សារឹម ង៉ា មានពិន្ទុនាំមុខក្នុងពូល
រាជធានីភ្នំពេញ ៖ លទ្ធផលប្រដាល់នៅលើសង្វៀនស្ថានីយទូរទស្សន៍ CTN នាថ្ងៃទី២៦សីហា ដែលជាវគ្គជម្រុះវិលជុំដណ្តើមខ្សែក្រវាត់ខារ៉ាបាវ ប្រភេទម្ងន់៥៤គីឡូក្រាម ក្នុងពូល B សារឹម ង៉ា មកពីក្លឹបប្រដាល់ក្រសួងការពារជាតិ បានក្លាយជាអ្នកមានពិន្ទុនាំមុខគេក្នុងពូល បន្ទាប់ពីយកឈ្នះខុន ស៊ីចាន់ មកពីក្លឹបកងពលធំអន្តរាគមន៍លេខ៣ព្រះវិហារដោយពិន្ទុ ខណៈឯម លីថូ មកពីក្លឹបគ្រុឌមានជ័យយកឈ្នះពិន្ទុលាភ សំណាង មកពីក្លឹបកងពលតូចលេខ៧០ ។
សារឹម ង៉ា ពេលនេះគេមាន៩ពិន្ទុនៅក្នុងដៃរួចហើយ រីឯខុន ស៊ីចាន់ ប្រកួតបាន២លើក ទើបតែរកបាន២ពិន្ទុប៉ុណ្ណោះ ប៉ុន្តែស៊ីចាន់នៅសល់៣លើកទៀតទើបដឹងស-ខ្មៅ។ ចំណែកសារឹម ង៉ា ទាល់តែឈ្នះ១ប្រកួតទៀតទើបរួចខ្លួន ព្រោះថាពេលនេះឯម លីថូ និងលាភ សំណាង កំពុងតែមានពិន្ទុដេញប្រកិតពីក្រោយ។ ឯម លីថូ ប្រកួតបាន៣លើកមាន៩ពិន្ទុ ។ រីឯលាភ សំណាង ប្រកួតបាន៣លើកដូចគ្នា ឈ្នះ២ ចាញ់១ មាន៧ពិន្ទុ ។
ចំពោះគូប្រកួតមិត្តភាព វង្ស សុខពិសី មកពីក្លឹបបុរីនាគរាជ ឈ្នះពិន្ទុចន្ថា សារ៉ាន់ មកពីក្លឹបយុវកីឡាខេត្តកណ្តាល ។ ឌុន រដ្ឋា មកពីក្លឹបអេភូថងកីឡា ឈ្នះពិន្ទុវ៉ោយ សុធន់ មកពីក្លឹបសម្រែករាជសីហ៍បន្ទាយមានជ័យ ។
ខុន រាជ តាមសងសឹកមិនសម្រេច
នៅលើសង្វៀនស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៣ កាលពីថ្ងៃសៅរ៍ទី២៧ សីហា ខុន រាជ មកពីក្លឹបកងពលធំអន្តរាគមន៍លេខ៣ព្រះវិហារ តាមសងសឹកឡន លឿប មកពីក្លឹបកងពលតូចលេខ៧០ អត់បានសម្រេច ហើយលើកនេះបែរជាចាញ់ធ្ងន់ជាងលើកមុនទៅទៀត ។ ការជួបគ្នាលើកទី១ ខុន រាជ ចាញ់ត្រឹមតែពិន្ទុប៉ុណ្ណោះ ដូច្នេះគេចង់សងសឹកម្តងទៀតក្រែងអាចស្រង់ការបរាជ័យមកវិញបានខ្លះ តែមិនត្រឹមតែមិនសម្រេចតាមបំណងនោះទេ លើកនេះកាន់តែធ្ងន់ជាងមុនទៅទៀត ព្រោះត្រូវឡន លឿប វាយឱ្យសន្លប់នៅត្រឹមទឹកទី៤ ។
ង៉ែត រដ្ឋា មកពីក្លឹបក្រសួងមហាផ្ទៃ យកឈ្នះសូយ ភិរម្យ មកពីក្លឹបអូដឹមកីឡានៅត្រឹមទឹកទី១ ។ ឃឹម ពេជ្រចិន្តា មកពីក្លឹបបុរីនាគរាជ ប្រកួតឈ្នះពិន្ទុជឹម ដារ៉ា មកពីក្លឹបសិង្ហកីឡា ។ រាជសីហ៍ ចាន់ឌី មកពីក្លឹបសម្រែករាជសីហ៍បង្ក្រាបគ្រឿងញៀន យកឈ្នះសេង កំសត់ មកពីក្លឹបខេមរិន្ទមានឫទ្ធិ ដោយពិន្ទុ ។ រីឯការប្រកួតសាកលអាជីពដណ្តើមខ្សែក្រវាត់ប្រភេទទម្ងន់៦៥គីឡូក្រាមវិញ សេង រតនា មកពីក្លឹបយុវជនអង្គរធ្វើឱ្យជា ប៉ុង មកពីក្លឹបមិត្តប៉ូលិសត្រូវហាលខោនៅត្រឹមជុំទី១ បន្ទាប់ពីបានប្រើពេលវេលារហូតដល់ទៅ៦ទឹក និងយកឈ្នះពិន្ទុរួចមក ។
