រាជធានីភ្នំពេញ ៖ តារាសម្តែងមុខស្រស់ សាច់សខ្ចីនាងគង់ ច័ន្ទស្រីមុំ នឹងបង្ហាញវត្តមានជាថ្មីក្នុងខ្សែភាពយន្តភាគ ដែលថតដោយស្ថានីយទូរទស្សន៍បាយ័ននៅក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ ។ការបង្ហាញវត្តមានក្នុងខ្សែភាពយន្តថ្មីរបស់នាងនាពេលនេះ គឺក្រោយពេលដែលនាងទើបតែបានបញ្ចប់ការសម្តែងខ្សែភាពយន្តរឿងវិញ្ញាណបិសាចជញ្ជក់ឈាមរបស់់ផលិតកម្មសាន់ដេ ដែលមានការគាំទ្រច្រើនពីសំណាក់ទស្សនិកជនក្នុងពេលថ្មីៗនេះ ។
តារាសម្តែងក្រមិចក្រមើមគង់ ច័ន្ទស្រីមុំ បាននិយាយថា ខ្សែរឿងថ្មីដែលនាងកំពុងតែចេញថតនោះ មានចំណងជើងថា «ហេតុអ្វីអូនស្នេហ៍គេ» ដែលជាប្រភេទរឿងភាគរបស់ស្ថានីយទូរទស្សន៍បាយ័ន ។ នាងបន្តថា ខ្សែរឿងនេះ នឹងត្រៀមចាក់បញ្ចាំង បន្ទាប់ពីរឿង «ប្រពន្ធខ្ញុំឆ្នាំខ្លា» ដែលសម្តែងដោយនាងសុខ សោម៉ាវត្តី និងនាយភូ ត្រូវបញ្ចប់ជាស្ថាពរ ។
នាងបញ្ជាក់ថា ក្នុងរឿងភាគទី២ ដែលនាងសម្តែងនេះគឺអ្នកដឹកនាំរឿងបានតម្រូវឱ្យនាងសម្តែងជាតួឡូយឆាយ និងមានចរិតដេញទាន់ជាន់កែងនឹងតួប្រុស ដែលមិនខុសពីខ្សែរឿងដែលប៉ុស្តិ៍បាយ័នធ្លាប់ឱ្យនាងសម្តែងកាលមុនប៉ុន្មានឡើយ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង ៕
ចែករំលែកព័តមាននេះ