រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី៦ កញ្ញា ២០១២ កន្លងទៅ Tablet ស៊េរីថ្មី និងចុងក្រោយបំផុតរបស់ Samsung ត្រកូល Galaxy Note អេក្រង់ទំហំ១០.១អីុញ ឈ្មោះថា Galaxy Note 10.1 បានបើកសម្ពោធជាផ្លូវការហើយនៅហាងទំនើប Samsung KLD សាខាផ្សារថ្មី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីតំណាងថ្នាក់ដឹកនាំជាន់ខ្ពស់របស់ Samsung អេឡិចត្រូនិកប្រចាំកម្ពុជា គណៈគ្រប់គ្រងក្រុមហ៊ុន KLD តំណាងដៃគូចែកចាយផលិតផល Samsung ភ្ញៀវកិត្តិយស និងអ្នកសារព័ត៌មានជាច្រើននាក់ ។
លោកហ្គីហាន់ លី នាយកសាខាក្រុមហ៊ុន Thai Samsung Electronics ប្រចាំតំបន់ឥណ្ឌូចិន (កម្ពុជា ឡាវ ភូមា) បានមានប្រសាសន៍ក្នុងឱកាសបើកសម្ពោធចេញលក់ជាផ្លូវការ Galaxy Note 10.1 ដូច្នេះថា ៖ «ដោយទទួលបានជោគជ័យដ៏ត្រចេះត្រចង់របស់ Galaxy Note ទើបជំរុញឱ្យ Samsung បន្តអភិវឌ្ឍន៍ Tablet ជំនាន់ចុងក្រោយរបស់ខ្លួនលើកកំពូលត្រកូលគ្រួសារ Note ឱ្យមានអេក្រង់កាន់តែធំជាងមុនរហូតដល់ ១០.១អីុញ ឯមុខងារដាក់ស៊ីម Call ហៅចេញ-ចូលគឺនៅដដែល» ។
«បច្ចេកវិទ្យាដោយប្រើប៊ិច S គឺយើងរក្សាទុកដដែល ប៉ុន្តែតិចណូឡូជីថ្មីដែលដកចេញពីទូរស័ព្ទ Galaxy S III មកបំពាក់បន្ថែមឱ្យ Galaxy Note 10.1 នេះគឺ pop up ដែលអាចឱ្យអ្នកប្រើប្រាស់បែងចែកផ្ទៃអេក្រង់ទំហំជាង១០អីុញនេះ ដោយកម្សាន្តបណ្តើរ និងធ្វើការងារបណ្តើរក្នុងពេលតែមួយបាន» ។
លោកហ្គីហាន់ លី សង្កត់ធ្ងន់ថា ដោយឆ្លុះបញ្ចាំងពីបច្ចេកវិទ្យាដ៏អស្ចារ្យប្រកបដោយគំនិតច្នៃប្រឌិតខ្ពស់ ថ្មីៗនេះ Samsung ទទួលបានពានរង្វាន់ធំៗរហូតដល់ទៅ៤ពីសមាគមរូបភាព និងសំឡេងរបស់សហភាពអឺរ៉ុប (EISA) លើផលិតផលស្នូលរបស់ Samsung ដូចជា ទូរទស្សន៍, Home Theatre, ទូរស័ព្ទ និងកាមេរ៉ា ។ «ច្នៃប្រឌិតប្រកបដោយគុណភាពជាកម្លាំងគ្រឹះរបស់យើង រហូតក្លាយខ្លួនជាក្រុមហ៊ុនដែលក្តាប់ចំណែកទីផ្សារ Smartphone ធំជាងគេលំដាប់លេខ១ លើពិភពលោក និងឈានដល់ពង្រីកប្រជាប្រិយភាពលេខ១ របស់ខ្លួនលើទីផ្សារកម្ពុជាចាប់តាំងពីខែមីនា ២០១២ មក» ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