រាជធានីភ្នំពេញ ៖ សាលារៀនអារីហ្សូន កម្ពុជា ជាសាលាឈានមុខគេក្នុងវិស័យអប់រំបណ្តុះបណ្តាលតាមបែបខ្មែរ-អាមេរិកាំង ។ បច្ចុប្បន្ន សាលាកំពុងដំណើរការនូវកម្មវិធី៤ធំៗគឺ១-កម្មវិធីចំណេះទូទៅភាសាខ្មែរពីថ្នាក់មត្តេយ្យដល់ថ្នាក់ទី១២ ស្របតាមកម្មវិធីទំនើបរបស់ក្រសួងអប់រំ យុវជន និងកីឡា ២-កម្មវិធីភាសាអង់គ្លេសតាមបែបអាមេរិកាំងទំនើបសម្រាប់កម្រិតមត្តេយ្យ និងបឋម ៣-កម្មវិធីភាសាអង់គ្លេសទូទៅសម្រាប់សិស្សពេញវ័យ ៤-វគ្គបណ្តុះបណ្តាលសិក្ខាកាមគ្រូភាសាអង់គ្លេសសិស្សពេញវ័យ និងគ្រូមត្តេយ្យ-បឋមភាសាអង់គ្លេសប្រកបដោយគុណភាពខ្ពស់ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា សំដៅសម្រេចឱ្យខាងតែបាននូវគោលដៅអភិវឌ្ឍសហស្សវត្សលើកស្ទួយវិស័យអប់រំ គឺ«ការអប់រំសម្រាប់ទាំងអស់គ្នា និងទាំងអស់គ្នាដើម្បីការអប់រំ» ។
កាលពីព្រឹកថ្ងៃពុធ ទី១០ ខែសីហា ឆ្នាំ២០១១ វេលាម៉ោង៨ដល់ម៉ោង១០និង៣០នាទីនៅសាលារៀនអារីហ្សូនកម្ពុជា នៅអគារលេខ១៧៣ស្ទួន ផ្លូវលេខ១៨២ សង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ បានដឹកនាំដំណើរទស្សនកិច្ចសិក្សាមួយទៅកាន់់ព្រះបរមរាជវាំង ជាកន្លែងដែលផ្តល់បទពិសោធន៍ រីករាយ និងការអប់រំដល់កុមារ ក្នុងគោលបំណងអបអរសាទរដំណាច់វគ្គសិក្សាទី៣ និងកិច្ចការដែលសិស្សានុសិស្សធ្វើបានល្អនៅដំណាច់វគ្គសិក្សាដែលបានអប់រំសិស្សានុសិស្សឱ្យយល់ដឹងអំពីប្រវត្តិសាស្ត្រ និងវប្បធម៌កម្ពុជា។
លោកគង់ រ័ត្នពិដោរ នាយកគ្រប់គ្រងសាលារៀនអារីហ្សូនកម្ពុជា បានមានប្រសាសន៍ឱ្យដឹងថា ជារៀងរាល់ការបញ្ចប់វគ្គសិក្សា នីមួយៗ សាលាតែងតែរៀបចំឱ្យមានកម្មវិធីកម្សាន្តសប្បាយផ្សេងៗ ដែលរួមមានពិធីជប់លៀង បញ្ចប់វគ្គសិក្សា ពិធីជំនួបមាតាបិតា សិស្ស និងកម្មវិធីដំណើរកម្សាន្តទស្សកិច្ចសិក្សា…។ល។ ដើម្បីជំរុញការសិក្សារបស់សិស្សានុសិស្សនៅសាលារៀនអារីហ្សូនកម្ពុជា ឱ្យកាន់តែមានប្រសិទ្ធភាព និងគុណភាព ក្នុងគោលបំណងឱ្យពួកគេក្លាយជាកូនល្អ សិស្សល្អ មិត្តល្អ និងពលរដ្ឋគំរូ ក្នុងសង្គមជាតិយើង ។
បន្ទាប់មក អ្នកស្រីឃែរី ហ្វីនឡេ (Kari Findley) ជាប្រធានគ្រូផ្នែកបច្ចេកទេសអប់រំសិក្សាធិការដែលជាជនជាតិអាមេរិកាំង បានឱ្យដឹងផងដែរថា ខណៈដែលយើងខ្ញុំចង់ឱ្យសិស្សានុសិស្សមានអារម្មណ៍ទទួលបានការលើកទឹកចិត្តពីការខិតខំប្រឹងប្រែងរបស់ពួកគេ និងមានពេលវេលារីករាយក្នុងដំណើរទស្សនកិច្ចសិក្សា យើងខ្ញុំក៏មានជំនឿថា វាជាការអប់រំ និងជាវិធីសាស្ត្រចាំបាច់មួយដែលជួយជំរុញដល់ការសិក្សារៀនសូត្ររបស់សិស្សឱ្យមានការអភិវឌ្ឍឈានឡើងយ៉ាងឆាប់រហ័ស ។ យើងខ្ញុំក៏យល់ឃើញថា វាជាជម្រើសដ៏ល្អសម្រាប់ទស្សនកិច្ចសិក្សានៃដំណាច់វគ្គសិក្សា ដែលនេះជាព្រឹត្តិការណ៍ពិសេសសម្រាប់សិស្សសាលារៀនអារីហ្សូនកម្ពុជា ។
ស្ថិតក្នុងឱកាសនោះផងដែរ លោកនាយកគ្រប់គ្រងបានអរគុណយ៉ាងជ្រាលជ្រៅចំពោះមាតាបិតា អាណាព្យាបាលសិស្សដែលបានគាំទ្រសាលារៀនអារីហ្សូន កម្ពុជា រហូតមក។ លោកនាយកក៏បានសំណូមពរដល់មាតាបិតា អាណាព្យាបាលសិស្សទាំងអស់ឱ្យបន្តជួយយកចិត្តទុកដាក់ជំរុញការសិក្សារបស់សិស្សានុសិស្សទាំងអស់នៅឯផ្ទះ ព្រោះថា ក្រៅអំពីការសិក្សានៅសាលា គ្រួសារគឺជាកត្តាចម្បងបំផុតដែលអាចជំរុញការសិក្សារបស់ពួកគេឱ្យទទួលបានលទ្ធផលល្អប្រសើរ ចៀសផុតអំពើអបាយមុខ ការសេពគប់មិត្តភក្តិមិនល្អ ដែលជាមូលហេតុនៃការប្រើប្រាស់គ្រឿងញៀន ដែលសង្គមជាតិកំពុងស្អប់ខ្ពើមជាទីបំផុត ។ ជាចុងក្រោយ លោកនាយកក៏បានបន្ថែមថា វគ្គសិក្សាថ្មីនឹងទទួលចុះឈ្មោះចូលរៀនរៀងរាល់ថ្ងៃ និងចូលរៀនថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១១ ។ ជាមួយគ្នានោះផងដែរ សាលារៀនអារីហ្សូនកម្ពុជា នឹងដាក់ឱ្យដំណើរការកម្មវិធីថ្នាក់ចំណេះទូទៅពីរភាសា គឺភាសាខ្មែរ-អង់គ្លេស សិក្សាមួយថ្ងៃពេញ (Full Day Bilingual Program) នៅឆ្នាំសិក្សាថ្មី២០១១-២០១២ ដែលនឹងត្រូវចូលរៀននៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១១៕
ចែករំលែកព័តមាននេះ