ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិនិយោគិន​17​ប្រទេសកំពុង​បណ្ដាក់ទុន​វិ​និយោគ​នៅ​ខេត្តព្រះ​សីហ​នុ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ខេត្ត​ព្រះ​សីហ​នុ​នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ មិន​ត្រឹមតែ​ជា​ខេត្ត​គោល​ដៅ​ទេសចរណ៍​ដ៏​សំខាន់​ប៉ុណ្ណោះ​ទេ ក៏​ប៉ុន្តែ​ខេត្ត​នេះ​ក៏​បាន​ក្លាយជា​គោលដៅ​វិនិយោគ​ដ៏​សំខាន់​មួយ​ផង​ដែរ ។ ជាក់ស្ដែង បើ​តាម​តួលេខ​របស់​រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ បាន​បង្ហាញ​​ថា បច្ចុប្បន្ន​នេះ…

រាជធានី​ភ្នំពេញ ៖ ខេត្ត​ព្រះ​សីហ​នុ​នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ មិន​ត្រឹមតែ​ជា​ខេត្ត​គោល​ដៅ​ទេសចរណ៍​ដ៏​សំខាន់​ប៉ុណ្ណោះ​ទេ ក៏​ប៉ុន្តែ​ខេត្ត​នេះ​ក៏​បាន​ក្លាយជា​គោលដៅ​វិនិយោគ​ដ៏​សំខាន់​មួយ​ផង​ដែរ ។ ជាក់ស្ដែង បើ​តាម​តួលេខ​របស់​រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ បាន​បង្ហាញ​​ថា បច្ចុប្បន្ន​នេះ នៅ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ មាន​វិនិយោគិន​មក​ពី​១៧​ប្រទេស​កំពុង​វិនិយោគ ដែល​មាន​ក្រុមហ៊ុន​សរុប​ចំនួន​១២៦​ក្រុមហ៊ុន ក្នុង​នោះ​វិនិយោគិន​ចិន​បាន​ឈរ​លំដាប់​ទី​២ បន្ទាប់​ពី​វិនិយោគិន​ក្នុងស្រុក ។

តាម​របាយការណ៍​ដដែល​នេះ​បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​ទាំង​១២៦​ដែល​បាន​និង​កំពុង​វិនិ​យោគ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ រួម​មាន ក្រុមហ៊ុន​ក្នុងស្រុក​ចំនួន​៤៣, ចិន​មាន​៣២​ក្រុមហ៊ុន និង​មាន​ទុន​វិនិយោគ​១.០៩៦​លាន​ដុល្លារ​អា​មេ​រិ​ក​, ក្រុមហ៊ុន​បារាំង​ចំនួន​៧ មាន​ទុន​សរុប​២៧៩​លាន​ដុល្លារ​អា​មេ​រិ​ក និង​ក្រៅពី​នោះ មាន​មក​ពី​ប្រទេស​សិង្ហ​បុរី​, ថៃ​, វៀតណាម​, អូស្ត្រាលី​, រុ​ស្ស៊ី​, អង់គ្លេស​, ឥណ្ឌា​, កា​ណា​ដា​, កូរ៉េ​ខាងជើង​, កូរ៉េ​ខាងត្បូង និង​មាន​ប្រទេស​មួយ​ចំនួន​ទៀត​ដែល​មាន​ទុន​តិចតួច​កំពុង​វិនិយោគ​នៅ​ខេត្ត​មាន​សក្ដានុពល​មួយ​នេះ ។

លោក យន្ត មីន អភិបាលខេត្ត​ព្រះ​សីហ​នុ បាន​ឲ្យ​ដឹង​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា ដោយសារ​តែ​មានការ​ធានា​បាន​នូវ​ស្ថិរភាព​នយោបាយ សន្តិសុខ និង​ស្ថិរភាព​សេដ្ឋកិច្ច​របស់​កម្ពុជា ទើប​វិនិយោគិន​ទាំង​ក្នុង និង​ក្រៅប្រទេស​បាន​បន្ត​មក​វិនិយោគ​នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ​ក្នុង​នោះ​ដែរ ខេត្ត​ព្រះ​សីហ​នុ ក៏​ជា​គោលដៅ​វិនិយោគ​មួយ​របស់​ចិន​ផង​ដែរ ។
លោក​ថា ៖« ខេត្ត​ព្រះ​សីហ​នុ មិន​ត្រឹមតែ​ជា​គោលដៅ​ទេសចរណ៍​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​ជា​គោលដៅ​វិនិយោគ​ដ៏​សំខាន់​របស់​វិនិយោគិន​នានា​ក្នុង​ការ​បណ្ដាក់ទុន​នៅ​ក្នុង​ខេត្ត​មួយ​នេះ » ។

លោក​បន្ត​ថា ការ​បណ្ដាក់ទុន​វិនិយោគ​ពី​សំណាក់​វិនិយោគិន​ទាំង​ក្នុង និង​ក្រៅប្រទេស នៅ​ទឹកដី​ខេត្ត​ព្រះ​សីហ​នុ វា​បាន​ផ្ដល់​ប្រយោជន៍​ជា​ច្រើន​ដល់​ពលរដ្ឋ និង​រាជរដ្ឋាភិបាល​កម្ពុជា ដូច​ជា ឱកាស​ការងារ​យ៉ាងច្រើន​ត្រូវ​បាន​ផ្ដល់​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ទាំង​ក្នុង​ខេត្ត​នេះ​ផ្ទាល់ ក៏​ដូច​ជា​បងប្អូន​ប្រជាពលរដ្ឋ​មក​ពី​បណ្ដា​ខេត្ត​នានា​ទូ​ទាំង​ប្រទេស​កម្ពុជា​ផង​ដែរ ។

លោក​បន្ថែម​ថា ទន្ទឹម​នឹង​មានការ​បណ្ដាក់ទុន​វិនិយោគ​ជា​បន្តបន្ទាប់​នៅ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ​នេះ​ដែរ រដ្ឋបាល​ខេត្ត​ទាំងមូល​ក៏​បាន​សម្រួល​ដល់​ការ​វិនិយោគ​ទាំងនោះ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​។ ជាក់ស្ដែង រក្សា​សន្តិសុខ​សុវត្ថិភាព សណ្ដាប់ធ្នាប់ និង​ប្រភព​ធនធាន​នានា​ជាដើម ។

គួរ​បញ្ជាក់​ថា តាម​របាយការណ៍​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) ឃើញ​ថា CDC បាន​បន្ត​ផ្ដល់​វិញ្ញាបនបត្រ​ចុះបញ្ជី​ជូន​ក្រុមហ៊ុន​ជា​បន្តបន្ទាប់ ដែល​មាន​បំណង​វិនិយោគ​នៅ​កម្ពុជា ក្នុង​នោះ​ខេត្ត​ព្រះ​សីហ​នុ ក៏​ឃើញ​មាន​ក្រុមហ៊ុន​ជា​ច្រើន​ទៀត​ដែរ​បាន​ស្នើ​សុំ​វិនិយោគ ហើយ CDC ក៏​បាន​ប្រកាស​ផ្ដល់​វិញ្ញាបនបត្រ​ជូន​ក្រុមហ៊ុន​ទាំងនោះ​ដើម្បី​ដំណើរការ​វិនិយោគ​របស់​ខ្លួន ដែល​ភាគច្រើន​នៃ​ការ​វិនិយោគ​ទាំងនោះ គឺ​ទៅ​លើ​វិស័យ​ឧស្សាហកម្ម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