ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទី​ផ្សារ​សំខាន់​នៃ​ផ្លែស្វាយ​កម្ពុជា និង​ជួយ​លើកកម្ពស់​គុណ​តម្លៃ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​កម្ពុជា​មាន​ឡ​ចំហាយ​ទឹក​ក្តៅ​សម្រាប់​កម្ចាត់​សត្វល្អិត ​ឬ​បាក់​តេរី​​ដែល​ជាប់​ផ្លែស្វាយ កម្ពុជា​រំពឹង​ថា ចិន​ជាទី​ផ្សារ​គោលដៅ​សំខាន់​បំផុត​សម្រាប់​នាំ​ចេញ ក៏​ដូច​ជា​ជួយ​លើកតម្កើង​គុណ​តម្លៃ​នៃ​ផ្លែស្វាយ​របស់​កម្ពុជា ។ រោងចក្រ​នេះ ត្រូវ​បាន​បើក​ការដ្ឋាន​សាងសង់​ហើយ​ដែល​មា​នទី​តាំងនៅ​ខេត្តកំពង់ស្ពឺ…

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​កម្ពុជា​មាន​ឡ​ចំហាយ​ទឹក​ក្តៅ​សម្រាប់​កម្ចាត់​សត្វល្អិត ​ឬ​បាក់​តេរី​​ដែល​ជាប់​ផ្លែស្វាយ កម្ពុជា​រំពឹង​ថា ចិន​ជាទី​ផ្សារ​គោលដៅ​សំខាន់​បំផុត​សម្រាប់​នាំ​ចេញ ក៏​ដូច​ជា​ជួយ​លើកតម្កើង​គុណ​តម្លៃ​នៃ​ផ្លែស្វាយ​របស់​កម្ពុជា ។

រោងចក្រ​នេះ ត្រូវ​បាន​បើក​ការដ្ឋាន​សាងសង់​ហើយ​ដែល​មា​នទី​តាំងនៅ​ខេត្តកំពង់ស្ពឺ និង​គ្រោង​ដាក់​ឲ្យ​ដំណើរការ​ឆាប់​ៗ​នេះ ។

លោក អ៊ិ​ន ឆៃ​វ៉ា​ន ប្រធាន​សមាគម​ស្វាយ​កំពង់ស្ពឺ បានឱ្យ​ដឹង​ថា នៅ​ពេល​កម្ពុជា​មាន​រោងចក្រ​ឡ​ចំហាយ​ទឹក​ក្តៅ​សម្រាប់​កម្ចាត់​សត្វល្អិត ឬ​ពងរុយ​ជាប់​នៅ​លើ​ផ្លែស្វាយ​បាន​ហើយ​នោះ រាល់​ការ​នាំ​ចេញ​ទៅ​ទីផ្សារ​អន្តរជាតិ វា​នឹង​ជួយ​លើកកម្ពស់​តម្លៃ​ស្វាយ​កម្ពុជា​បាន​មួយ​កម្រិត ។

លោក​ថ្លែង​ថា ៖« ចិន​ជាទី​ផ្សារ​អាច​ជួយ​លើក​តម្លៃ​ផ្លែស្វាយ​កម្ពុជា​ពិតប្រាកដ​ក្នុង​ចំណោម​​ទីផ្សារ​ដទៃ ដូច​ជា ថៃ វៀតណាម និង​កូរ៉េ​ជាដើម ។ អីចឹង ក្នុង​នាម​សមាគម ខ្ញុំ​សំណូមពរ​ដល់​ប្រមុខ​ថ្នាក់ដឹកនាំ និង​ក្រសួង​ជំនាញ មេត្តា​យកចិត្តទុកដាក់​លើ​ផ្នែក​ភូតគាម​អនាម័យ ដើម្បី​ក្លាយជា​ផ្លែស្វាយ​ស្របច្បាប់​១០០% សម្រាប់​នាំ​ចេញ​ទៅ​ទីផ្សារ​អន្តរជាតិ » ។

