រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី១៩ សីហា ២០១១ ក្រុមហ៊ុន ដាំកូ ជាក្រុមហ៊ុនឈានមុខលំដាប់ថ្នាក់ពិភពលោកផ្នែកដំណោះស្រាយបណ្តាញផ្គត់ផ្គង់ និងដឹកជញ្ជូនបានបើកសម្ពោធមជ្ឈមណ្ឌលចែកចាយ និងឃ្លាំងទំនិញថ្មីនៅកម្ពុជាដែលមានទំហំ៦.០០០ម៉ែត្រការ៉េ និងបំពាក់ដោយបរិក្ខារទំនើប ដើម្បីឆ្លើយតប នឹងការរីកចម្រើនរបស់អតិថិជននៅក្នុងទីផ្សារដែលមានការរីកលូតលាស់យ៉ាងឆាប់រហ័ស។
ឃ្លាំងទំនិញថ្មីនេះបំពាក់បរិក្ខារ រួមជាមួយប្រព័ន្ធដំណើរការ និងប្រព័ន្ធគ្រប់គ្រងទំនើបមានសមត្ថភាពខ្ពស់ ដែលធានាបានប្រសិទ្ធភាពថ្លៃដើមក្នុងការចែកចាយរបស់អតិថិជនក្រុមហ៊ុនដាំកូ ទាំងអស់។ ឃ្លាំងទំនិញថ្មីនេះ នឹងផ្តល់ជូនអតិថិជននូវសេវាកម្មសំខាន់ៗមួយចំនួនដូចជាការត្រួតពិនិត្យ និងគ្រប់គ្រងទំនិញ ដំណើរការបញ្ជាទិញកំណត់លេខបារកូដការគ្រប់គ្រងវដ្ដនៃការដឹកជញ្ជូន (Yard Management) និងការពិនិត្យការប្រតិបត្តិអ្នកដឹកជញ្ជូន អ្នកផ្គត់ផ្គង់ (Vendor/ Carrier Perfomance)។
មជ្ឈមណ្ឌលចែកចាយ និងឃ្លាំងទំនិញនេះមានទីតាំងស្ថិតនៅក្នុងរង្វង់មូលគីឡូម៉ែត្រនៃតំបន់រោងចក្រក្នុងភូមិសាស្ត្រជម្ពូវ័ន សង្កាត់ចោមចៅរាជធានីភ្នំេពញ ដែលអាចបង្កលក្ខណៈឱ្យក្រុមហ៊ុនដាំកូ ក្លាយជាស្ថានីយដឹកជញ្ជូនកុងតឺន័រ (CFS) មួយឈានមុខគេនៅកម្ពុជា។ ការវិនិយោគនេះគឺជាភស្តុតាងមួយបញ្ជាក់អំពីយុទ្ធសាស្ត្ររបស់ក្រុមហ៊ុនដាំកូ ក្នុងការបន្តពង្រឹង និងពង្រីកវត្តមានរបស់ខ្លួននៅប្រទេសកម្ពុជាតាមរយៈការផ្តល់សេវាកម្មដឹកជញ្ជូនក្នុងស្រុក និងអន្តរជាតិលំដាប់ខ្ពស់។ ជាមួយសមត្ថភាពដែលអាចបំពេញតាមតម្រូវការផ្ទាល់របស់អតិថិជនម្នាក់ៗ ឃ្លាំងនេះភ្ជាប់បណ្តាញគមនាគមន៍ដឹកជញ្ជូនផ្លូវគោកបានយ៉ាងល្អ និងមានផែស្ងួតកុងតឺណ័រចំនួន១៥។
ឃ្លាំងទំនិញនេះ មានប្រព័ន្ធគ្រប់គ្រងបែបទំនើប ដែលទទួលស្គាល់ដោយអតិថិជនជាច្រើន។ លើសពីនេះក៏មានប្រព័ន្ធទ្វាររមូលអេឡិចទ្រិកកម្រាលជ័រការពារម៉ាស៊ីភ្លើងបម្រុង និងប្រព័ន្ធម៉ាស៊ីនថត CCTV ស្របតាមស្តង់ដាសុវត្ថិភាព បរិស្ថាន និងសុខភាព។
