រាជធានីភ្នំពេញ ៖ ពិធីករភោ សុផានិត ក្នុងវ័យ៣៦ឆ្នាំ ទទួលបានជោគជ័យក្នុងការងារជាបន្តបន្ទាប់ ទោះបីកាលពីជាង៣ឆ្នាំមុនទទួលបរាជ័យរឿងស្នេហាក៏ដោយ ។ លោកភោ សុផានិត មានស្រុកកំណើតនៅខេត្តបាត់ដំបង តែនៅឆ្នាំ១៩៩៣ បានមកសិក្សាបន្តនៅរាជធានីភ្នំពេញ ហើយចូលធ្វើការងារនៅវិទ្យុ១០៣ និងទូរទស្សន៍រាជធានីភ្នំពេញជាពិធីករ។ នៅស្ថានីយវិទ្យុនិងទូរទស្សន៍ប៉ុស្តិ៍លេខ៣ រយៈពេល១០ឆ្នាំ លោកឆ្លៀតឱកាសផលិតកម្មវិធីខ្លួនឯងដោយទៅទិញម៉ោងនៅស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ រយៈពេល២ឆ្នាំ ក្រោយមកប្តូរទៅស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៥ មួយឆ្នាំ និងប៉ុន្មានឆ្នាំចុងក្រោយនេះ ប្តូរមកធ្វើការនៅស្ថានីយទូរទស្សន៍CTN រយៈពេល៤ឆ្នាំទៀត ។
ក្នុងឆ្នាំ២០១១នេះ លោកសុផានិត ឈប់សម្រាកពីស្ថានីយទូរទស្សន៍ CTN មកធ្វើជាពិធីករប្រចាំស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩មួយរយៈតូចជាមួយកញ្ញាសារាយ ព្រះកាយច័ន្ទ ធ្វើឱ្យប្រិយមិត្តទស្សនិកជនមានការភ្ញាក់ផ្អើលនិងងឿងឆ្ងល់យ៉ាងខ្លាំង។ មានអ្នកខ្លះសង្ស័យថា លោកជាប់ពាក់ព័ន្ធស្នេហាជាមួយពិធីការិនីសារាយ ព្រះកាយច័ន្ទ ។ នៅពេលយើងជួបសាកសួរលោកភោ សុផានិត ឱ្យដឹងថា លោកចាកចេញពីCTN ដោយសារតែលោកមមាញឹកនឹងការងារពេក គឺក្រោយពីបញ្ចប់ការសិក្សាអនុបណ្ឌិតផ្នែកនយោបាយ លោកផ្ទេរការងារពីទីស្តីការគណៈរដ្ឋមន្ត្រីមកធ្វើការនៅអង្គភាពប្រឆាំងអំពើពុករលួយ និងធ្វើជាអគ្គនាយករងស្ថានីយទូរទស្សន៍ខ្សែកាប អង្គរ នៅខេត្តសៀមរាប និងសិក្សាបន្តថ្នាក់បណ្ឌិតទៀត ។ ចំពោះការធ្វើជាពិធីករនៅស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ក្នុងកម្មវិធី កញ្ញាឯក Fino ឆ្នាំ២០១១ ជាមួយកញ្ញាសារាយ ព្រះកាយច័ន្ទ នោះគឺដោយសារលោកចេវ វីរៈ ជាមិត្តរួមអាជីពចាស់ពឹងឱ្យជួយមួយរយៈតូច ហើយពេលនេះកម្មវិធីបានបញ្ចប់ ហើយ។ ចំពោះរឿងមានទំនាក់ទំនងស្នេហាក្រៅឆាកជាមួយពិធីការិនីគ្មានទេ ព្រោះលោកចាត់ទុកកញ្ញាសារាយ ព្រះកាយច័ន្ទ ជាប្អូនស្រី ជាមិត្តរួមអាជីពថ្មី ម៉្លោះហើយគ្មានពាក់ព័ន្ធស្នេហាអ្វីទេ ។
លោកភោ សុផានិត ធ្លាប់រៀបការកាលពីឆ្នាំ២០០២ តែបែកគ្នាវិញកាលពីឆ្នាំ២០០៧ ក្រោយពីមានកូនស្រីម្នាក់ ។ ក្រោយពីបែកពីភរិយាទៅលោកភោ សុផានិត រងពាក្យចចាមអារ៉ាមថា មានទំនាក់ទំនងស្នេហាជាមួយនាងកែវ ពេជ្រពិសី តែមិនបានប៉ុន្មានផងនាងរៀបការជាមួយអ្នកផ្សេង។ លោកភោ សុផានិត និយាយថា «ពីដំបូងសេចក្តីស្នេហាបានផ្តើមចេញមកពីមិត្តរួមការងារសិល្បៈជាមួយគ្នា យើងគិតថា ជារឿងមួយល្អដែរ បើយើងទា់ទងគ្នា ប៉ុន្តែអ្វីដែលយើងសម្រេចចិត្តគឺយើងអ្នកសិល្បៈត្រូវចេះឱ្យតម្លៃគ្នាទៅវិញទៅមក។ ប៉ុន្តែរឿងជីវិតផ្ទាល់ខ្លួនក៏ត្រូវជ្រើសរើសគូជីវិតរបស់យើងដែរ ហើយស្នេហាត្រូវតែមានការលះបង់ ។ ចំពោះខ្ញុំនិងនាងកែវ ពេជ្រពិសី មិនទាន់មានស្នេហាជ្រាលជ្រៅប៉ុន្មានទេព្រោះខ្ញុំធ្លាប់មានប្រពន្ធកូនម្តងហើយ ដូច្នេះការជ្រើសរើសគូស្រករត្រូវប្រយ័ត្នប្រយែងបន្តិចដែរ» ។
លោកសុផានិត បញ្ជាក់ថា «កាលនោះពិសីនិងខ្ញុំគ្រាន់តែមើលចិត្តគ្នាទៅវិញទៅមកមិនទាន់ដាក់ចិត្តថា រៀបការជាមួយគ្នាទេ ។ ពេលនេះរឿងគូជីវិតខ្ញុំមិនទាន់គិតទេ គិតរឿងការងារឱ្យរលូនបន្តិចសិន និងចាំសិក្សាថ្នាក់បណ្ឌិតចប់ទើបគិតគូរ គឺ៣ឆ្នាំទៀត ដូច្នេះមិនទាន់មើលឃើញនារីណាម្នាក់ក្នុងបេះដូងនៅឡើយទេ »៕
ចែករំលែកព័តមាននេះ