រាជធានីភ្នំពេញ ៖ ស្នាដៃស្ថាបត្យកម្មរបស់និស្សិតមកពីសាកលវិទ្យាល័យចំនួន៦ នៅក្នុងរាជធានីភ្នំពេញ ក្រោមប្រធានបទអាកាសយានដ្ឋានថ្មីមួយនៅក្នុងខេត្តព្រះសីហនុ ត្រូវបានរៀបចំតាំងបង្ហាញជាសាធារណៈ បន្ទាប់ពីមានការប្រកួតប្រជែងក្រោមការវាយតម្លៃរបស់គណៈកម្មាធិការដើម្បីស្វែងរកអ្នកដែលអាចទទួលបានជ័យលាភីលើស្នាដៃរបស់ខ្លួនក្នុងការសិក្សាស្វែងយល់រយៈពេលជាង៣ខែមកនេះ ។
កម្មវិធីនេះត្រូវបានរៀបចំឡើងកាលពីថ្ងៃទី១៣ កញ្ញា ២០១២ នៅវិទ្យាស្ថានបារាំងក្រោមវត្តមានរបស់លោកឃួន ឃុននាយ អគ្គនាយករងនៃអាជ្ញាធរអប្សរា និងជាគណៈកម្មាធិការវាយតម្លៃ និងឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា រួមទាំងតំណាងអ្នកជំនាញនៅក្នុងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញផងដែរ ។
ក្រោយពីទទួលបានការវាយតម្លៃរបស់គណៈកម្មាធិការជំនាញរួចមក ជ័យលាភីលេខ១ បានទៅលើនិស្សិតឈ្មោះសារ៉ាន់ សុដ្ឋារិន និងសម រតនា មកពីសាកលវិទ្យាល័យមេគង្គកម្ពុជា ដោយទទួលបានទឹកប្រាក់ចំនួន៥០០ដុល្លារ ។ ចំណែកចំណាត់ថ្នាក់លេខ២ បានទៅឈ្មោះពៅ ស៊ីងហាក់សី និងសៀង សំណាង មកពីសាកលវិទ្យាល័យភូមិន្ទ វិចិត្រសិល្បៈទទួលបានទឹកប្រាក់៣០០ដុល្លារ និងចំណាត់ថ្នាក់លេខ៣ បានទៅឈ្មោះកែវ សុខលី និងវ៉ា ចិន្តា មកពីសាកលវិទ្យាល័យមេគង្គកម្ពុជាទទួលបានទឹកប្រាក់២០០ដុល្លារ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