រាជធានីភ្នំពេញ ៖ សាស្ត្រាចារ្យព្រីង សាឃន ហៅតាជូជក់ ដែលឆ្នាំនេះមានអាយុ៧៥ឆ្នាំ ទៅហើយនោះត្រូវបានគេដឹងថា កំពុងរស់ក្នុងជីវភាពលំបាក ជាមួយសុខភាពទ្រុឌទ្រោមយ៉ាងខ្លាំង និងជាពេលដែលអាចនិយាយបានថា គួរតែមានការជួយឧបត្ថម្ភក្នុងកម្រិតណាមួយពីសប្បុរសជន ឬសហគមន៍ ឬក៏គោលនយោបាយរបស់រដ្ឋ។ ប៉ុន្តែយ៉ាងណាក៏ដោយចុះក្នុងចម្ងាយផ្លូវដ៏ឆ្ងាយគ្រាន់បើលោកព្រីង សាឃន នៅតែតស៊ូទាំងការលំបាកសព្វបែបយ៉ាងជិះម៉ូតូឌុបទៅបង្រៀនសិស្សរបស់លោកនៅឯសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។
ជួបជាមួយអ្នកយកព័ត៌មានកោះសន្តិភាពកាលពីថ្មីៗនេះលោកសាស្ត្រាចារ្យព្រីង សាឃន មានប្រសាសន៍ថា តបតាមកម្លាំង និងសុខភាពទ្រុឌទ្រោមដូចសព្វថ្ងៃនេះ គាត់គួរតែត្រូវបានបោះបង់ចោលការងារជាអ្នកបង្រៀនសិស្ស នៅសាកលវិទ្យាល័យនោះទៅហើយ ប៉ុន្តែអ្វីដែលជំរុញឱ្យគាត់តស៊ូទាំងលំបាកនោះគឺ ទឹកចិត្តស្រឡាញ់វិស័យសិល្បៈ និងចង់ថែរក្សាការពាររួមទាំងលើកកម្ពស់វិស័យនេះឱ្យរីកចម្រើនឡើងទើបលោកមិនត្អូញត្អែរ និងពុះពាររាល់ការលំបាកទាំងអស់នោះ។
តាមការពិនិត្យទៅលើសុខភាពលោកសាស្ត្រាចារ្យព្រីង សាឃន ហាក់ដូចជាទ្រុឌទ្រោមមែនទែន សមនឹងកាយសម្បទារបស់លោកពីកំណើតដែលមិនសូវសម្បូរសាច់មានតែគ្រោងឆ្អឹងទៀតនោះ គេមិននឹកស្មានថា លោកអាចនឹងធ្វើដំណើរតាមម៉ូតូឌុបទៅបង្រៀនសិស្សក្នុងចម្ងាយផ្លូវដ៏ឆ្ងាយនោះបានទេ។ ប៉ុន្តែប្រាកដណាស់ លោកនៅតែមានទឹកចិត្តគោរព និងស្រលាញ់វិស័យសិល្បៈ វប្បធម៌ ដែលជានិមិត្តរូបនៃព្រលឹងជាតិជាដ៏រាប។
សាស្ត្រាចារ្យព្រីង សាឃន កំពុងតែរស់នៅក្នុងលំនៅឋានដ៏តូចចង្អៀតជាមួយភរិយាដែលមានវ័យប្រហាក់ប្រហែលគ្នា ហើយទ្រព្យសម្បត្តិក្នុងផ្ទះរបស់លោកមើលទៅហាក់ដូចជាគ្មានអ្វីគួរឱ្យចាប់អារម្មណ៍នោះឡើយ ក្រៅតែពីពីដុង និងដបសាំងដែលជាមុខរបរបន្ថែមរបស់លោក និងក្រុមគ្រួសារ គឺគ្មានអ្វីទាំងអស់។
លោកសាស្ត្រាចារ្យព្រីង សាឃន បានចូលប្រឡូកក្នុងវិស័យសិល្បៈតាំងពីឆ្នាំ១៩៥៦ ហើយបានជាប់សញ្ញាបត្រឌីប្លូមផ្នែកល្ខោននិយាយ និងបាសាក់នៅឆ្នាំ១៩៦០។ លោកមានឈ្មោះល្បីល្បាញជាតួសម្តែងត្លុកបើកឆាកល្ខោនយីកេ រឿងទំទាវ និងរឿងអាជៃមីគ្រត ហើយគេស្គាល់ និងកោតសរសើរទេពកោសល្យសម្តែងរបស់លោកខ្លាំងមែនទែននោះ គឺតាមរយៈរឿងព្រះវេស្សន្តរ ជាតក ដែលលោកសម្តែងជាតាជូជក់នោះឯង។ បច្ចុប្បន្នលោកជាសាស្ត្រាចារ្យផ្នែកល្ខោននិយាយ និងល្ខោនបាសាក់នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។ តាំងពីសម័យមុនរហូតមកដល់សម័យបច្ចុប្បន្នលោកសាស្ត្រាចារ្យព្រីង សាឃន បានផ្ញើវាសនា និងជីវភាពប្រចាំថ្ងៃលើវិស័យសិល្បៈនិងមិនមានមុខរបរផ្សេងនោះឡើយ។
តាមរយៈកោះសន្តិភាពសាស្ត្រាចារ្យព្រីង សាឃន អំពាវនាវឱ្យមានការយកចិត្តទុកដាក់របស់ស្ថាប័នគ្រប់ជាន់ថ្នាក់រួមទាំងសប្បុរសជន ចំពោះសិល្បករ និងសិល្បការិនី ដែលមានវ័យចាស់ជរា ជីវភាពក្រលំបាក និងបាត់បង់សមត្ថភាពពលកម្ម ដូចរូបលោកដើម្បីជាការបង្ហាញនូវស្មារតីសាមគ្គីភាពរបស់សហគមន៍ផង និងដើម្បីលើកស្ទួយវិស័យសិល្បៈនៅកម្ពុជាផង។ លោកបន្ថែមថា តាមរយៈនៃទំព័រកាែសតកោះសន្តិភាពដ៏ល្បីល្បាញនៅកម្ពុជានេះ ការអំពាវនាវរបស់លោកនឹងឮទៅដល់គ្រប់មជ្ឈដ្ឋានមិនខានពិសេសប្រមុខដឹកនាំជាតិ លោកបានជ្រាប។
ទន្ទឹមនឹងនោះលោកមិនភ្លេចនូវការថ្លែងអំណរគុណចំពោះអ្នកយកព័ត៌មានកោះសន្តិភាព ដែលបានសម្ភាសន៍ និងផ្តិតយករូបភាពពីជីវិតរបស់លោកដល់គេហដ្ឋាន ដែលកន្លងមកមិនដែលមានអ្នកសារព័ត៌មានណាមួយចាប់អារម្មណ៍ចំពោះជីវភាពក្រលំបាករបស់អ្នកសិល្បៈដែលមានវ័យចំណាស់ដូចជារូបលោកនោះឡើយ៕
ចែករំលែកព័តមាននេះ