រាជធានីភ្នំពេញ ៖ តារាចម្រៀងដែលធ្លាប់ល្បីឈ្មោះតាមរយៈបទ «ដើរវ៉ៃគេ» កញ្ញាតាតា ត្រៀមខ្លួនវិលមកកាន់ពិភពសិល្បៈវិញបន្ទាប់ពីបាត់ខ្លួនពួនអាត្មាយ៉ាងស្ងៀមស្ងាត់អស់រយៈពេលជាង៣ឆ្នាំមកនេះ ។បើយោងតាមការឱ្យដឹងពីលោករ៉េតធី ដូណា ជាបងប្រុសរបស់កញ្ញារ៉េត ធីតា ហៅតាតា បង្ហើបឱ្យដឹងថា ប្អូនស្រីរបស់លោកបានត្រៀមខ្លួនវិលមកកាន់ពិភពសិល្បៈចម្រៀងជាថ្មីបន្ទាប់ពីបាត់មុខមួយរយៈកន្លងមកនេះ ។ ការវិលមកជាថ្មីនេះ គឺក្រោយពេលប្អូនស្រីរបស់លោកអាចមានពេលវេលាគ្រប់គ្រាន់សម្រាប់ឱ្យនាងចាប់យកអាជីពនេះឡើងវិញ ខណៈការងាររបស់នាងហាក់មានការធូរស្បើយនោះ ។
លោកបញ្ជាក់ថា ទន្ទឹមនឹងការវិលមកកាន់សង្វៀនសិល្បៈរបស់ប្អូនស្រីលោកវិញនាពេលនេះ លោកបានត្រៀមរៀបចំបទថ្មីៗរួចជាស្រេចសម្រាប់នាង ហើយលោកសង្ឃឹមថាបទថ្មីទាំងនោះនឹងទទួលការចាប់អារម្មណ៍ច្រើនពីយុវវ័យ។
ទោះជាយ៉ាងណាក្តី ការវិលចូលសិល្បៈជាថ្មីរបស់បុត្រីពៅត្រកូលសិល្បករ លោកអ៊ុក ស៊ីណារ៉េត រូបនេះគេមិនដឹងថា តើនឹងអាចទទួលបានភាពល្បីល្បាញដូចពេលមុន ឬមួយយ៉ាងណាទេ បន្ទាប់ពីនាងអវត្តមានអស់រយៈពេលជាច្រើនឆ្នាំមកនោះ ។
ការបាត់មុខយ៉ាងស្ងៀមស្ងាត់របស់តាតាត្រូវមជ្ឈដ្ឋានមួយចំនួនមានការសង្ស័យថា តារាចម្រៀងរូបនេះប្រហែលជាបោះបង់សិល្បៈហើយ ព្រោះនាងបានសាងអនាគតជាមួយបុរសម្នាក់ដែលល្បីថាមានទ្រព្យស្តុកស្តម្ភ ។
ជុំវិញបញ្ហានេះលោករ៉េតធី ដូណា បញ្ជាក់ថាការបាត់មុខរបស់ប្អូនស្រីលោកពីពិភពសិល្បៈជាង៣ឆ្នាំមកនេះ មិនមែនពាក់ព័ន្ធជាមួយរឿងស្នេហាឡើយ ពោលគឺនាងរវល់ការងារផ្ទាល់ខ្លួន ហើយនាងមិនបានចេញទៅណាឆ្ងាយឡើយ គឺនៅផ្ទះជាមួយលោករហូត ។
ចំពោះការវិលមកកាន់សិល្បៈវិញរបស់តាតានោះ លោកដូណាមិនបានបញ្ជាក់ថានាងនឹងវិលមកវិញនៅពេលណានៅឡើយទេ តែគ្រាន់តែអះអាងថានាងត្រៀមខ្លួនរួចរាល់ហើយ គឺរង់ចាំតែពេលវេលាណាមួយដែលសមស្របប៉ុណ្ណោះ ។ ការវិលមកវិញនេះគឺអាចនៅក្នុងផលិតកម្មសាន់ដេ ដដែលព្រោះផលិតកម្មនេះលោកគិតថាល្អហើយខាងម្ចាស់ផលិតកម្មក៏មិនជំទាស់ដែរ ។
ទោះជាយ៉ាងណាក្តី រ៉េតធី ដូណា អះអាងបញ្ជាក់ថា ការវិលមកចូលសិល្បៈជាថ្មីរបស់តាតានាពេលនេះ គឺមិនមានលក្ខណៈឱ្យជាប់លាប់ទេ ពោលគឺគ្រាន់តែឆ្លៀតពេលទំនេរពីការងារងាកមកច្រៀងខ្លះៗដើម្បីកុំឱ្យបាត់មុខពីសិល្បៈប៉ុណ្ណោះ ។
តាតាមានឈ្មោះពិតថា រ៉េត ធីតា ជាកូនស្រីរបស់លោក អ៊ុក ស៊ីណារ៉េត ជាតន្ត្រីករល្បីឈ្មោះក្នុងប្រទេសកម្ពុជា និងអ្នកស្រីសៀង វ៉ាន់ធី ជាតារាចម្រៀងជើងចាស់ល្បីឈ្មោះដែរ ។ តាតាជាប្អូនបង្កើតរបស់លោក រ៉េតធី ដូណា និងលោកអ៊ុក ប៊ុណ្ណារិទ្ធ ដែលស្ថិតក្នុងក្រុមតន្ត្រីយុវវ័យចចកសមុទ្រ សុទ្ធសឹងតែជាយុវតន្ត្រីករជើងខ្លាំងក្នុងប្រទេសកម្ពុជា ៕
ចែករំលែកព័តមាននេះ