អ្នកផលិតជាច្រើនកំពុងចាត់ទុកប្រទេសកម្ពុជាគឺជាទីផ្សារទំនិញយ៉ាងសំខាន់មួយ។ ការដឹកជញ្ជូនឆ្លងប្រទេសកម្ពុជា-វៀតណាម និងថៃ កំពុងទាមទារឱ្យមានសេវាចែកចាយ និងឃ្លាំងទំនិញនៅក្នុងទីផ្សារដែលកំពុងរីកលូតលាស់យ៉ាងឆាប់រហ័សនេះ។ ក្រុមហ៊ុនដាំកូ មានគម្រោងបន្តវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធបន្ថែមទៀត ដើម្បីឆ្លើយតបតាមតម្រូវការរបស់អតិថិជនដែលកំពុងរីកចម្រើន។ មជ្ឈមណ្ឌលចែកចាយ និងឃ្លាំងទំនិញនៅកម្ពុជាមានគម្រោងដាក់ឱ្យដំណើរការនៅក្នុងឆ្នាំ២០១២។
លោកលីម អ៊ែនឌី (Andy Lim) នាយកគ្រប់គ្រងក្រុមហ៊ុនដាំកូ នៅកម្ពុជាបានមានប្រសាសន៍ថា «ការពង្រឹងសេវាកម្មចែកចាយ និងឃ្លាំងទំនិញនៅក្នុងបណ្តាញធំទូលាយរបស់យើងអាចជួយផ្តល់សេវាកម្មដឹកជញ្ជូនពេញលេញដ៏ល្អមួយ។ អតិថិជនរបស់យើង និងអតិថិជនសក្តានុពលកំពុងរង់ចាំធ្វើការជាមួយភ្នាក់ងារផ្តល់សេវាកម្មដឹកជញ្ជូនដែលមានសមត្ថភាពធ្វើប្រតិបត្តិការ និងផ្តល់ដំណោះស្រាយជូនបណ្តាញផ្គត់ផ្គង់ដល់គោលដៅ។ វត្តមាន និងទិសដៅយុទ្ធសាស្ត្ររបស់យើងគឺជាភស្តុតាងច្បាស់លាស់ដែលបញ្ជាក់ពីសមត្ថភាពរបស់យើងក្នុងការបំពេញការងារទាំងនេះ។ ក្រុមហ៊ុនដាំកូ ផ្តល់ជូនអតិថិជននូវលទ្ធភាពបង្កើនប្រសិទ្ធភាព និងការចំណាយថ្លៃដើមតិចនៅក្នុងបណ្តាញផ្គត់ផ្គង់របស់អតិថិជន។
ក្រុមហ៊ុនដាំកូ គឺជាក្រុមហ៊ុនឈានមុខលំដាប់ថ្នាក់ពិភពលោកផ្តល់សេវាកម្មគ្រប់គ្រងបណ្តាញផ្គត់ផ្គង់ និងដឹកជញ្ជូន។ ក្រុមហ៊ុនដាំកូ មានបុគ្គលិកជាង១០.០០០នាក់ បម្រើការនៅការិយាល័យជាង២៧០នៅជុំវិញពិភពលោក និងគ្រប់គ្រងបណ្តាញផ្គង់ផ្គង់ទំនើបមួយចំនួននៅលើពិភពលោកក្នុងឧស្សាហកម្មផ្សេងៗ ដូចជាផ្នែកលក់រាយ អេឡិចត្រូនិក គ្រឿងតុបតែងកាយ និងសម្លៀកបំពាក់ ផ្នែកអាកាស និងសារធាតុគីមី។
ក្រុមហ៊ុនដាំកូ ផ្តល់ជូនប្រភេទសេវាកម្មដឹកជញ្ជូនធំទូលាយរួមទាំងការដឹកជញ្ជូនតាមសមុទ្រ និងអាកាសឃ្លាំងទំនិញទូទៅ និងឃ្លាំងទំនិញតំបន់ពាណិជ្ជកម្មសេរីការ ឆ្លងដែន ការដឹកជញ្ជូនផ្លូវគោក និងការបំពេញបែបបទគយ។ ក្រុមហ៊ុនដាំកូ គឺជាក្រុមហ៊ុនអាជីវកម្មឯករាជ្យនៅក្នុងក្រុម A.P. Moller-Maersk Group៕
ចែករំលែកព័តមាននេះ