ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីតតារាសម្តែង ម៉េង ប៊ុនឡូ ចាក​ចេញពីផ្ទះបាត់ខ្លួនដោយគ្មានដំណឹង​ ខណៈគ្រួសារព្រួយបារម្ភ និងកំពុងស្វែងរក​

6 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ មហាជន​បាន​សម្តែង​ការ​ភ្ញាក់ផ្អើល បន្ទាប់​ពី​ទទួលដំណឺង​​ពី​ក្រុម​គ្រួសារ​របស់​អតីត​តារា​សម្តែង​លោក ម៉េ​ង ប៊ុ​ន​ឡូ ប្រកាស​ស្វែងរក​រូប​លោក ដែល​បាន​ចេញពីផ្ទះ និង​បាត់​ខ្លួន​ដោយ​គ្មាន​ដំណឹង​អស់​រយៈពេល​១​ថ្ងៃ​ពេញ ដែល​ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​របស់​លោក​សម្តែង​ក្តី​បារម្ភ​យ៉ាង​ខ្លាំង ។

តាម​រយៈបទ​សម្ភាសន៍​ជាមួយ​អ្នក​សារព័ត៌មាន​មួយ ប្អូនប្រុស​បង្កើត​របស់​លោក​បាន​អះអាង​ថា លោក ម៉េ​ង ប៊ុ​ន​ឡូ បាន​ចាក​ចេញពីផ្ទះ​ដោយ​គ្មាន​ដំណឹងអស់​រយៈ​ពេល​មួយ​ថ្ងៃ​ហើយ ក្នុង​ពេល​ដែល​ក្រុម​គ្រួ​សារបាន​ព្យាយាម​ទាក់ទង​ដែរ តែ​ទាក់ទង​មិន​បាន ។

លោក​បញ្ជាក់​ថា លោក ម៉េ​ង ប៊ុ​ន​ឡូ បាន​ចាក​ចេញពីផ្ទះ​ទាំង​កំពុង​មាន​ជំងឺ ហើយ​ការ​ចេញពីផ្ទះ​ដោយ​គ្មាន​ដំណឹង​នា​ពេល​នេះ​ក៏​លោក​ម៉េង ប៊ុនឡូ មិន​បាន​យក​ថ្នាំ​សម្រាប់​លេប​ទៅ​តាម​ខ្លួន​ដែរ ហេតុនេះ​ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​មានការ​បារម្ភ​យ៉ាង​ខ្លាំង ។

បច្ចុប្បន្ន ក្រុម​គ្រួសារ​របស់​លោក ម៉េ​ង ប៊ុ​ន​ឡូ បាន​ដាក់​ពាក្យបណ្តឹង​ហើយ ព្រោះ​លោក​បាន​បាត់​ខ្លួន​រយៈពេល​ជាង​មួយ​ថ្ងៃ​មក​ហើយ ខ​ណៈ​ពេល​ដែល​ក្រុម​គ្រួសារ​ព្យាយាម​ទាក់ទង​ដែរ​ តែ​មិន​អាច​ទាក់ទង​លោក​បាន​នោះ​ឡើយ ។

ដំណឹង​នៃ​ការ​បាត់​ខ្លួន​របស់​លោក ម៉េ​ង ប៊ុ​ន​ឡូ នា​ពេល​នេះ មិនមែន​តែ​ក្រុម​គ្រួសារ​របស់​លោក​ប៉ុណ្ណោះ​ទេ ដែល​មានការ​ព្រួយបារម្ភ ពោល​គេ​ឃើញ​មាន​អ្នកសិល្បករ​​រួម​ជំនាន់​របស់​លោក​ជា​ច្រើន​ទៀត​ ក៏​មាន​ព្រួយបារម្ភ​ដូច​គ្នា ខ​ណៈពេល​ដែល​អ្នកសិល្បៈ​ជិត​ស្និទ្ធិ​​ខ្លះ​ក៏​បាន​ព្យាយាម​ទាក់ទង​លោក​ដែរ​ តែ​នៅ​មិន​អាច​ទាក់ទង​បាន​ដូច​គ្នា ។

