ក្រុងប៉ោយប៉ែត ៖ កាលពីថ្ងៃទី៣១ សីហា វេលាម៉ោង៤រសៀល សមត្ថកិច្ចនគរបាលដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន ហ៊ាន ស្នងការនគរបាលខេត្តបន្ទាយមានជ័យ រួមដោយលោកអ៊ុំ សុផល អធិការនគរបាលក្រុង បានដកកញ្ឆាក្នុងចំការក្រោយផ្ទះគ្រួសារមួយចំនួន៣៨ដើម ក្នុងនោះដើមធំ២៥ដើម និងដើមតូចចំនួន១៣ដើម ។
ម្ចាស់ចំការឈ្មោះមូល ខៀវ ភេទស្រី អាយុ៦១ឆ្នាំ ស្ថិតនៅភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ប៉ោយប៉ែត បានលួចដាំកញ្ឆាបន្លំក្នុងចំការអំពៅ ននោង និងត្រឡាច ។ ក្នុងពេលបំផ្លាញកញ្ឆានោះគេឃើញមានការចូលរួមពីមន្ត្រីសាលាក្រុង និងអាជ្ញាធរមូលដ្ឋានផងដែរ ។
ឆ្លៀតពេលមានអ្នកជិតខាងចោមរោមមើល លោកឧត្តមសេនីយ៍ត្រីស្នងការខេត្តបានណែនាំដល់ប្រជាពលរដ្ឋកុំឱ្យដាំកញ្ឆានេះ ព្រោះវាជាសារធាតុញៀន បើក្មេងៗយកទៅសេពវានឹងបង្កឱ្យមានគ្រោះថ្នាក់ដល់សុខភាព ហើយក្នុងពេលញៀនក៏អាចឈានទៅប្រព្រឹត្តបទល្មើសទៀតផង ។ ចំពោះម្ចាស់ផ្ទះនិងវត្ថុតាងលោកអធិការប្រាប់ថា ក្រោយពេលសួរនាំធ្វើកំណត់ហេតុរួចនឹងបញ្ជូនទៅស្នងការដ្ឋានខេត្ត ៕
ចែករំលែកព័តមាននេះ