រាជធានីភ្នំពេញ ៖ បើលោកអ្នកបើកវិទ្យុ ទន្លេ FM102.5មេហ្គាហឺត ថ្ងៃសៅរ៍-អាទិត្យ វេលាម៉ោង៧ដល់៨យប់ លោកអ្នកនឹងឮកម្មវិធីមួយដែលនិយាយអំពីវិធីសាស្ត្រតាក់តែងនិពន្ធដោយមានអ្នកនិពន្ធក្មេងចាស់ ប្រុសស្រីល្បីៗចូលរួមជាវាគ្មិនចែករំលែកនូវចំណេះដឹង បទពិសោធន៍ផ្នែកនិពន្ធដល់ប្រិយមិត្តអ្នកស្តាប់ដោយផ្ទាល់ ។ ថ្វីបើកកម្មវិធីនេះទើបតែបង្កើតឡើងក៏ពិតមែន តែទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងដោយមានការគាំទ្រពីប្រិយមិត្តអ្នកស្តាប់គ្រប់ទិសទី ។ កម្មវិធីដ៏មានសារសំខាន់មួយនេះ មានឈ្មោះថា «នាទីជំនួបកវីអ្នកនិពន្ធខ្មែរ» ។
ពេលជួបសម្ភាសន៍ផ្ទាល់ជាមួយលោក គង់ រង្សី ជាស្ថាបនិក និងជាអ្នករៀបចំដឹកនាំកម្មវិធី បានបង្ហាញពីបុព្វហេតុក្នុងការបង្កើតកម្មវិធីនេះថា ក្នុងនាមជាប្រជាពលរដ្ឋក្នុងសង្គមមួយរូប គួរតែចំណាយពេលវេលាក្នុងជីវិតរបស់ខ្លួនធ្វើអ្វីដែលអាចបម្រើជាប្រយោជន៍ដល់សង្គម ។ រូបលោកគ្មានចង់បានអ្វីក្រៅពីឃើញប្រទេសជាតិរបស់ខ្លួន មានការរីកចម្រើនជឿនលឿនដូចបណ្តាប្រទេសអភិវឌ្ឍន៍មួយចំនួនឡើយ ។
លោក រង្សី ថ្លែងថា អ្នកនិពន្ធគឺជាធនធានមនុស្សដ៏សំខាន់បំផុតដែលគួរតែបណ្តុះបណ្តាលឱ្យមានច្រើនបំផុត ព្រោះបើសង្គមជាតិសម្បូរទៅដោយអ្នកនិពន្ធឆ្នើមៗដែលអាចតាក់តែងនិពន្ធសៀវភៅល្អៗប្រកបដោយគុណតម្លៃ គឺចំណេះដឹងល្អៗទាំងនោះនឹងបាចសាចចូលទៅក្នុងចិត្តគំនិតរបស់់ប្រជាពលរដ្ឋ ជាពិសេសគឺយុវវ័យដែលធ្វើឱ្យពួកគេចេះជ្រើសរើសផ្លូវជីវិតអាចនាំឱ្យខ្លួន និងសង្គមជាតិមានការរីកចម្រើនបាន ។
នេះគឺជាបុព្វហេតុដែលលោក រង្សី បង្កើតកម្មវិធីដ៏មានសារសំខាន់នេះឡើង ។ ដូច្នេះបើលោកអ្នកចង់ទទួលបានចំណេះដឹងផ្នែកតែងនិពន្ធ ឬចង់សាងខ្លួនជាអ្នកនិពន្ធមួយរូបទៅថ្ងៃអនាគតនោះ លោកអ្នកអាចតាមដានស្តាប់ និងទូរស័ព្ទចូលរួមសំណេះសំណាលដោយផ្ទាល់ជាមួយអ្នកនិពន្ធកម្ពុជាល្បីៗក្នុងកម្មវិធីនេះបាន ។លោក គង់ រង្សី យល់ថា