រាជធានីភ្នំពេញ ៖ សេក គឹមផាន មកពីក្លឹបសឹករងខេត្តសៀមរាប ជួបប្រកួតជាមួយសូយភិរម្យ មកពីក្លឹបអូដឹមកីឡា នៅលើសង្វៀនប៉ុសិ៍្តបាយ័នក្នុងឋានៈថាគូឯកប្រចាំសបា្តហ៍សម្រាប់ថ្ងៃសៅរ៍ ទី២០ សីហា ។ សម្រាប់គូនេះអត់ដែលធ្លាប់ប៉ះគ្នាពីមុនមកឡើយ ។
គឹមផាន ស្នៀតប្រយុទ្ធនៅលើសង្វៀនរបស់គេមិនសូវជាសំបូរបែបណាស់ណានោះទេ ប៉ុន្តែកម្លាំងរបស់គេខ្លាំងអាចប្រកួតបាន៥ទឹកពេញមិនលំបាកឡើយ ទោះបីជាយ៉ាងណាក៏គេមិនហ៊ានមើលស្រាលលើភិរម្យដែរ ព្រោះថា អ្នកប្រដាល់មកពីក្លឹបអូដឹមម្នាក់នេះក៏រឹងមាំណាស់ដែរ ស្នៀតកែងនិងស្នៀតជង្គង់របស់គេសាហាវគួរសម ម្យ៉ាងអ្នកដែលធ្លាប់ជួបរូបគេច្រើនតែមានសំណាងមិនសូវល្អ ។
កន ចន្ថា មកពីក្លឹបអាជ្ញាធរជាតិអាវុធគីមីជួបម៉ាប់ ឆៃយ៉ា មកពីក្លឹបបក្សីស្លាបដែក ។ គូនេះក៏មិនសូវជាមានបទពិសោធន៍នៅលើសង្វៀនច្រើនណាស់ដែរ ប៉ុន្តែពួកគេមានការប្តេជ្ញាខ្ពស់ក្នុងការយកឈ្នះគូប្រកួតដូចគ្នា ។ ចន្ថាគេគិតថា ឆៃយ៉ាមានមាឌធាត់មិនសូវរហ័ស ការវាយនិងទាត់មានសភាពយឺតយ៉ាវ ដូច្នេះគេមិនមានអ្វីដែលលំបាកឡើយ ។ សម្រាប់ឆៃយ៉ាវិញគិតថា គេអាចតស៊ូបាន៥ទឹកពេញមិនងាយហត់ឡើយ សំអាងលើស្នៀតកណ្តាប់ដៃរបស់គេគឺអាចទប់ទល់ជាមួយចន្ថា បានមិនលំបាកសោះឡើយ ។
យុគ យក្សផ្លែ មកពីក្លឹបប៉ោយប៉ែត ជួបផាន់ គ្រាន់ មកពីក្លឹបគជសារកីឡា ។ យ៉ាម ផានិត មកពីក្លឹបរស្មីកុមារកំព្រា ជួប នឿន សាវឌី មកពីក្លឹបអេភូថងកីឡា ។
TV 5
ចន្ថា សារឹម មកពីក្លឹបយុវកីឡាខេត្តកណ្តាលនឹងជួបប្រកួតជាមួយង៉ែត រដ្ឋា មកពីក្លឹបកីឡាប្រដាល់ក្រសួងមហាផ្ទៃ នៅលើសង្វៀនប៉ុសិ៍្តលេខ៥ ថ្ងៃអាទិត្យ ទី២១ សីហា ខាងមុខនេះ ខណៈទូច រាជសីហ៍ មកពីក្លឹបរស្មីកុមារកំព្រា ជួបពៅ ស័ក្តិសិទ្ធិ មកពីក្លឹបកីឡាប្រដាល់ក្រសួងមហាផ្ទៃ ។
គូនេះបើប្រៀបធៀបទៅលើល្បិចប្រយុទ្ធនៅលើសង្វៀនគឺប្រហាក់ប្រហែលគ្នា សារឹម មានស្នៀតជើងល្អ តែចិត្តកំសាកបន្តិច ឯស្នៀតកណ្តាប់ដៃអាចវាយចេញបានរហ័សរហួនគ្រាន់បើ ។ ឯរដ្ឋា ចិត្តហ៊ានសំអាងលើផ្លែកែង និងជង្គង់របស់គេអាចធ្វើឱ្យសារឹមជួបការលំបាកបាន ប៉ុន្តែត្រង់ថា អ្នកណាខ្លាំងជាងអ្នកណា នៅមិនទាន់អាចដឹងបានឡើយ ។
