រាជធានីភ្នំពេញ ៖ ដើម្បីបំពេញតម្រូវការរបស់អតិថិជន កាលពីព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១១ ក្រុមហ៊ុនអូអឹមស៊ី បានរៀបចំពិធីបើកសម្ពោធសាខាថ្មីមួយទៀត គឺសាខាផ្សារដើមថ្កូវ ស្ថិតនៅក្នុងសង្កាត់់ផ្សារដើមថ្កូវ ខណ្ឌចំការមនដោយមានការចូលរួមពីលោកឧកញ៉ាស៊ីវ ថៃ នាយកក្រុមហ៊ុនអូអឹមស៊ី និងលោក Kazuhiro SHIRATORI នាយករោងចក្រ Cambodia Suzuki Motor ។
ក្នុងឱកាសនោះ លោក Kazuhiro SHIRATORI មានប្រសាសន៍ថា សាខាថ្មីនេះ ត្រូវបានស្ថាបនាឡើងក្រោមគំនិតថ្មីនៃស្តង់ដា ហាងលក់ម៉ូតូ Suzuki នៅប្រទេសកម្ពុជា។ ហាងថ្មីនេះនឹងផ្តល់ឱ្យអតិថិជននូវភាពជឿជាក់ និងការពេញចិត្តមកលើម៉ាករបស់ Suzuki កាន់តែច្រើនថែមទៀត ។ លោកបន្តថា ការប្រកួតប្រជែងលើទីផ្សារបាននិងកំពុងធ្វើសកម្មភាពយ៉ាងសកម្មក្នុងការបម្រើអតិថិជន ដូចនេះយើងត្រូវដើរឱ្យទាន់ពេលវេលា បើមិនដូច្នេះទេយើងមិនអាចមើលឃើញអនាគតដ៏ភ្លឺស្វាងនោះឡើយ។ យ៉ាងណាក៏ដោយ Cambodia Suzuki នឹងខិតខំផ្តល់ជូននូវភាពទាក់ទាញថ្មី ដោយការធ្វើបច្ចុប្បន្នភាពលើផលិតផលនិងការបង្ហាញនូវម៉ូដែលថ្មីៗបន្ថែមទៀតដើម្បីបង្កើននូវភាពប្រកួតប្រជែងសម្រាប់ផលិតផលរបស់ យើង។ ប៉ុន្តែអ្វីដែលមានសារសំខាន់ហើយស្ទើរតែស្មើនឹង«ផលិតផលល្អ»នោះ គឺ«សេវាកម្មល្អ» ព្រោះថាប្រសិនបើកង្វះសេវាកម្មល្អត្រឹមត្រូវនោះអាជីវកម្មម៉ូតូ នឹងមិនអាចពេញរូបរាងបានឡើយ ។ លោកបានបញ្ជាក់ថា ដើម្បីបំពេញនូវសេចក្តីត្រូវការរបស់អតិថិជនដោយសេវាកម្មប្រកបដោយវិជ្ជាជីវៈនោះ វាគឺជាភារកិច្ចរបស់បុគ្គលិកក្រុមហ៊ុនទាំងអស់ ។
លោក Kazuhiro SHIRATORI បានបន្ថែមថា ប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ កំពុងឈានទៅកាន់យុគសម័យថ្មី ជាពិសេសតំបន់រាជធានីភ្នំពេញ ។ ទន្ទឹមនោះអតិថិជនកាន់តែមានការជឿជាក់មកលើពួកយើងទាំងអស់គ្នា បើធៀបនឹងពេលមុន ដូច្នេះពួកយើងត្រូវតែបើកចិត្តឱ្យទូលាយនិងបរិសុទ្ធ ហើយដើរឱ្យទាន់និន្នាការចុងក្រោយបង្អស់របស់ពិភពលោក ។ អុីចឹង នៅពេលយើងធ្វើឱ្យអតិថិជនសប្បាយចិត្តនោះអាជីវកម្មរបស់យើងក៏នឹងរីកចម្រើនក្នុងដំណើរការយូរអង្វែង។
លោកឧកញ៉ាស៊ីវ ថៃ នាយកក្រុមហ៊ុនអូអឹមស៊ី បានលើកឡើងថា ក្រោមការដឹកនាំដ៏ឈ្លាសវៃនិងប៉ិនប្រសប់របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ធ្វើឱ្យស្ថានភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ មានស្ថិរភាពល្អ ប្រសើរឡើងវិញ នយោបាយការទូតក្រៅប្រទេសជាមួយបណ្តាប្រទេសជិតខាងកាន់តែរឹងមាំដែលជាឃ្នាស់សេដ្ឋកិច្ចដ៏រឹងមាំ ។ ផ្អែកតាមចំណុចជាវិជ្ជមាននេះ ផ្នែកសិក្សាស្រាវជ្រាវរបស់ក្រុមហ៊ុន SMRA របស់ Suzuki បានចុះមកសិក្សាស្រាវជ្រាវទីផ្សារជាក់ស្តែងជាបន្តបន្ទាប់សំខាន់ជួបអតិថិជន ដើម្បីស្វែងយល់ពីសេចក្តីត្រូវការរបស់ពួកគេម្នាក់ៗ ហើយយោងតាមនោះ ពីថ្ងៃនេះទៅមុខ Suzuki នឹងខិតខំបញ្ចេញនូវម៉ូដែលថ្មីៗជាបន្តបន្ទាប់បំពេញតាម តម្រូវការអតិថិជនរបស់ខ្លួន សំខាន់ម៉ូតូម៉ូដែល Scooter ជាមួយនឹងតម្លៃថោកសមរម្យ សមស្របទៅនឹងកម្រិតជីវភាពរស់នៅរបស់អ្នកប្រើប្រាស់ ។
លោកឧកញ៉ាបញ្ជាក់ថា ការបើកសាខាថ្មីផ្សារដើមថ្កូវនាថ្ងៃនេះ គឺក្រុមហ៊ុនអូអឹមស៊ី បានរៀបចំពិធី៣ក្នុងពេលតែមួយរួមមានពិធីបើក សាខាថ្មី ដែលមានលក្ខណៈស្តង់ដា IC ថ្មីរបស់កម្ពុជា ។ ក្នុងសាខាថ្មីនេះនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់សេវាកម្មនិងគ្រឿងបន្លាស់ក្រោយពេលលក់ម៉ូតូឱ្យនៅជិតអ្នកប្រើប្រាស់ និងងាយស្រួលបំផុត។ ពិធីបង្ហាញម៉ូតូSmash-V 2012 មានពីរពណ៌ អាគុយស្ងួត ដែលគួរជាទីទាក់ទាញដល់មនុស្សគ្រប់ស្រទាប់គ្រប់វ័យ ។ យុទ្ធនាការសេវាកម្មពិសេសជូនអ្នកប្រើប្រាស់ម៉ូតូ Suzuki ទាំងឡាយ និងផ្តល់ជំនឿទុកចិត្តបន្ថែមទៀតលើគុណភាព ៕
ចែករំលែកព័តមាននេះ