ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រិ​ម ប្រិ​យ បញ្ជាក់​ពី​សុវត្ថិភាព​របស់​លោក ម៉េ​ង ប៊ុ​ន​ឡូ ក្រោយ​ក្រុម​គ្រួសារ​ប្រកាស​ពី​ការ​បាត់​ខ្លួន

2 អាទិត្យ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ តារា​កំប្លែង​អ្នក​នាង ប្រិ​ម ប្រិ​យ បាន​ចេញ​មុខ​បញ្ជាក់​ពី​សុវត្ថិភាព​របស់​លោក ម៉េ​ង ប៊ុ​ន​ឡូ បន្ទាប់​ពី​ក្រុម​គ្រួ​សារបាន​ប្រកាស​ពី​បាត់​ខ្លួន​របស់​លោក​ពី​ផ្ទះ​ដោយ​គ្មាន​ដំណឹង ដែល​ជា​ហេតុ​នាំ​ឲ្យ​ក្រុម​គ្រួសារ​សម្តែង​ក្តី​បារម្ភ​យ៉ាង​ខ្លាំង រហូត​ដាក់​ពាក្យបណ្តឹង​ថែម​ទៀត​ផង ។ គួររំលកថា អតីត​តារា​សម្តែង ម៉េ​ង ប៊ុ​ន​ឡូ ចាក​ចេញពីផ្ទះ​បាត់​ខ្លួន​ដោយ​គ្មាន​ដំណឹង ខណៈ​គ្រួសារ​ព្រួយបារម្ភ និង​កំពុង​ស្វែងរក

ទោះជា​យ៉ាងណា​ ក្រោយ​ពី​ការ​ប្រកាស​ស្វែងរក​ពីសំណាក់​​ក្រុម​គ្រួសារ​ផ្អើល​មហាជន​នោះ នៅ​ទីបំផុត​តារា​កំប្លែង និង​ជា​​អ្នក​​ជិត​ស្និទ្ធ​របស់​លោក ម៉េ​ង ប៊ុ​ន​ឡូ គឺ​អ្នក​នាង ប្រិមប្រិយ បាន​ចេញ​មុខ​បញ្ជាក់​ថា អ្នក​នាង​បាន​ជួប​លោក​ហើយ ខ​ណៈ​ពេល​ដែល​លោក​មាន​សុវត្ថិភាព​ជា​ធម្មតា ។

តាម​រយៈ​សំ​ណេ​រ​ខ្លី​មួយ​បង្ហោះ​លើ​បណ្តាញ​សង្គម​ តារា​កំប្លែង​អ្នក​នាង ប្រិ​ម ប្រិ​យ បាន​អះអាង​ថា «ខ្ញុំ​បាន​ជួប​បង ម៉េ​ង​ប៊ុ​ន​ឡូ Meng Bunlo ហើយ​ពេល​នេះ​គាត់​នៅ​ជាមួយ​ខ្ញុំ​គាត់​មាន​សុវត្ថិភាព​ធម្មតា ​បងប្អូន» ។

តាម​រយៈ​ការ​បញ្ជាក់​ខាងលើ​ពីអ្នក​​នាង ប្រិ​ម ប្រិ​យ នា​ពេល​នេះ​បាន​ធ្វើ​ឲ្យ​មហាជន ជា​ពិសេស​បណ្តា​អ្នកសិល្បៈ​ដែល​ស្គាល់​លោក ម៉េ​ង ប៊ុ​ន​ឡូ បាន​សម្តែង​ការ​រីករាយ ខ​ណៈ​ពេល​ដែល​អ្នកខ្លះ​បាននិយាយ​​លើកទឹកចិត្តដល់​លោកឱ្យ​​មាន​ភាព​រឹងមាំឡើង​វិញ និង​កុំ​គិត​ច្រើន ។

គួរ​បញ្ជាក់​ថា មហាជន ជា​ពិសេស​បណ្តា​អ្នកសិល្បៈ​មួយ​ចំនួន​បាន​សម្តែង​ការ​ភ្ញាក់ផ្អើល និង​ក្តី​បារម្ភ​យ៉ាង​ខ្លាំង ​ក្រោយ​ពី​បាន​ទទួល​ដំណឹង​ពី​ក្រុម​គ្រួសារ​របស់​អតីត​តារា​សម្តែង​លោក ម៉េ​ង ប៊ុ​ន​ឡូ ដែល​បាន​បាត់​ពី​ផ្ទះ​ដោយ​គ្មាន​​ដំណឹង​ និង​មិន​អាច​ទាក់ទង​បាន ។

