រាជធានីភ្នំពេញ ៖ ក្រុមណាហ្គាខប រកបាន៣ពិន្ទុ បន្ថែមទៀត បន្ទាប់ពីយកឈ្នះក្រុមឆ្លាមសមុទ្រ៥-០ ក្នុងការប្រកួតនៅទីលានពហុកីឡដ្ឋានជាតិ កាលពីថ្ងៃពុធ ទី១៧ សីហា នៅក្នុងក្របខណ្ឌ Metfone Cambodian League 2011 សប្តាហ៍ទី១៥ កន្លងមកនេះ។
នៅក្នុងតង់ទី១ ក្រុមណាហ្គាខប រកបាន២គ្រាប់នាំមុខមុន ដែលគ្រាប់បាល់ទី១រកបានដោយកីឡាករ OIBOH JICIUS ពាក់អាវលេខ៤០ បន្ទាប់ពីទទួលបាល់យ៉ាងស្អាតពីកីឡាករ ESOH OMOGBA ពាក់អាវលេខ៣០ ដែលបានបញ្ជូនចេញពីជ្រុងម្ខាងចម្ងាយ៣០ម៉ែត្រ។ ចំណែកកីឡាករជិន ជុំ ខ្សែប្រយុទ្ធឆ្នើមរបស់ក្រុមណាហ្គាខប ពាក់អាវលេខ៩ រកបានគ្រាប់បាល់ទី២ នៅនាទីទី៤៥+៤។
ចូលដល់តង់ទី២ រំលងបាន១នាទី គឺនៅនាទីទី៤៦ កីឡាករសាន់ ធីដេត ពាក់អាវលេខ២៦ របស់ក្រុមឆ្លាមសមុទ្រ បានជ្រុលជើងធ្វើឱ្យបាល់ចូលទីខ្លួនឯង១គ្រាប់នៅនាទី៤៦។ ឯកីឡាករជិន ជុំ បានបង្ហាញថ្វីជើងរបស់គេជាថ្មី នៅតង់ទី២ ដោយការទាត់បាល់បញ្ចូលទីបាន២គ្រាប់ម្នាក់ឯងបន្ថែមទៀត គឺនៅនាទីទី៥៨ និងទី៨៧។ ក្រុមណាហ្គាខប ប្រកួតទាំង១៥លើកមកនេះ ឈ្នះ១១ ស្មើ១ ចាញ់៣ មាន៣៤ពិន្ទុ។ ចំណែកក្រុមឆ្លាមសមុទ្រកំពុងស្ថិតនៅក្នុងតំបន់កាត់ចោលនៅឡើយ ព្រោះថា ការប្រកួតទាំង១៥លើកមកនេះ ទើបតែរកបាន១០ពិន្ទុគត់។
ក្រុមភ្នំពេញក្រោន យកឈ្នះក្រុមក្រសួងការពារជាតិ១-០ សម្រាប់ការជួបគ្នាលើកទី២ កាលពីថ្ងៃពុធ ទី១៧ សីហា នេះដែរ។ ចំណែកកាលពីជួបគ្នាលើកទី១ ក្រុមភ្នំពេញក្រោនក៏បានយកឈ្នះក្រុមក្រសួងការពារជាតិ១-០ ដូចលើកនេះដែរ។ កីឡាករគួច សុកុម្ភៈ ខ្សែប្រយុទ្ធឆ្នើមពាក់អាវលេខ១០របស់ក្រុមភ្នំពេញក្រោនជាអ្នករកបានគ្រាប់បាល់១គ្រាប់នៅនាទីទី២៦ ។
ក្រុមភ្នំពេញក្រោន ប្រកួត១៦លើកមកនេះ ឈ្នះ១៣ ស្មើ២ ចាញ់១ មាន៤១ពិន្ទុ នាំមុខគេដាច់ក្នុងតារាង ។ ចំណែកឯក្រុមក្រសួងការពារជាតិវិញ ប្រកួត១៦លើកដូចគ្នា ឈ្នះ៩ ស្មើ១ ចាញ់៦ មាន២៨ពិន្ទុ ៕
ចែករំលែកព័តមាននេះ