រាជធានីភ្នំពេញ ៖ បណ្តាញទូរស័ព្ទ qb បានប្រកាសនៅក្នុងសប្តាហ៍នេះថា ក្រុមហ៊ុនបានចាប់ដៃគូព្រមទាំងសហការជាមួយគម្រោង អេស៊ីលីដា យូនីធី ដែលជាកម្មវិធីផ្តល់សេវាកម្មធនាគារជូនអតិថិជនតាមរយៈទូរស័ព្ទចល័តគ្រប់ប្រភេទ គ្រប់ប្រព័ន្ធ។
នៅប្រទេសកម្ពុជាមានអ្នកប្រើប្រាស់ទូរស័ព្ទច្រើនជាង៦លាននាក់ នៅក្នុងនោះ៩៩ភាគរយនៃការប្រើប្រាស់ គឺធ្វើឡើងតាមរយៈទូរស័ព្ទចល័ត ដែលនេះ គឺជាអត្រាខ្ពស់បំផុត បើសិនប្រៀបធៀបទៅនឹងចំនួនអ្នកប្រើប្រាស់សេវាកម្មធនាគារទូទាំងប្រទេស។ កម្មវិធីអេស៊ីលីដា យូនីធី ជាធនាគារក្នុងដៃអតិថិជន ដែលអាចឱ្យអតិថិជនមើលសមតុល្យទឹកប្រាក់ក្នុងគណនី ផ្ទេរប្រាក់បង់ថ្លៃវិក្កយបត្រនានា និងបញ្ចូលទឹកប្រាក់ទូរស័ព្ទ តាមរយៈទូរស័ព្ទដៃគ្រប់ប្រភេទ គ្រប់ប្រព័ន្ធ ហើយជាមួយសេវាគ្របដណ្តប់ទូទាំងប្រទេសរបស់បណ្តាញទូរស័ព្ទ qb អតិថិជននៅតាមបណ្តារាជធានី-ខេត្តទូទាំងព្រះរាជាណាចក្រកម្ពុជា អាចទាញយកអត្ថប្រយោជន៍ពីសេវាធនាគារទាំងអស់នេះបាន ដោយមិនចាំបាច់ធ្វើដំណើរទៅកាន់សាខារបស់ធនាគារដូចមុនទៀតឡើយ។
ស្របពេលអត្រាប្រើប្រាស់ទូរស័ព្ទនៅក្នុងព្រះរាជាណាចក្រកម្ពុជា ចេះតែបន្តកើនឡើងឥតឈប់ឈររៀងរាល់ថ្ងៃ ភាពជាដៃគូនេះ គឺជាមធ្យោបាយប្រសើរបំផុត សម្រាប់ក្រុមហ៊ុនទូរគមនាគមន៍ក្នុងការពង្រីកសេវាកម្ម និងបន្ថែមជូនអត្ថប្រយោជន៍ដល់អតិថិជនរបស់ខ្លួន។ លោក Michael Fitpatrick នាយកផ្នែកទីផ្សារបណ្តាញទូរស័ព្ទ qb មានប្រសាសន៍ថា «យើងដឹងច្បាស់ថា ប្រជាជនប្រើប្រាស់ទូរស័ព្ទក្នុងគោលបំណងលើសពីការហៅទូរស័ព្ទ និងផ្ញើសារជាអក្សរ។ ដូចនេះ យើងមានការរីករាយក្នុងការផ្តល់ជូនភាពងាយស្រួលថែមទៀតដល់អតិថិជនរបស់យើង តាមរយៈការចាប់ដៃគូជាមួយធនាគារអេស៊ីលីដា»។
សូមបញ្ជាក់ថា សេវាកម្មនេះ ត្រូវបានផ្តល់ជូនអតិថិជន qb ចាប់ពីសប្តាហ៍នេះតទៅ ដែលអាចដំណើរការបាននៅតាមសាខាទាំងអស់របស់ធនាគារអេស៊ីលីដា ភីអិលស៊ី។
qb គឺជាប្រតិបត្តិករទូរស័ព្ទចល័តនាំមុខលើទីផ្សារផ្នែកបច្ចេកវិទ្យា3.75G ដែលមានសេវាហៅទូរស័ព្ទសំឡេងច្បាស់ គុណភាពខ្ពស់ សេវាហៅទូរស័ព្ទទៅក្រៅប្រទេសតាមរយៈលេខកូដ១៥៣ និងកម្មវិធី Mobile Portal សម្រាប់ប្រើប្រាស់ជាមួយទូរស័ព្ទដៃដែលមានលក្ខណៈទំនើប អាចភ្ជាប់ទំនាក់ទំនងគ្នាយ៉ាងច្រើន។ ក្រុមហ៊ុនបានតាំងចិត្តប្តេជ្ញាយ៉ាងមុតមាំ ដើម្បីក្លាយជាអ្នកផ្គត់ផ្គង់សេវាទូរស័ព្ទល្អបំផុតប្រចាំព្រះរាជាណាចក្រកម្ពុជា ដោយធ្វើការលុបបំបាត់ឧបសគ្គផ្សេងៗ តាមរយៈការបង្កើត និងផ្តល់ជូនសេវាកម្មបច្ចេកវិទ្យាទំនើប និងឈានមុខគេជានិច្ច។
សម្រាប់ព័ត៌មានបន្ថែម សូមទូរស័ព្ទទៅកាន់លេខ៣៣៣ សម្រាប់អតិថិជន qb ឬ ០១៣ ៣០០៣០០ ឬអាចចូលទៅកាន់គេហទំព័រ www.qbmore.com ៕
ចែករំលែកព័តមាននេះ