អ្នកនិពន្ធអាចនិពន្ធស្នាដៃល្អទៅបានដរាបណាមានការគាំទ្រពីប្រិយមិត្តអ្នកអាន និងមានការលើកទឹកចិត្តផ្តល់កិត្តិយសពីស្ថាប័ន ក្រុមហ៊ុន កាសែត ទស្សនាវដ្តី វិទ្យុនិងទូរទស្សន៍នានា តាមរយៈការចុះផ្សាយ និងអញ្ជើញពួកគាត់ឱ្យចូលរួមក្នុងកម្មវិធីផ្សេងៗ ។ ដូច្នេះជាទិសដៅបន្តលោកនឹងជួយលើកកម្ពស់ កិត្តិយស កេរ្តិ៍ឈ្មោះ និងកម្រិតជីវភាពរស់នៅរបស់អ្នកនិពន្ធកម្ពុជាបន្ថែមទៀត តាមរយៈការជួយជ្រោមជ្រែងផ្នែកការងារនិពន្ធតាមស្ថាប័នការងារនានា និងតាមរយៈការអញ្ជើញពួកគាត់ឱ្យចូលរួមជាវាគ្មិនកិត្តិយសក្នុងកម្មវិធី ទាក់ទងនឹងការតែងនិពន្ធ តាមរយៈស្ថានីយវិទ្យុ និងទូរទស្សន៍មួយចំនួន ។
លោក គង់ រង្សី កើតនៅរាជធានីភ្នំពេញ និងបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ នៅខេត្តពោធិ៍សាត់ ។ ក្រៅពីជាស្ថាបនិករបស់កម្មវិធី «នាទីជំនួបកវីអ្នកនិពន្ធខ្មែរ» លោកគឺជាពិធីករ ជាអ្នកផលិត ដឹកនាំកម្មវិធី និងជាអ្នកនិពន្ធ ។កន្លងមកកម្មវិធី «នាទីជំនួបកវីអ្នកនិពន្ធខ្មែរ» ធ្លាប់អញ្ជើញអ្នកនិពន្ធជាច្រើនរូបចូលរួមមានដូចជា លោក សំ សុភារិន្ទ និងលោក ហនុមាន បូរិន្ទ លោក វែ៉ន សុន និង និងលោក យូ សុភា ជាដើម ។ ក្នុងពេលកម្មវិធីដំណើរការផ្សាយផ្ទាល់មានប្រិយមិត្តអ្នកស្តាប់ ពិសេសអ្នកចូលចិត្តអក្សរសាស្ត្រមកពីគ្រប់ទិសទីទូរស័ព្ទចូលរួម ។
លោក សំ សុភារិន្ទ យល់ថា នេះជាកម្មវិធីមួយដ៏ល្អមានចរិតលើកតម្កើងវិស័យអក្សរសាស្ត្រជាតិ និងចែករំលែកនូវបទពិសោធន៍ និងចំណេះដឹងផ្នែកតែងនិពន្ធប្រលោមលោក និងកំណាព្យចំពោះប្រិយមិត្តអ្នកស្តាប់ដែលមានបំណងចង់កសាងខ្លួនទៅជាអ្នកនិពន្ធ។ យុវសិស្ស ម៉ុម សម្ផស្ស រៀននៅមហាវិទ្យាល័យអក្សរសាស្ត្រ ព្រមទាំងប្រិយមិត្តអ្នកស្តាប់ជាច្រើនទៀតសម្តែងការពេញចិត្ត និងគាំទ្រកម្មវិធី «នាទីជំនួបកវីអ្នកនិពន្ធខ្មែរ» ។ ពួកគេបានតាមដានស្តាប់នាទីនេះរៀងរាល់លើក ហើយសង្ឃឹមថា នឹងកាន់តែមានប្រជាប្រិយភាពថែមទៀត ៕
ចែករំលែកព័តមាននេះ