ខេត្តព្រៃវែង ៖ កាលពីថ្ងៃទី២៥ វិច្ឆិកា នៅក្នុងបរិវេណអនុវិទ្យាល័យព្រៃធំ ឃុំស្មោងខាងត្បូង ស្រុកកំចាយមារ មានរៀបចំពិធីសម្ពោធបន្ទប់កុំព្យូទ័រដែលរៀបចំ និងឧបត្ថម្ភដោយមូលនិធិអាល់កាទែលលូហ្សិន អនុវត្តដោយកម្មវិធីខន់ណិចធីតនៃអង្គការអប់រំពិភពលោក សហការជាមួយមន្ទីរអប់រំយុវជន និងកីឡាខេត្តព្រៃវែង។
ចូលរួមជាអធីបតីក្នុងពិធីនោះដែរ មានលោកប្រាក់ សុវណ្ណ អភិបាលស្រុកកំចាយមារលោកហ៊ីម សុផល ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្ត លោកភុង ហនស៊ីន អគ្គនាយករងនៃអគ្គនាយកដ្ឋានអប់រំនៃក្រសួងអប់រំយុវជន និងកីឡា លោកលី ជាំងហ័រ ប្រធានប្រតិបត្តិ និងជាតំណាងមូលនិធិអាល់កាទែលលូហ្សិន លោកស្រីគង់ សុនថារ៉ា នាយិកាអង្គការអប់រំពិភពលោកប្រចាំនៅកម្ពុជា និងមានការអញ្ជើ្ញចូលរួមពីភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ លោកប្រធានការិយាល័យអប់រំស្រុកកំចាយមារ តំណាងសហគមន៍ លោកនាយក នាយករង លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៃអនុវិទ្យាល័យព្រៃធំទាំងអស់ ។
លោកស្រីគង់ សុនថារ៉ា នាយិកាអង្គការអប់រំពិភពលោកប្រចាំនៅកម្ពុជា បានថ្លែងអំណរគុណចំពោះអាជ្ញាដែនដីគ្រប់លំដាប់ថ្នាក់ មិត្តរួមការងារ ព្រមទាំងមូលនិធិអាល់កាទែលលូហ្សិនដែលបានផ្តល់ថវិកាដល់កម្មវិធីខន់ណិចធីត នៃអង្គការអប់រំពិភពលោក និងជាដៃគូដ៏សំខាន់ក្នុងការចូលរួមធ្វើសកម្មភាពជួយដល់ការអប់រំកុមារ និងយុវជននៅក្នុងតំបន់ឱ្យមានដំណើរការកាន់តែល្អប្រសើរឡើង ។
លោកស្រីសុខ គីមស្រឿង ប្រធានគម្រោងយុវជនឆ្ពោះទៅមុខបានធ្វើបទបង្ហាញពីកម្មវិធី និងបង្ហាញពីបច្ចេកវិទ្យាទំនាក់ទំនងព័ត៌មាន ដើម្បីលើកកម្ពស់ការសិក្សា និងលទ្ធផលផ្ទាល់ខ្លួនរបស់យុវជនងាយរងគ្រោះដែលបានធ្វើចំណាកស្រុក និងយុវជនដែលប្រឈមនឹងការធ្វើចំណាកស្រុក ។
លោកភុង ហនស៊ីន អគ្គនាយករងនៃអគ្គនាយកដ្ឋានអប់រំនៃក្រសួងអប់រំយុវជន និងកីឡាបានចាប់អារម្មណ៍ថា កម្មវិធិខន់ណិចធីត ដែលឧបត្ថម្ភដោយមូលនិធិអាល់កាទែលលូហ្សិន និងប្រតិបត្តិការដោយអង្គការអប់រំពិភពលោក នឹងជួយយុវជនក្នុងខេត្តព្រៃវែងក៏ដូចយុវជននៅទីនេះដែលបាត់បង់ឱកាសឱ្យទទួលបាននូវជំនាញមួយក្នុងពេលឆាប់ៗខាងមុខនេះ បន្ទាប់ពីកម្មវិធីបើកសម្ពោធបន្ទប់កុំព្យូទ័រជាលើកដំបូងនៅអនុវិទ្យាល័យព្រៃធំ ឃុំស្មោងខាងត្បូង ស្រុកកំចាយមារ ។ លោកបញ្ជាក់ថា ការទទួលបានជំនាញទំនាក់ទំនងតាមបច្ចេកវិទ្យាមានសារសំខាន់ណាស់សម្រាប់យុវជនដែលបាត់បង់ឱកាស ធ្វើឱ្យពួកគេមានឱកាសរកការងារធ្វើល្អៗនិងទទួលបានជោគជ័យគ្រប់ការងារទៅថ្ងៃអនាគត។ លោកក៏បានផ្តាំផ្ញើដល់ក្មួយៗទាំងអស់ត្រូវខិតខំសិក្សារៀនសូត្រ ហើយមាតាបិតា ក៏ត្រូវចូលរួមជួយបង្កលក្ខណៈឱ្យកូនៗរៀនសូត្របានស្រួលផងដែរ ។
លោកលី ជាំងហ័រ ប្រធានប្រតិបត្តិ និងជាតំណាងមូលនិធិអាល់កាទែលលូហ្សិនប្រចាំកម្ពុជាបានឱ្យដឹងថា បន្ទប់កុំព្យូទ័រថ្មីនេះនឹងមានកុំព្យូទ័រចំនួន១៥គ្រឿងដែលប្រើបច្ចេកវិទ្យា
ស៊ីនក្លាយអិន (Thin Client) ដើរដោយថាមពលពន្លឺព្រះអាទិត្យ ។ បច្ចេកវិទ្យានេះនឹងកាត់បន្ថយការប្រើប្រាស់ថាមពល និងសេវាថែទាំ ហើយបន្ទប់កុំព្យូទ័រនេះនឹងមានដំណើរការបានយូរអង្វែង ។ កម្មវិធីខន់ណិចធីតនឹងប្រើប្រាស់បន្ទប់កុំព្យូទ័រនេះដើម្បីបង្រៀនពីបច្ចេកវិទ្យាព័ត៌មាន (ICT) ដល់យុវជន និងលោកគ្រូ អ្នកគ្រូ ។ យុវជនទាំងនោះ នឹងបានយល់ដឹងពីរបៀបប្រើបច្ចេកវិទ្យា ICT សម្រាប់ប្រមូលចែកចាយព័ត៌មាន និងអភិវឌ្ឍន៍ជំនាញរបស់គេដើម្បីទទួលបានជោគជ័យក្នុងទីផ្សារការងារ កាន់តែយល់ដឹងពីប្រភពដែលពួកគេកំពុងរស់នៅ ។លោកគ្រូ អ្នកគ្រូ អាចប្រើប្រាស់សមាហរណកម្មបច្ចេកវិទ្យា ICT ទៅក្នុងការបង្រៀនរបស់ពួកគាត់ដែលជាការបើកទូលាយនូវមធ្យោបាយថ្មីសម្រាប់ការសិក្សា ។
លោកប្រាក់ សុវណ្ណ អភិបាលស្រុកកំចាយមារ បានសម្តែងនូវសេចក្តីរំភើបរីករាយ និងបានថ្លែងអំណរគុណដល់អង្គការអប់រំពិភពលោក រួមជាមួយមូលនិធិអាល់កាទែលលូហ្សិនដែលបាននាំយកបច្ចេកវិទ្យាកុំព្យូទ័រមកបណ្តុះបណ្តាលកូនខ្មែរតាមរយៈកម្មវិធីខនណិចធីត ។
ក្នុងពិធីនោះក៏មានចែកកង់ចំនួន២១គ្រឿងនិងឃីតចំនួន១០៦កញ្ចប់ ដែលឧបត្ថម្ភដោយមូលនិធិអាល់កាទែលលូហ្សិនដែលក្នុងឃីតនីមួយៗមានសៀវភៅ ប៊ិច សម្ភារសិក្សាគណិតវិទ្យា សម្លៀកបំពាក់២កំប្លេ ស្បែកជើង កាតាបស្ពាយមួយផងដែរ ជូនដល់ក្មួយៗកុមារា កុមារី ដែលជាសិស្សសាលាក្រៅប្រព័ន្ធជាក្មេងបាត់បង់ឱកាសសិក្សា ក្នុងប្រព័ន្ធអប់រំដោយក្នុងម្នាក់ៗទទួលបានកង់១ និង ឃីត១កញ្ចប់ ៕
ចែករំលែកព័តមាននេះ