ត​ទឹម​នោម​រក​សារធាតុ​ញៀន ជា​លទ្ធផល​បញ្ជាក់​ថា ឈ្មោះ​ឆាយ ផា​រុត ពិតជា​មាន​សារធាតុ​ញៀន​មែន ។

ដោយឡែក ឈ្មោះ ប៉ាត់ តុល ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កម្មករ​សំណង់ បច្ចុប្បន្ន​ឃុំខ្លួន​បណ្តោះអាសន្ន​ក្នុង​ពន្ធនាគារ​ខេត្តកណ្តាល​២​ឆ្នាំ​កន្លង ពុំ​បាន​ចូលរួម​ធ្វើ​សកម្មភាព​ក្នុង​អំពើ​ឃាតកម្ម​ខាងលើ​នោះ​ទេ ។ នេះ​បើ​យោង​តាម​ចម្លើយ​សារភាព​របស់​ឃាតករ​ពិតប្រាកដ​គឺ​ឈ្មោះ យឺន ចន្ទី និង​ឈ្មោះ ឆាយ ផា​រុត និង​ការ​សុ​ើ​ប​អង្កេត​ស្រាវជ្រាវ​ដោយ​យកចិត្តទុកដាក់​របស់​កម្លាំង​ជំនាញ កងរាជអាវុធហត្ថ ។ ជន​សង្ស័យ​​ជា​ឃាតករ​ពិត​ឈ្មោះ យឺន ចន្ទី និង​ឈ្មោះ ឆាយ ផា​រុត ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​កងរាជអាវុធហត្ថ​ខេត្តកណ្តាល​បញ្ជូន​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ខេត្តកណ្តាល​ហើយ ។ ចំណែក​ឈ្មោះ ប៉ាត់ តុល ដែល​ត្រូវ​ចាប់​ដាក់គុក​ដោយ​ច្រឡំ ឬ​ដោយ​សង្ស័យ​តាំង​តែ​ពី​ដើមឆ្នាំ​២០១៦​មក​នោះ​នៅ​បន្ត​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​ខេត្ត​កណ្តាល​នៅឡើយ​រង់ចាំ​ការ​សម្រេច​ជា​ថ្មី​របស់​តុលាការ​ខេត្តកណ្តាល ។ ក្រុម​អ្នក​មាត់ដាច​ដឹង​រឿង​នេះ​និយាយ​ចំអក​ថា «​សូវ​ចាប់​ច្រឡំ កុំឱ្យ​គេ​ថា​មិន​ចាប់​» ៕​​

អត្ថបទសរសេរ ដោយ