ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ដៃ​ឆើត លួច​លុយ​អ្នក​រើស​អេ​ត​ចាយ​ហើយ ច្របាច់ក​ក្មេង ដណ្ដើម​យក​ទូរ​សព្ទទៀត ម្ដាយ​ក្មេង​ទៅ​ទាន់ ឃាត់ខ្លួន​ឲ្យ​នគរបាល

1 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ដៃ​ឆើត​ម្នាក់ ក្នុង​រយៈពេល​១​ម៉ោង​ប៉ុណ្ណោះ បាន​ធ្វើ​សកម្មភាព​លួច​ប្រាក់ និង​ទូរ​សព្ទ​បុរស​អ្នក​រើស​អេ​ត​ចាយ​១​លើក និង​ច្របាច់ក​ក្មេង​ប្រុស​ម្នាក់ ដណ្ដើម​ទូរ​សព្ទ​១​លើក ហើយ​ត្រូវ​បាន​ម្ដាយ​ក្មេង​ប្រុស​នោះ ឃាត់ខ្លួន​បាន រួច​ក៏​ប្រគល់​ឲ្យ​នគរបាល​យក​ទៅ​ធ្វើការ​សួរនាំ​តែ​ម្ដង ។

ហេតុការណ៍​នោះ បាន​កើតឡើង​កាលពី​ចន្លោះ​ម៉ោង​១​និង​ម៉ោង​២​រសៀល​ថ្ងៃ​ទី​២៩ ខែកញ្ញា ឆ្នាំ​២០២៦ នៅ​ក្នុងភូមិ​តិ​ក្ខ​ប​ញ្ញោ សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

ស្ត្រី​ជា​ជនសង្ស័យ​រូប​នោះ មិន​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ ក្រោយ​ឃាត់ខ្លួន​បាន នគរបាល​បាន​នាំ​ទៅ​ធ្វើការ​សាកសួរ​ភ្លាម​ៗ ។ រីឯ​អ្នក​រង​គ្រោះ ដោយ​អំពើ​ចោរកម្ម​ខាងលើ​នោះ​ទី​១​ឈ្មោះ ចាន់ ធឿ​ន ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ មុខរបរ​រើស​អេ​ត​ចាយ ស្នាក់​នៅ​ក្នុង​បុរី​ឈូក​វ៉ា​២ ភូមិ​តិ​ក្ខ​ប​ញ្ញោ សង្កាត់​សំរោង​ក្រោម ។ ទី​២​ឈ្មោះ គ​ន្ធា ភេទ​ស្រី អាយុ​៤៣​ឆ្នាំ មុខរបរ​ទិញ​-​លក់​អេ​ត​ចាយ នៅ​ក្នុងភូមិ​តិ​ក្ខ​ប​ញ្ញោ សង្កាត់​សំរោង​ក្រោម ។

បើ​តាម​បុរស​ឈ្មោះ ចាន់ ធឿ​ន បាន​និយាយ​ថា នៅ​វេលា​ម៉ោង​១​រសៀល​ថ្ងៃ​កើតហេតុ ខណៈ​ដែល​គាត់​កំពុង​រៀវ​ចំ​អេ​ត​ចាយ​នៅ​ម្ដុំ​ខាងក្រោយ​វត្ត​តិ​ក្ខ​ប​ញ្ញោ ស្រាប់តែ​ឃើញ​ស្ត្រី ដែល​ជា​ជនសង្ស័យ​ខាងលើ ដើរទៅ​សុំ​បារី​គាត់​ជក់​។ លុះ​ពេល​គាត់​ឲ្យ​បារី និង​អុជ​ឲ្យ​រួចរាល់ នាង​ក៏​ចេញ​ទៅ​បាត់​ទៅ ហើយ​បន្តិច​ក្រោយមក​គាត់​ក្រឡេក​មើលទៅ​កាបូប​ដែល​មាន​លុយ ៨​ម៉ឺន​រៀល និង​ទូរ​សព្ទ​ម៉ាក​IPhone-6 ១​គ្រឿង ទុក​នៅ​លើ​រទេះ​អេ​ត​ចាយ ក៏​ស្រាប់តែ​បាត់​មិនឃើញ ។

បុរស​នោះ បាន​និយាយ​បន្ត​ថា ក្រោយមក​គាត់​បាន​តាម​រក​ស្ត្រី​សង្ស័យ​ខាងលើ​រហូត​ដល់​ឃើញ ហើយ​បាន​ឆែកឆេរ​រក​ឃើញ​តែ​ទូរ​សព្ទ​១​គ្រឿង​វិញ​ប៉ុណ្ណោះ ចំណែក​ប្រាក់​ចំនួន​៨​ម៉ឺន​រៀល មិនឃើញ​ឡើយ​។ ពេល​នោះ ដោយសារ​តែ​ខ្ជិល​មានរឿង​វែង​ឆ្ងាយ​ផង ម្យ៉ាងទៀត​មើលទៅ​នាង​ម្នាក់​នោះ គួរ​ឲ្យ​អាណិត​ផង គាត់​ក៏​មិន​បាន​ប្ដឹងផ្ដល់​នោះ​ទេ រួច​ក៏​បាន​ដោះ​លែង​នាង​វិញ​ទៅ ។

ដោយឡែក​ស្ត្រី​ឈ្មោះ គ​ន្ធា បាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ​វេលា​ម៉ោង​២​រសៀល ខណៈ​គាត់​កំពុង​លាងចាន នៅ​ខាងក្រោយ គាត់​បាន ឮ​សូរ​សំឡេង​កូនប្រុស​គាត់ អាយុ​ទើបតែ​៤​ឆ្នាំ ស្រែក​ៗ ពេល​នោះ ដោយ​មានការ​សង្ស័យ គាត់​ក៏​រត់​ទៅ​មើល​។ ស្រាប់តែ​ឃើញ​ជនសង្ស័យ​ខាងលើ កំពុង​ច្របាច់ក​កូនប្រុស​គាត់ ដណ្ដើម​យក​ទូរ​សព្ទ​ដៃ​ម៉ាក​សាំ​ស៊ុ​ង ១​គ្រឿង តម្លៃ​ជាង​៥០០​ដុល្លារ ទើប​គាត់​ឃាត់ខ្លួន​ជនសង្ស័យ​រូប​នោះ ។

គាត់​បាន​និយាយ​បន្ត​ទៀត​ថា ជនសង្ស័យ​ក៏​បាន​រើ​កកាយ​យក​ប្រាក់​មួយ​ចំនួន និង​កូនសោ​ម៉ូតូ​រស់​គាត់​ថែម​ទៀត​ផង ប្រសិនបើ​គាត់​ចេញ​មក​មិន​ទាន់​ទេ​នោះ កូនប្រុស​គាត់ អាច​នឹង​មាន​គ្រោះថ្នាក់​មិន​ខាន​ឡើយ​។ មិនតែប៉ុណ្ណោះ​ជនសង្ស័យ ក៏​អាច​និង​យក​ម៉ូតូ​របស់​គាត់​ជិះ​ទៅ​បាត់​ទៀត​ផង ហើយ​ក្រោយ​ក្រោយ​ពេល​ឃាត់ខ្លួន​ជន​នោះ​បាន គាត់​ក៏​ប្រគល់​ឲ្យ​នគរបាល​ប៉ុស្តិ៍​សំរោង​ក្រោម នាំ​ទៅ​សាកសួរ​តែ​ម្ដង ៕