សូយ វរៈ បំបាក់អំនួតយុគ យក្សគីល
សូយ វរៈ មកពីក្លឹបអូដឹមកីឡា បានប្រើស្នៀតជង្គង់បំបាក់អំនួតយុគ យក្សគីល មកពីក្លឹបប៉ោយប៉ែតឱ្យចាញ់សន្លប់នៅទឹកទី៣ ក្នុងការប្រកួតនៅលើសង្វៀនស្ថានីយ ទូរទស្សន៍បាយ័ន នាថ្ងៃសៅរ៍ទី២៧ សីហានោះដែរ។ យក្សគីល មានប្រវត្តិប្រកួតជាង៤០ដង រីឯវរៈ ប្រកួតបានតែជាង២០ដងប៉ុណ្ណោះ ប៉ុន្តែការជួបគ្នាលើកនេះយក្សគីលចាញ់ប្រៀបវរៈដាច់តែម្តង ជាហេតុធ្វើឱ្យយក្សគីលពិបាកចូលកៀក ហើយថែមទាំងត្រូវវរៈប្រើស្នៀតជង្គង់វាយសង្គ្រប់ជាប់រហូត ជាពិសេសក្នុងទឹកទី៣ ផ្លែជង្គង់របស់វរៈបានបុកត្រូវពោះទឹកយក្សគីលពេញទំហឹងដួលក្រោកលែងរួច ។
ផាន់ សុវណ្ណ មកពីក្លឹបមិត្តប៉ូលិស ធ្វើឱ្យរស់ ឌីណា មកពីក្លឹបនាគព័ន្ធ ចាញ់ការប្រកួតដោយពិន្ទុយ៉ាងអស់ចិត្តបំផុត ។ ចាន់ សុខហួន មកពីក្លឹបនិរោធមានជ័យ វាយផ្តួលប៉ូ ចន្ធី មកពីក្លឹបបាក់ខែងកីឡា ឱ្យសន្លប់នៅទឹកទី៤ ។
ការប្រកួតមិត្តភាពអន្តរជាតិ កម្ពុជាឈ្នះ៣ ចាញ់២
ការប្រកួតប្រដាល់មិត្តភាពអន្តរជាតិនៅលើសង្វៀនស្តាតចាស់របស់ស្ថានីយទូរទស្សន៍អប្សរា សហការជាមួយណាហ្គាវើល កាលពីថ្ងៃសៅរ៍ទី២៧ សីហា ក្នុងចំណោមការប្រកួតជាលក្ខណៈអន្តរជាតិ៥គូ កីឡាករ-កីឡាការិនីកម្ពុជា ឈ្នះ៣គូ និងចាញ់២គូ ។
កីឡាករឈិត ង៉ុយ មកពីក្លឹបក្រសួងកសិកម្ម ប្រកួតឈ្នះពិន្ទុកីឡាករថៃ ឈ្មោះជេត អាណាន់ ។ កីឡាការិនីង្វៀន ធីង៉ុកលិញ របស់វៀតណាម ប្រកួតឈ្នះពិន្ទុកីឡាការិនីសំ សំណាង មកពីក្លឹប បាត់ដំបង ។ សំរិទ្ធ សុភាព មកពីក្លឹបក្រសួងកសិកម្ម ប្រកួតឈ្នះពិន្ទុជិត ត្រាផន មកពីប្រទេសឡាវ។ កីឡាករង្វៀន ជិនស៊ុយញិត មកពីវៀតណាម បានធ្វើឱ្យទិត្យ សុវណ្ណគិរី មកពីក្លឹបក្រសួងកសិកម្ម ចាញ់ពិន្ទុទាំងមិនអស់ចិត្ត ។ សែន រ៉ាឌី ហៅម្ទេសខ្មាំង មកពីក្លឹបក្រសួងកសិកម្ម យកឈ្នះពិន្ទុសែនឆៃ សរ៉ាត់ណាដេត ជនជាតិថៃ។ រីឯការប្រកួតមិត្តភាពរវាងកីឡាករកម្ពុជាវិញ ផុន ផាន់ណា មកពីក្លឹបក្រសួងកសិកម្ម ឈ្នះពិន្ទុវ៉ាន់ ចាន់វៃ មកពីក្លឹបសិង្ហកីឡា ៕
ចែករំលែកព័តមាននេះ