រាជធានីភ្នំពេញ ៖ យោងតាមការប្រកាសរបស់ស្ថានទូតជប៉ុនកាលពីថ្ងៃទី២៣ សីហា បានឱ្យដឹងថា ក្នុងគោលបំណងជំរុញការផ្លាស់ប្តូរវប្បធម៌រវាងប្រទេសកម្ពុជា និងជប៉ុន ស្ថានទូតជប៉ុនរួមសហការជាមួយមូលនិធិជប៉ុន នឹងរៀបចំនូវបាឋកថា និងការបង្ហាញអំពីគំនូរពុម្ពបែបប្រពៃណីជប៉ុននាថ្ងៃនេះ វេលាម៉ោង២រសៀលនៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុនហើយការចូលរួមទស្សនា គឺមិនគិតថ្លៃឡើយ។
គំនូរពុម្ពយូគីយ៉ូអ៊ី គឺជាប្រភេទនៃការបោះពុម្ពគំនូររបស់ជប៉ុន ហើយការគូរបានវិវត្តនៅក្នុងសម័យកាលអេដូ (១៦០៣-១៨៦៨) ដែលជាកេរដំណែលដ៏ល្បីល្បាញបំផុតរបស់ប្រទេសជប៉ុននៅទូទាំងពិភពលោក។ នៅក្នុងបាឋកថា និងការបង្ហាញនេះ អ្នកស្រីតាកាហាស៊ី មកពីសាលាតាកាហាស៊ី និងជាអ្នកបោះពុម្ពផ្សាយគំនូរពុម្ពបែបប្រពៃណី នឹងធ្វើការបកស្រាយពីប្រវត្តិ និងប្រធានបទនៃយូគីយ៉ូអីុ និងពន្យល់លម្អិតទៅលើរបៀបបង្កើតគំនូរពុម្ព ហើយអ្នកស្រីហ៊ីរ៉ៃនឹងបង្ហាញនូវដំណាក់កាលនីមួយៗនៃការបោះពុម្ព។វាជាឱកាសដ៏ល្អមួយដើម្បីសិក្សាពីបច្ចេកទេសនៃការបោះពុម្ពតាមរបៀបប្រពៃណីជប៉ុនដ៏គួរឱ្យទាក់ទាញ ដោយការប្រើឧបករណ៍ប្លែកៗដូចជាក្រដាសជប៉ុន និងពុម្ពគំនូរជាដើម៕
ចែករំលែកព័តមាននេះ