រាជធានីភ្នំពេញ ៖ កញ្ញាផាន់ ម៉ូនីកា គឺជាតារាចម្រៀងដែលមានទឹកដមសំឡេងពីរោះរណ្តំ ប្រចាំផលិតកម្មសាន់ដេ។ នីកា បានប្រឡូកចូលវិស័យសិល្បៈតាំងពីឆ្នាំ២០០៦មកម៉្លេះ ហើយថ្ងៃនេះនីកា ត្រូវបានផលិតកម្មមួយចំនួននៅក្នុងស្រុកទាក់ទងឱ្យទៅច្រៀង ប៉ុន្តែត្រូវបានកញ្ញាបដិសេធព្រោះតែកញ្ញាគិតថា ភាពល្បីល្បាញរបស់កញ្ញាគឺដុះឡើងនៅក្នុងផលិតកម្មសាន់ដេ ដូច្នេះនីកា មិនអាចមើលឃើញផលិតកម្មផ្សេងល្អជាងផលិតកម្មរបស់ខ្លួននោះទេ។
គួររំលឹកផងដែរថា ក្នុងរយៈពេលកន្លះឆ្នាំមកនេះ នីកា មិនសូវជាមានវត្តមាននៅក្នុងអាល់ប៊ុមបទចម្រៀង ឬក៏នៅលើឆាកតន្ត្រីនោះទេ។ ចំពោះបញ្ហានេះ នីកា បានប្រាប់កោះសន្តិភាពថា ដោយសារតែកញ្ញាជាប់រវល់ថតរឿងឱ្យផលិតកម្មរបស់ខ្លួន ហើយរឿងនេះមានចំណងជើងថា «ព្រាយដែកគោល» ដោយមានការចូលរួមសម្តែងពីតារាចម្រៀងប្រចាំផលិតកម្មសាន់ដេ ច្រើននាក់ ក្នុងនោះកញ្ញាបានដើរតួជាប្អូនរបស់លោកសុខ រក្សា ចំណែកឯលោកខេមរ សិរីមន្ត និងកញ្ញាសុខ ពិសី គឺជាតួឯក ហើយរឿងនេះនឹងចាក់បញ្ចាំងនៅថ្ងៃទី៥ វិច្ឆិកា ខាងមុខនេះ។
កញ្ញាម៉ូនីកា បានបន្ថែមទៀតថា ក្រៅពីអាជីពជាតារាចម្រៀង និងតារាសម្តែងហើយនោះ កញ្ញាក៏បានបើកហាងលក់សម្លៀកបំពាក់ផ្ទាល់ខ្លួនផងដែរ។ ដូច្នេះអាចនិយាយបានថា កញ្ញាផាន់ ម៉ូនីកា មិនត្រឹមតែមានទេពកោសល្យនូវការច្រៀងនោះទេ គឺកញ្ញា ក៏អាចធ្វើជាតារាសម្តែងមួយរូបដ៏ប៉ិនប្រសព្វផងដែរ ដែលអាចធ្វើឱ្យនីកា កាន់តែមានភាពល្បីល្បាញមួយកម្រិតថែមទៀត។
ដោយសារតែមានប្រិយមិត្តមួយចំនួនតែងតែនិយាយថា កញ្ញាផាន់ ម៉ូនីកា បានរៀបការស្ងាត់ៗជាមួយនឹងលោកគង់ រ៉ាយុទ្ធ កោះសន្តិភាពបានព្យាយាមសុំការបំភ្លឺពីនាង ហើយទីបំផុត កញ្ញាបានប្រាប់ថា វាមិនមែនជាការពិតនោះទេ ព្រោះកញ្ញា និងលោករ៉ាយុទ្ធ គឺជាបងប្អូនជីដូនមួយនឹងគ្នា មិនមានអ្វីលើសពីនេះឡើយ។
កញ្ញាផាន់ ម៉ូនីកា បានបន្ថែមទៀតថា កាលពីមុនមានបុរសជាច្រើនមកទាក់ទងសុំបេះដូងពីកញ្ញា ប៉ុន្តែត្រូវបានបដិសេធជាច្រើនលើក មកដល់ពេលនេះ កញ្ញានៅតែ មិនទាន់មានបុរសណាស់ម្នាក់នៅក្នុងដួងចិត្តដដែល ហើយម្យ៉ាងទៀតនោះ ចំពោះបញ្ហានេះ នីកា បានបញ្ជាក់ថា គឺអាស្រ័យទៅលើព្រេងវាសនា កញ្ញាមិនហ៊ានគិតនោះទេ ដោយកញ្ញាគ្រាន់តែបង្ហើបថា បុរសដែលកញ្ញាជ្រើសរើសយកជាគូអនាគតនោះគឺជាបុរសដែលមានសន្តានចិត្តល្អ សុភាព ចេះស្រឡាញ់គ្រួសារ និងមានការទទួលខុសត្រូវខ្ពស់ ហើយនីកា ក៏មិនប្រកាន់អំពីវណ្ណៈ ចាស់ ឬក្មេងឡើយ៕
ចែករំលែកព័តមាននេះ