អ្វី​ដែល​ក្រុម​គ្រួសារ និង​មិត្តភក្តិ​របស់​លោក ម៉េ​ង ប៊ុ​ន​ឡូ មានការ​ព្រួយបារម្ភ​កាន់តែ​ខ្លាំង​នោះ​ នៅ​មុន​ពេល​ដែល​លោក​ចាក​ចេញពីផ្ទះ​បាត់​ដំណឹង​នេះ​ លោក​ក៏​ធ្លាប់​លើក​ឡើង​ពី​ការ​ពិបាកចិត្ត​រឿង​កូនចៅ​ផង​ដែរ ជា​ពិសេស​ថ្នាំ​ដែល​លោក​លេប​ជា​ប្រចាំ​នោះ​ក៏​លោក​មិន​យក​ទៅ​តាម​ខ្លួន​ដែរ នោះ​ជា​ហេតុ​ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​បារម្ភ​ថា លោកអាច​ធ្វើ​រឿង​ផ្តេសផ្តាស់​ណាមួយ ។

ក្រោយ​ការ​បាត់​ខ្លួន​របស់​លោក ម៉េ​ង ប៊ុ​ន​ឡូ នា​ពេល​នេះ​ គេ​ក៏​ឃើញ​មាន​អ្នកសិល្បៈ​មួយ​ចំនួន​ដែល​ធ្លាប់​ស្គាល់ និង​ជិត​ស្និទ្ធ​​ជាមួយ​លោក​បាន​បង្ហោះ​សំ​ណេ​រ​ជា​បន្តបន្ទាប់​លើ​បណ្តាញ​សង្គម ដោយ​បង្ហាញ​ពី​ក្តី​​បារម្ភ​ និង​លើកទឹកចិត្ត​ទៅ​កាន់​លោក ហើយ​សង្ឃឹមថា លោក​នឹង​ត្រឡប់​មក​ផ្ទះ​វិញ​ឆាប់​ៗ​ផង​ដែរ ។

តារាចម្រៀង​និង​សម្តែង​ អ្នក​នាង ញឹ​ម ច័ន្ទ​ថន បាន​បង្ហោះ​សំ​ណេ​រ​របស់​ខ្លួន​ថា «ផ្លូវ​អារម្មណ៍​និង​ផ្លូវចិត្ត ហើយ​បាក់ទឹកចិត្ត​អ្នក​ណា​ក៏​ធ្លាប់​មាន ដូច​ខ្ញុំ​ពេល​នេះ​ចឹ​ង​! ប្អូន​យល់​អារម្មណ៍​បង​ពេល​នេះ ពេល​គិត​ហើយ​និង​បាត់​ខ្លួន​បង អ្នក​ដែល​បារម្ភ​ជាងគេ​គឺ​គ្រួសារ​យើង មិនមែន​អ្នក​ក្រៅ​ទេ។ តិច​ណាស់​បង​ដែល​មាន​គេ​បារម្ភ​យើង ចឹ​ង​បង​គិត​មួយ​ៗ​បង​ជា​មនុស្ស​ល្អ​ស្លូតបូត​ស្មោះត្រង់​ជួយ​យក​អា​ក្សា​គេ​រហូត បន្ដ​ទៅ​មុខ​ទាំងអស់​គ្នា​បងប្រុស ម៉េ​ង ប៊ុ​ន​ទ្បូ ខ្ញុំ​ជឿ​លើ​អំពើ​ល្អ​បង» ។

ចំណែក​តារា​​សម្តែង​​លោក ម៉ា​ដូ​ណា ក៏​បាន​បង្ហោះ​សំ​ណេ​រ​របស់​ខ្លួន​ដែរ​ថា ជា​សិល្បៈ​មួយ​រូប​មិន​ដែល​ចេះ​បំពុលសង្គម មាន​តែ​ចូលរួម​ជួយ​ក្នុង​សង្គម​ច្រើន ប៉ុន្តែ​ពេល​នេះ​មាន​ទាំង​ជំងឺ​ប្រចាំ​កាយ និ​ង​បាក់ទឹកចិត្ត ប្អូន​មាន​ផ្តល់​កំលាំងចិត្ត​ចំពោះ​បង ។

លោក​បញ្ជាក់​ថា ជិត​៣០​ឆ្នាំ​ហើយ​ដែល​ប្អូន​ស្គាល់​បង បងប្រុស​ជា​មនុស្ស​ល្អ​ណាស់ សូម​បង​រក្សា​ផ្លូវចិត្ត​អោយ​ល្អ និ​ង​ត្រឡប់​មក​ផ្ទះ​វិញ​គ្រួសារ​រង​ចាំ រួម​ទាំង​អ្នក​សិ​ល្បៈ​គ្រប់​ជំនាន់​លើកទឹកចិត្ត​បង ៕