ទោះយ៉ាងណា​ ពាក់ព័ន្ធ​បញ្ហា​ខាងលើ​នេះ​ កោះសន្តិភាព​នៅ​មិន​ទាន់​អាច​ស្វែងរក​ប្រភព​ពី​ក្រុម​គ្រួសារ​របស់​លោក ម៉េ​ង ប៊ុ​ន​ឡូ ដើម្បី​ធ្វើការ​បកស្រាយ​នៅឡើយ​ទេ ប៉ុន្តែ​សម្រាប់​មិត្តភក្តិ​ដែល​ធ្លាប់​ស្និទ្ធ​ស្នាល​ជាមួយ​លោក​ម្នាក់​បាន​សន្មត់ និង​ដាក់​ការ​សង្ស័យ​ថា លោក ម៉េ​ង ប៊ុ​ន​ឡូ បាត់​ខ្លួន​នា​ពេល​នេះ​គឺ​អាច​ទៅ​សម្ងំ​នៅ​កន្លែងណា​​មួយ ។

ទោះជា​យ៉ាងណា​ ប្រភព​ខាងលើ​នេះ​មិន​អាច​បញ្ជាក់​ពី​ទីតាំង​ដែល​លោក ម៉េ​ង ប៊ុ​ន​ឡូ អាច​នឹង​ទៅ​នោះ​​ឡើយ ព្រោះ​អាច​មាន​បញ្ហា​ដល់​រូប​លោក ខ​ណៈពេល​បច្ចុប្បន្ន​លោក​ក៏​បាន​ដាច់​ការ​ទាក់ទង​គ្នា​ជាមួយ​លោក ម៉េង ប៊ុ​ន​ឡូ មួយ​រយៈ​ហើយ ទើប​លោក​មិន​ចង់​និយាយ​អ្វី​ពី​អតីត​របស់​តារា​សម្តែង​រូប​នេះ​ទៀត​ឡើយ ។

ទោះជា​យ៉ាងណា​ក៏​ដោយ​ប្រភព​ខាងលើ​ជឿ​ថា ប្រសិនបើ​លោក ម៉េ​ង ប៊ុ​ន​ឡូ ពិត​ប្រាកដជា​ទៅ​សម្ងំ​នៅ​កន្លែង​សង្ស័យ​នោះ​មែន មិនយូរ​ឡើយ​លោក​នឹង​ត្រឡប់​មក​ផ្ទះ​វិញ​ជា​មិន​ខាន ។

គួរ​បញ្ជាក់​ថា លោក ម៉េ​ង ប៊ុ​ន​ឡូ ធ្លាប់​ជា​តារាចម្រៀង និង​សម្តែង​ដែល​មានកេរ្តិ៍ឈ្មោះ​មួយ​រូប​ ប៉ុន្តែ​មួយ​រយៈចុង​ក្រោយ​លោក​ក៏​បាន​បាត់​វត្តមាន​ពី​អាជីព​សិល្បៈ ដោយ​មិនសូវឮដំណឹង​ថា លោក​មានគ្រួសារ និង​រស់នៅ​ទីណា​នោះ​ឡើយ ។

ទើបតែ​ថ្មី​ៗ​នេះ​ មហាជន​ក៏​បានឃើញ​វត្តមាន​រូប​លោក​សាជា​ថ្មី​ឡើង​វិញ តាម​រយៈការ​បញ្ចេញ​ឲ្យ​ដឹង​ពី​មិត្តភក្តិ​ដែល​ជា​អ្នកសិល្បៈ​មួយ​រូប ក្នុង​អំ​ឡុង​ពេល​ដែល​លោក​បាន​ចេញ​ទៅ​ព្យាបាល​ដោយ​ការ​វះកាត់​ជើង​របស់​លោក​នៅ​ក្រៅប្រទេស ។

ចាប់តាំងពី​ពេល​នោះ​មក គេ​បានឃើញ​លោក ម៉េ​ង ប៊ុ​ន​ឡូ ចូលរួម​ដឹកនាំ និង​សម្តែង​រឿង​ខ្លី​ៗ​ក្នុង​ផលិតកម្ម​មួយ ដោយនៅ​ក្នុង​នោះ​ក៏​មានការ​ចូលរួម​សម្តែង​រួម​គ្នា​ផង​ដែរ​ពី​សំណាក់​អតីត​តារា​កំប្លែង​នាង ប្រិ​មប្រិ​យ និង​នាយ ក្រិន ផងដែរ​៕