ខេត្តកំពង់ស្ពឺ ៖ អគារគ្រឹះស្ថានមីក្រូហិញ្ញវត្ថុអម្រឹតសាខាខេត្តកំពង់ស្ពឺ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវនារសៀលថ្ងៃទី៦ តុលា ក្រោមអធិបតីភាពលោកប៉ែន សំបូរ អភិបាលរងខេត្ត ដោយមានការចូលរួមពីសំណាក់មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ស្នងការនគរបាលខេត្ត អភិបាលក្រុង-ស្រុក ចៅសង្កាត់ មេឃុំស្មៀន មន្ត្រីមន្ទីរពាក់ព័ន្ធ ព្រមទាំងបុគ្គលិកអម្រឹតចំនួនជិត៣០០នាក់ ។
លោកជា ផល្លារិន អគ្គនាយកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត បានលើកឡើងពីការរីកចម្រើន ជាបន្តបន្ទាប់នៃគ្រឹះស្ថានអម្រឹតកន្លងទៅ ។ បន្ទាប់ពីចាប់បដិសន្ធិឡើងតាំងពីឆ្នាំ១៩៩១ មក ក្រោមរូបភាពគម្រោងឥណទានអង្គការក្រៅរដ្ឋាភិបាលមួយឈ្មោះថា GRET ។ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹតបានប្រែក្លាយឥណទានរបស់ខ្លួនឱ្យមានភាពរឹងមាំប្រកបដោយនិរន្តរភាព និងបានទទួលអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជាដោយមានសមត្ថភាពទទួលសេវាប្រាក់បញ្ញើ ប្រាក់កម្ចី ជូនសាធារណជន ។ ដោយឡែក សាខាខេត្តកំពង់ស្ពឺបានគ្របដណ្តប់លើខេត្តចំនួនពីរដែលមានសន្ទុះខ្លាំងក្លា គឺខេត្តកំពង់ស្ពឺ និងខេត្តកំពង់ឆ្នាំងដែលមានភូមិចំនួន៧៨៦ឃុំចំនួន១២៧ និងស្រុកចំនួន១៤ រួមនឹងក្រុងចំនួន២ផងដែរ ដែលកំពុងប្រតិបត្តិការការងារនេះ ។ សមិទ្ធផលទាំងនេះ គឺអាស្រ័យដោយបរិយាកាសសេដ្ឋកិច្ច នយោបាយមានស្ថិរភាព ទើបការរីកចម្រើនរបស់សាខាអម្រឹតមានការកក់ក្តៅលើអតិថិជនគាំទ្រលើសេវាប្រាក់បញ្ញើ សេវាប្រាក់កម្ចី និងសេវាផ្ទេរប្រាក់ ។
លោកសុខ យ៉ន នាយកសាខាធនាគារជាតិនៃកម្ពុជា ប្រចាំខេត្តកំពង់ស្ពឺ បានធ្វើការចាប់អារម្មណ៍ថា អគារស្តង់ដាថ្មីរបស់អម្រឹតបានកសាងឡើងសម្រេចជាស្ថាពរ ស្របពេលដែលសេដ្ឋកិច្ចជាតិយើងកំពុងមានការរីកចម្រើន មានស្ថិរភាព និងមានកំណើនខ្ពស់នាដំណាក់កាលចុងក្រោយនេះ ដោយសារស្ថិរភាពជាតិនយោបាយសេដ្ឋកិច្ចល្អរបស់រាជរដ្ឋាភិបាល ទើបមានកិច្ចអភិវឌ្ឍន៍លើវិស័យហិរញ្ញវត្ថុនៅកម្ពុជា ។ ពិសេស ជាសក្ខីកម្មបញ្ជាក់ឱ្យឃើញពីការរីកចម្រើនដោយឡែករបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត ។
លោកប៉ែន សំបូរ អភិបាលរងខេត្ត បានសម្តែងនូវមោទនភាពចំពោះការរីកចម្រើនវិស័យមីក្រូហិរញ្ញវត្ថុនៅក្នុងខេត្តកំពង់ស្ពឺនេះ ដោយឡែកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹតដែលត្រូវបានកាត់ខ្សែបូសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការថ្ងៃនេះ គឺស្របពេលដែលសភាពការណ៍សេដ្ឋកិច្ចរបស់ជាតិបានដំណើរការលូតលាស់និងមានស្ថិរភាពផ្នែកនយោបាយ ។ អម្រឹតជាជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយដើរតួសំខាន់លើដំណើរការបម្រើសេវាឥណទានប្រាក់សន្សំ បញ្ញើ និងផ្ទេរ បម្រើតម្រូវការទាន់ចិត្តសម្រាប់ប្រជាពលរដ្ឋ ៕
ចែករំលែកព័តមាននេះ