រាជធានីភ្នំពេញ ៖ កីឡាករហ៊ុល ដារ៉ា មកពីក្លឹបសាលវ័ន្តកីឡាដែលជួបធារិទ្ធីមកពីក្លឹបអេភូថងកីឡានៅថ្ងៃសុក្រ ទី១៩ សីហា ខាងមុខនេះ គឺត្រូវការ៣ពិន្ទុបន្ថែមទៀត ដើម្បីចៀសផុតពីវគ្គប្រកួតជម្រុះក្នុងពូល A ក្នុងព្រឹត្តិការណ៍ដណ្តើមខ្សែក្រវាត់ភេសជ្ជៈខារ៉ាបាវ ទម្ងន់៥៤គីឡូក្រាមនៅលើសង្វៀន CTN ។
ហ៊ុល ដារ៉ា ប្រកួតបាន២លើកក្នុងនោះឈ្នះ១ ចាញ់១ មាន៤ពិន្ទុ។ ចំណែកធារិទ្ធី ប្រកួតបាន១លើក ចាញ់ដោយសន្លប់ទឹកទី៤ ក្រោមថ្វីដៃ អ៊ឹងបូរ៉ា មកពីក្លឹបសិង្ហកីឡា។ សម្រាប់ការប្រកួតលើកនេះធារិទ្ធីក៏ត្រូវការឈ្នះដូចគ្នា ដូច្នេះបើសិនជាគេឈ្នះ គឺអាចនៅមានសង្ឃឹមច្រើន ប៉ុន្តែទំនងជាមិនអាចទៅរួចជាមួយហ៊ុល ដារ៉ា ឡើយ។
អ៊ឹង បូរ៉ា មកពីក្លឹបសិង្ហកីឡាជួបរាជសីហ៍ បាបា មកពីក្លឹបសម្រែករាជសីហ៍បង្ក្រាបគ្រឿងញៀន។ នៅក្នុងពូល A បូរ៉ា ស្ថិតនៅចំណាត់ថ្នាក់នាំមុខគេព្រោះថា ការប្រកួត២លើកអត់ដែលចាញ់មាន៦ពិន្ទុ ចំណែកបាបាវិញ ប្រកួតបាន២លើក ឈ្នះ១ ចាញ់១ មាន៤ពិន្ទុ។ ប៉ុន្តែការបរាជ័យរបស់បាបាក្នុងការប្រកួតជាមួយជ័យ វណ្ណៈ មកពីក្លឹបឃ្លាំងមឿងកីឡា លើកមុនធ្វើឱ្យគេមិនអស់ចិត្តឡើយ។ ចំណែកលើកនេះគេសង្ឃឹមថា នឹងអាចរកបាន៣ពិន្ទុ បន្ថែមទៀតដើម្បីប៉ះប៉ូវចំពោះការបរាជ័យរបស់គេកន្លងមក។ រីឯអ្នកធ្លាប់តាមដានការប្រកួតភាគច្រើនគឺគេមិនសូវជាមានជំនឿចិត្តលើបាបាប៉ុន្មានឡើយ ព្រោះថាល្បិចប្រយុទ្ធរបស់បាបានៅមានកម្រិត។
រីឯគូប្រកួតមិត្តភាពក្នុងសប្តាហ៍នេះម៉ន វិរៈ មកពីក្លឹបព្រែកឯង ជួបពេជ្រសាម៉ុន មកពីក្លឹបវីអាយភីចំការមន។ ទូច ស័ក្ត មកពីក្លឹបរស្មីកុមារកំព្រាជួបម៉ាក់ សាមុត មកពីក្លឹបខេត្តរតនគិរី។ សេរី រតនា មកពីក្លឹបឃ្លាំងមឿងកីឡា ជួបវង្ស គង់រាជ មកពីក្លឹបបុរីនាគរាជ។
នៅលើសង្វៀនប៉ុស្តិ៍បាយ័នថ្ងៃសុក្រ ទី១៩ សីហា នេះដែរកែវ រំចង់ មកពីកងពលលេខ៨ ភ្នំទ្រព្យត្រូវជួបចាន់ រតនា មកពីក្លឹបខ្លាហោះដណ្តើមខ្សែក្រវាត់ទង្ងន់៦៧គីឡូក្រាមជុំទី១។
រីឯគូប្រកួតមិត្តភាពវិញ ធី លីដា មកពីក្លឹបតាឡីដំរីមានរិទ្ធជួបអ៊ុំ ចន្ថា មកពីក្លឹបអេភូថងកីឡា។ អាន មុន្នី មកពីក្លឹបនិរោធមានជ័យជួបពៅ សារ៉ាត់ មកពីក្លឹបវីអាយភីចំការមន។ ហង្ស រស្មី មកពីក្លឹបប៉ោយប៉ែតជួបឯម ចាន់ប៉ូលី មកពីក្លឹបគ្រុឌមានជ័យ៕
ចែករំលែកព័តមាននេះ