ទូច រាជសីហ៍ ជាអ្នកប្រដាល់ជំនាន់ក្រោយមិនសូវមានល្បិចប្រយុទ្ធច្រើនដូចស័ក្តិសិទ្ធិឡើយ តែស័ក្តិសិទ្ធិមួយរយៈមកនេះ យីអ៊ុនរបស់គេក៏មិនសូវល្អប៉ុន្មានដែរ ។ ទូច រាជសីហ៍ មានរាងធាត់ដូចជ្រូក ប៉ុន្តែអ្នកមើលមានការកោតសរសើរគេត្រង់ថា អាចតស៊ូប្រកួតបាន៥ទឹក មិនងាយហត់ឡើយ ឯស្នៀតដៃរបស់គេវិញ ក៏ខ្លាំងគួរសមដែរ ។ ដូច្នេះសម្រាប់ស័ក្តិសិទ្ធិមិនអាចធ្វេសប្រហែសបានឡើយ ទោះបីយ៉ាងណាសម្រាប់គូនេះមុននឹងរកឃើញចាញ់ឈ្នះ ក៏ទ្រមខ្លួនមិនតិចដែរ ។
ផាវ ភឿត មកពីក្លឹបកងពលធំអន្តរាគមន៍លេខ៣ ព្រះវិហារ ជួបពេជ្រ ប៊ុនសេន មកពីក្លឹប ខេមរិន្ទមានប្ញទ្ធិ ។ សល់ អាម៉ា មកពីក្លឹបអាស៊ី កីឡា ជួបឌុច ដួង មកពីក្លឹបសាលវ័ន្តកីឡា ។
CTN
សុខ សុវណ្ណ មកពីក្លឹបកងពលលេខ៣១បាន ណាត់ជួបមាស សុជាតិ មកពីក្លឹបរាជសីហ៍ ខេត្តបន្ទាយមានជ័យ នៅលើសង្វៀន CTN ថ្ងៃសៅរ៍ទី២០ សីហា ដែលគូនេះកន្លងមកមិនធ្លាប់ជួបគ្នាម្តងណាឡើយ ។
សុខ សុវណ្ណ និងមាស សុជាតិ សុទ្ធតែជាជើងខ្លាំងដែលមានល្បិចប្រយុទ្ធក្រាស់ក្រែលដូចគ្នា ។ សុវណ្ណ មានល្បិចប្រយុទ្ធនៅលើសង្វៀនល្អគួរសម ជាពិសេសស្នៀតជើង និងស្នៀតកណ្តាប់ដៃរបស់គេតែម្តង ដែលអាចធ្វើឱ្យគូប្រកួតជាច្រើនញាក់សាច់ស្ទើរគ្រប់គ្នា ។ ប៉ុន្តែគេមិនហ៊ានក្អេងក្អាងជាមួយសុជាតិឡើយ ព្រោះថា ថ្វីដៃប្រកួតនៅលើសង្វៀនរបស់សុជាតិ ក៏មិនអន់ប៉ុន្មានឡើយ ទោះផ្លែកែង និងជង្គង់មិនសូវជាល្អណាស់ណា តែបើស្នៀតជើងនិងស្នៀតកណ្តាប់ដៃវិញមិនអាចប្រហែសបានឡើយ ។ ប៉ុន្តែដោយសារតែកន្លងមកពួកគេមិនធ្លាប់ជួបគ្នានោះ ធ្វើឱ្យទាំងសងខាងនៅមានការកោតញញើតគ្នាទៅវិញទៅមកនៅឡើយ ។
ជិន រ៉ា មកពីក្លឹបប្រដាល់ក្រសួងការពារជាតិជួបគួន ប៊ុនហ៊ីម មកពីក្លឹបពន្លឺសាមគ្គី ។ ខុន រាជ មកពីក្លឹបកងពលធំអន្តរាគមន៍លេខ៣ ព្រះវិហារ ជួបឡន លឿប មកពីក្លឹបកងពលតូចលេខ៧០ និងហែល វ៉ា មកពីក្លឹបឃ្លាំងមឿងកីឡា ជួបផន សាវុធ មកពីក្លឹបអូដឹមកីឡា ៕
ចែករំលែកព័តមាននេះ