រាជធានីភ្នំពេញ ៖ តារាចម្រៀងលំដាប់កំពូលក្នុងផលិតកម្មហង្សមាស លោកព្រាប សុវត្ថិ នឹងចាប់ផ្តើមដំណើរការថតរឿងទី២ ឱ្យផលិតកម្មមកពីប្រទេសម៉ាឡេស៊ី នៅពាក់កណ្តាលខែកញ្ញាខាងមុខនេះតាមការគ្រោងទុកបន្ទាប់ពីបានចុះកុងត្រាថ្មី ។
នេះជាខ្សែភាពយន្តទី២ របស់តារាចម្រៀងព្រាប សុវត្ថិ ក្រោយពីខ្សែភាពយន្តទី១ រឿង «នេសាទក្រពើ» ដែលទទួលបានការគាំទ្រពីទស្សនិកជននោះ។ ខ្សែរឿងថ្មីនេះលោកព្រាប សុវត្ថិ នឹងចាប់ដៃគូជាមួយតារាសម្តែងសាច់សខ្ចីមុខមានមន្តស្នេហ៍នាងកែវ ស្រីនាង ដែលទទួលការគាំទ្រច្រើនពីទស្សនិកជនលើទេពកោសល្យនៃការសម្តែង ។
លោកព្រាប សុវត្ថិ បានអះអាងថា ខ្សែរឿងដែលលោកនឹងសម្តែងនេះលោកនៅមិនទាន់ដឹងពីចំណងជើងច្បាស់លាស់នៅឡើយទេ ហើយលោកក៏មិនអាចកំណត់ពេលវេលាថា នឹងថតចប់ក្នុងរយៈពេលប៉ុន្មានថ្ងៃដែរ ។ លោកបន្តថា ខ្សែរឿងនេះគ្រោងនឹងថតនៅលើទឹកដីកម្ពុជា ដោយមានលោក និងតារាស្រី២ដួងទៀត គឺអ្នកនាងកែវ ស្រីនាង និងកញ្ញាសារ៉ាយ សក្ខណា ធ្វើជាតួឯក ។ លោកបញ្ជាក់ថា តាមការឱ្យដឹងពីម្ចាស់ផលិតករខ្សែរឿងនេះនឹងថតឱ្យចប់ និងចាក់បញ្ចាំងនៅក្នុងថ្ងៃបុណ្យអ៊ុំទូកខាងមុខនេះ ។
លោកព្រាប សុវត្ថិ បានអះអាងបន្ថែមថា ក្នុងរឿងនេះ លោកត្រូវសម្តែងជាតួដុកទ័រ ឯនាង កែវ ស្រីនាង ត្រូវសម្តែងជាតួកូនអ្នកភ្នំពេញ ហើយរៀនខាងជំនាញពេទ្យដូចគ្នា ខណៈដែលនាងសារ៉ាយ សក្ខណា ត្រូវសម្តែងជាតួកូនស្រីដែលនៅស្រុកស្រែចម្ការ បានជំពប់ស្នេហ៍ជាមួយលោក ។ កាលពីដំបូងរឿងនេះមានគម្រោងឱ្យលោក និងកែវ ស្រីនាង ចេញទៅថតនៅប្រទេសម៉ាឡេស៊ី ប៉ុន្តែមកទល់ជិតដល់ថ្ងៃចេញថតនេះ ទំនងជាអត់វិញ ហើយ ដោយសារតែក្នុងពេលជួបប្រជុំគ្នាប្រគល់ប៉ារ៉ូលឱ្យតួៗ គឺមិនមានលើកឡើងពីរឿងនេះ ហើយឈុតឆាកដែលខាងផលិតករបានប្រាប់ គឺសម្តែងតែនៅទីក្រុងភ្នំពេញ និងតំបន់តាមខេត្តមួយចំនួន ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