ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីក្រុង​រណប​ជ្រោយចង្វា​កំពុង​មាន​សកម្មភាព​អភិវឌ្ឍន៍​ខ្លាំង

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទីក្រុង​រណប​ជ្រោយចង្វា ដែល​មាន​តម្លៃ​ទុន​វិនិយោគ​ប្រមាណ​៣.០០០​លាន​ដុល្លារ បាន​ចាប់ផ្តើម​សកម្មភាព​នៃ​ការ​អភិវឌ្ឍ​របស់​ខ្លួន​ហើយ បន្ទាប់​ពី​ហេដ្ឋារចនាសម្ព័ន្ធ​នានា​បាន​បញ្ចប់ និង​មួយ​ចំនួន​ទៀត​បាន​និង​កំពុង​ស្ថាបនា ។ បច្ចុប្បន្ន បាន​បញ្ចប់​ការ​ស្ថាបនា​ផ្លូវ​មេ…

រាជធានី​ភ្នំពេញ ៖ ទីក្រុង​រណប​ជ្រោយចង្វា ដែល​មាន​តម្លៃ​ទុន​វិនិយោគ​ប្រមាណ​៣.០០០​លាន​ដុល្លារ បាន​ចាប់ផ្តើម​សកម្មភាព​នៃ​ការ​អភិវឌ្ឍ​របស់​ខ្លួន​ហើយ បន្ទាប់​ពី​ហេដ្ឋារចនាសម្ព័ន្ធ​នានា​បាន​បញ្ចប់ និង​មួយ​ចំនួន​ទៀត​បាន​និង​កំពុង​ស្ថាបនា ។

បច្ចុប្បន្ន បាន​បញ្ចប់​ការ​ស្ថាបនា​ផ្លូវ​មេ ដែល​មាន​បំពាក់​អំ​ពូ​ល​បំភ្លឺ​សាធារណៈ​នៅ​ចំ​កណ្ដាល​ទ្រូងផ្លូវ លាតសន្ធឹង​កាត់​ចំ​កណ្តាល​ទីក្រុង​នេះ និង​កំពុង​ស្ថាបនា​រង្វង់​មូល និង​ផ្លូវ​មួយទៀត​ស្ថិត​នៅ​ក្បែរ​ផ្លូវជាតិ​លេខ​៦​អា ព្រមទាំង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេង​ៗ​ទៀត ។
អគ្គនាយក​ក្រុមហ៊ុន OCIC លោក ទូច សំណាង បាន​ថ្លែង​តាម​ទូរស័ព្ទ​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា ពេល​នេះ ក្រុមហ៊ុន​កំពុង​ចាប់ផ្តើម​បុក​គ្រឹះ​សាងសង់​ការិយាល័យ​កណ្តាល​របស់​ខ្លួន​កម្ពស់​២០​ជាន់ ហើយ​នៅ​ដើមឆ្នាំ​ក្រោយ ក្រុមហ៊ុន​នឹង​ចាប់ផ្តើម​សាងសង់​ផ្ទះល្វែង និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម រួម​មាន ផ្សារ​ទំនើប អគារ​ការិយាល័យ​នៅ​ក្នុង​ទីក្រុង​នេះ​ផង​ដែរ ។

លោក​បន្ត​ថា ៖« រហូត​មក​ទល់​ពេល​នេះ ក្រុមហ៊ុន​បាន​ចាប់ផ្តើម​លក់​ផ្ទះល្វែង​បណ្តើរ​ៗ​ហើយ ដោយ​ផ្ទះ​នីមួយ​ៗ​មាន​តម្លៃ​ចាប់ពី​ជាង​២០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​ឡើង​ទៅ » ។

លោក ទូច សំណាង បាន​បន្ត​ថា គម្រោង​ក្នុង​ដំណាក់កាល​ទី​១​នេះ មាន​ផ្ទៃដី​ជាង​៣​ហិ​កតា ប៉ុន្តែ​យើង​មិន​ទាន់​គណនា​ពី​តម្លៃ​នៃ​ការ​វិនិយោគ​នៅឡើយ​ទេ ។ លោក​បន្ត​ថា ទោះជា​យ៉ាងណា បើ​គិត​ពី​តម្លៃ​នៃ​អគារ​ការិយាល័យ​កណ្តាល​របស់​គម្រោង​នេះ មាន​ទឹកប្រាក់​២០​លាន​ដុល្លារ​អា​មេ​រិ​ក ។

តំបន់​ជ្រោយចង្វា និង​តំបន់​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦A មាន​សកម្មភាព​អភិវឌ្ឍន៍​ខ្លាំង បន្ទាប់​ពី​ស្ពាន​ជ្រោយចង្វា​ទី​២ បាន​សាងសង់​រួច និង​ដាក់​ឲ្យ​ដំណើរការ ។ តំបន់​នេះ​មាន​បុរី​ធំ​ៗ​ជា​ច្រើន​កំពុង​សាងសង់ ដូច​ជា បុរី​ប៉េង ហួត​, បុរី The Mekong Royal, បុរី​អ័​រ​គី​ដេ​, បុរី​បុរី​ឌឹ ផ្លា​រ៉ា និង​បុរី​វិមាន​ភ្នំពេញ ដែល​កំពុង​មាន​សកម្មភាព​សាង​សង់​លំនៅ​ឋាន​ទាំង​តម្លៃ​មធ្យម និង​ខ្ពស់ ។