បើ​តាម​អគ្គនាយក​កសិកម្ម នៃ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ មាន​ប្រសាសន៍​ថា នៅ​ពេល​កម្ពុជា​មាន​ឡ​ចំហាយ​ទឹក​ក្តៅ​អាច​ដំណើរការ​បាន​នោះ តម្លៃ​ផ្លែស្វាយ និង​ផលិតកម្ម​ស្វាយ​កម្ពុជា នឹង​រីក​ចម្រើន​បន្ថែម​ទៀត ហើយ​ផ្អែក​លើ​រោងចក្រ​ឡ​ចំហាយ​ទឹក​ក្តៅ​នេះ ក៏​អាច​នឹង​ប្រហែល​នាំ​ចេញ​ទៅ​បាន​ផង​ដែរ ដោយសារ ឡ​ចំហាយ​ទឹក​ក្តៅ​នេះ ជា​វិធានការ​មួយ​ដែល​អន្តរជាតិ​ទទួលស្គាល់ ។

លោក​បណ្ឌិត ហ៊ាន វណ្ណ​ហន ថ្លែង​ថា ៖«​នៅ​ពេល​រោងចក្រ​ប្រើ​ឡ​ចំហាយ​ទឹក​ក្តៅ នៅ​ខេត្តកំពង់ស្ពឺ​កើតឡើង សង្ឃឹមថា តម្លៃ​ផ្លែស្វាយ​របស់​ប្រជា​កសិករ និង​ផលិតកម្ម​ស្វាយ​កម្ពុជា ក៏​នឹង​រីក​ចម្រើន​ជាង​មុន ។ ពេល​ធ្វើ​ឡ​ចំហាយ​ទឹក​ក្តៅ​នេះ​សាងសង់​រួច​ហើយ ម្ចាស់​ក្រុមហ៊ុន​ត្រូវ​សហការ​ជាមួយ​អគ្គនាយកដ្ឋាន​កសិកម្ម​ដើម្បី​ធ្វើការ​ពិសោធន៍ យើង​នឹង​អញ្ជើញ​ភាគី​ប្រទេស​កូរ៉េ​មក​ពិនិត្យ​វាយតម្លៃ​ពី​ប្រសិទ្ធភាព ដើម្បី​អាច​នាំ​ចេញ​ទៅ​ប្រទេស​នេះ ហើយ​ចំពោះ​ប្រទេស​ចិន​ក៏​មិន​ខុស​គ្នា​ដែរ ព្រោះ​ឡ​ចំហាយ​ទឹក​ក្តៅ​នេះ ជា​វិធានការ​មួយ​ដែល​អន្តរជាតិ​គេ​ទទួលស្គាល់ ។ អីចឹង វា​មិន​ពិបាក​ទេ ឱ្យ​តែ​យើង​មាន​ឡ​ចំហាយ​ទឹក​ក្តៅ​នេះ​ហើយ » ។

តាម​ប្រធាន​សមាគម​ស្វាយ​កំពង់ស្ពឺ កាលពី​ឆ្នាំ​២០១៦ ប្រទេស​ជិតខាង​មិន​អនុញ្ញាត​ឱ្យ​កម្ពុជា​នាំ​ចូល​ផ្លែស្វាយ​ទៅ​កាន់​ប្រទេស​គេ​ទេ ធ្វើ​ឱ្យ​ផ្លែស្វាយ​កម្ពុជា​ប្រឈម​បញ្ហា ដោយ​សារ​កម្ពុជា​ពុំ​ទាន់​ទទួល​បាន​ភាព​ស្របច្បាប់​នៃ​ការ​នាំ​ចេញ​ផ្លែស្វាយ​ទៅ​ប្រទេស​ទាំង​នោះ ជា​ពិសេស​ប្រទេស​ចិន ។

កាលពី​ឆ្នាំ​២០១៦-២០១៧ សម្រាប់​តែ​ខេត្តកំពង់ស្ពឺ អាច​ផលិត​ស្វាយ​បាន​ជិត​កន្លះ​លាន​តោន ប៉ុន្តែ​នាំ​ចេញ​តាម​រយៈ​សមាគម​បាន​ប្រមាណ​តែ​១​ម៉ឺន​តោន​ទៅ​កាន់​ទីផ្សារ​ថៃ វៀត​ណាម និង​ចិន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