រាជធានីភ្នំពេញ ៖ ក្រុមហ៊ុន VINEXAD នៃក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម បានសហការជាមួយក្រុមហ៊ុន YorkersTrade & Marketing Service Hong Kong និងសមាគមកាត់ដេរនៅកម្ពុជារៀបចំពិព័រណ៍ពាណិជ្ជកម្ម ឧស្សាហកម្មគ្រឿងយន្តអន្តរជាតិ កម្ពុជារយៈពេល៤ថ្ងៃគឺចាប់ពីថ្ងៃទី២៥ ដល់២៨ សីហា នៅកោះពេជ្រ ហើយពិធីសម្ពោធក្រោមអធិបតីភាពលោកម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ។
លោកម៉ៅ ថូរ៉ា ថ្លែងថា ការរៀបចំពិព័រណ៍ពាណិជ្ជកម្មនេះមានក្រុមហ៊ុនចូលរួមចំនួន១៥០ដោយមានស្តង់ចំនួន២៥០ សម្រាប់ដាក់តាំងបង្ហាញផលិតផលគ្រឿងយន្តគ្រប់ប្រភេទ និងឯកសារផ្សព្វផ្សាយផ្សេងៗទៀត ។
ជារៀងរាល់ឆ្នាំនៅកម្ពុជា មានរៀបចំតាំងពិព័រណ៍ពាណិជ្ជកម្មជាច្រើនដែលរៀបចំឡើងដោយស្ថាប័នរដ្ឋ និងឯកជនក្នុងនិងក្រៅប្រទេស ហើយការរៀបចំពិព័រណ៍ទាំងនោះភាគច្រើនបម្រើតែផ្នែកសេវាកម្ម និងការធ្វើពាណិជ្ជកម្មជាលក្ខណៈទូទៅប៉ុណ្ណោះ ។ការរៀបចំពេលនេះគេបានឃើញជាលើកដំបូងការរៀបចំពិព័រណ៍មួយដែលពាក់ព័ន្ធដល់ការអភិវឌ្ឍវិស័យឧស្សាហកម្មគ្រឿងយន្ត ។ ក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា មានសេចក្តីរីករាយ និងគាំទ្រយ៉ាងសកម្ម និងសូមលើកទឹកចិត្តចំពោះការរៀបចំព្រឹត្តិការណ៍ដ៏សំខាន់នេះ។
គ្រឿងបរិក្ខារដែលដាក់តាំងនៅក្នុងពិព័រណ៍មានដូចជា សម្លៀកបំពាក់ និងវាយនភណ្ឌ, ស្បែកជើង និងស្បែក, កំណាត់ និងគ្រឿងឧបសាធន, កៅស៊ូ និងប្លាស្ទិក, ការបោះពុម្ព និងការវេចខ្ចប់, ការកែច្នៃម្ហូបអាហារ, គ្រឿងបរិក្ខារពេទ្យ, ឧបករណ៍ស្វ័យប្រវត្តិ និងគ្រឿងលោហៈ, គ្រឿងឧបករណ៍ និងគ្រឿងដែក, គ្រឿងឈើ, វិស្វកម្មអគ្គិសនី ។ល។
ពន្លាពាណិជ្ជកម្មតៃវ៉ាន់ និងពន្លារបស់ប្រទេសចិន និងប្រទេសវៀតណាម ក៏ត្រូវបានដាក់បង្ហាញជូនផលិតផលរបស់ខ្លួន ហើយផលិតផលមានយីហោនាំមុខជាលក្ខណៈអន្តរជាតិមកពីប្រទេសកម្ពុជា ចិន អាល្លឺម៉ង់ ឥណ្ឌា ឥណ្ឌូណេស៊ី អុីតាលី ជប៉ុន កូរ៉េ ម៉ាឡេស៊ី សិង្ហបុរី អេស្ប៉ាញ ស្វ៊ីស ថៃ និងសហរដ្ឋអាមេរិក ក៏ចូលរួមក្នុងពិព័រណ៍នេះផងដែរ ៕
ចែករំលែកព័តមាននេះ