ដើម្បី​ឲ្យ​តំបន់​នេះ​កាន់តែ​ទាក់ទាញ​ការ​វិនិយោគ និង​មាន​សកម្មភាព​សេដ្ឋកិច្ច​ថែម​ទៀត​នោះ បច្ចុប្បន្ន ក្រុមហ៊ុន OCIC កំពុង​សាងសង់​ស្ពាន​ចំនួន​២ ភ្ជាប់​ទៅ​កាន់​តំបន់​ជ្រោយ​ចង្វា​ផង​ដែរ ដូច​ជា ស្ពាន​បា​ឡេ ដែល​គ្រោង​ចំណាយពេល​សាងសង់​៦​ខែ និង​ស្ពាន​យោង​ដោយ​ខ្សែកាប គ្រោង​ចំណាយ​រយៈពេល​សាងសង់​២៤​ខែ ។

នាយក​គ្រប់គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន Cambodia Angkor Real Estate លោក ពឹង សេរី បាន​ថ្លែង​ថា ការ​អភិវឌ្ឍ​ទីក្រុង​រណប​ថ្មី​នេះ​ជា​រឿង​ល្អ ព្រោះ​វា​នឹង​ជួយ​ធ្វើ​ឲ្យ​តម្លៃ​ដីធ្លី និង​សកម្មភាព​សេដ្ឋកិច្ច​នៅ​តំបន់​នោះ​កាន់តែ​មាន​ភាព​រីក​ចម្រើន ពិសេស​ការ​កសាង​ទីក្រុង​រណប​បែប​នេះ ក៏​ជួយ​សម្រួល​បញ្ហា​ចរាចរណ៍ និង​ពង្រាយ​ប្រជាពលរដ្ឋ​កាន់តែ​ទៅ​តំបន់​ផ្សេង​ៗ​ច្រើន ដើម្បី​កុំ​ឲ្យ​ពួក​គេ​ប្រមូលផ្តុំ​តែ​មួយ​កន្លែង ធ្វើ​ឲ្យ​មានការ​កកស្ទះ​ចរាចរណ៍ និង​បំពុលបរិស្ថាន ។

លោក​បន្ត​ថា ៖« កម្ពុជា​ត្រូវការ​ទីក្រុង​រណប​កាន់តែ​ច្រើន ដើម្បី​ពង្រីក​ការ​អភិវឌ្ឍ​ផង និង​ជំរុញ​កុំ​ឲ្យ​ប្រជាពលរដ្ឋ​ប្រមូលផ្តុំ​តែ​នៅ​មួយ​កន្លែង​ផង ពិសេស​វា​ជួយ​ធ្វើ​ឲ្យ​វិស័យ​អចលន​ទ្រព្យ​កាន់តែ​មាន​ភាព​រីក​ចម្រើន » ។

លោក​បន្ថែម​ថា ៖« ខ្ញុំ​គិត​ថា គម្រោង​នេះ​នឹង​ទទួល​បាន​ជោគជ័យ ព្រោះ​វា​ជា​តំបន់​មាន​លក្ខខណ្ឌ​អាកាសធាតុ​ល្អ ដោយសារ​មាន​ទន្លេ​២ អម​សងខាង » ។

លោក ច្រឹ​ក សុខ​នី​ម អគ្គនាយក​ក្រុមហ៊ុន​Century21 Cambodia បាន​ថ្លែង​ថា ទីក្រុង​រណប​ជ្រោយចង្វា ជាទី​ក្រុង​ស្ថិត​នៅ​កៀក​រាជធានី​ភ្នំពេញ​ជាងគេ និង​មាន​លក្ខខណ្ឌ​ភូមិសាស្ត្រ និង​អាកាសធាតុ​អំណោយផល​បំផុត ដោយសារ​វា​នៅ​ជាប់​នឹង​ដង​ទន្លេ ដែល​អំណោយផល​ដល់​ការ​រស់នៅ ។ លោក​បន្ត​ថា បច្ចុប្បន្ន តំបន់​នេះ​មិន​ទាន់​មាន​មនុស្ស​រស់នៅ​ច្រើន​នៅឡើយ​ទេ ប៉ុន្តែ​នា​ពេល​អនាគត បន្ទាប់​ពី​គម្រោង​អភិវឌ្ឍន៍​នានា​បាន​សាងសង់​រួច ចំនួន​ប្រជាពលរដ្ឋ​ចូល​ទៅ​រស់នៅ​ទីក្រុង​នេះ នឹង​កើនឡើង​ខ្លាំង ។

លោក​បន្ត​ថា ៖« គម្រោង​នេះ​នឹង​ទទួល​បាន​ជោគជ័យ ហើយ​ខ្ញុំ​ជឿជាក់​ថា ប្រជាជន​ចាប់អារម្មណ៍​ចង់​រស់នៅ​តំបន់​នេះ​ច្រើន​នា​ពេល​អនាគត​ឆាប់​ៗ​នេះ » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