ទីក្រុងសេអ៊ូល៖ រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូងថ្លែងនៅថ្ងៃនេះថាគ្រាប់មីនរបស់កូរ៉េខាងជើងផ្ទុះកាលពីអាទិត្យមុនបណ្ដាលឱ្យរបួសទាហានកូរ៉េខាងត្បូង២នាក់នៅតំបន់គ្មានកងទ័ព (DMZ)។ លោកចាត់ទុកថានេះជាការរំលោភកិច្ចព្រមព្រៀងស្ដីពីយុទ្ធសន្តិភាពនៅក្នុងសង្គ្រាមកូរ៉េ ហើយលោកហ៊ានធានាអះអាងថាកូរ៉េខាងត្បូងនឹងមិននៅស្ងៀមទេ, កូរ៉េខាងត្បូងនឹងចាត់វិធានការឆ្លើយតបជាមិនខានឡើយ។ លោករដ្ឋមន្ត្រីកាងស៊ីនឈូល (Kang Shin-chul) ជម្រាបជូនគណៈកម្មការរដ្ឋសភាថាមានគេដាក់គ្រាប់មីនទាំងនោះជាផ្នែកមួយនៃការពង្រឹងព្រំដែនក្បែរខ្សែបន្ទាត់ដែលខណ្ឌចែកតំបន់គ្មានកងទ័ព ហើយតំបន់គ្មានកងទ័ពនេះខណ្ឌចែកប្រទេសកូរ៉េទាំង២។

លោកថ្លែងថាកូរ៉េខាងជើងត្រូវតែជាអ្នកទទួលខុសត្រូវចំពោះរឿងនេះ។ ហេតុដូច្នេះ យើងនឹងចាត់វិធានការឆ្លើយតប។ លោកថាឥឡូវនេះ យោធាកូរ៉េខាងត្បូងមានគ្រប់ជម្រើសនៅលើតុ ហើយនឹងអនុវត្តទៅតាមដំណាក់កាលៗ។ លោកថ្លែងដោយសង្ខេបតែត្រឹមនេះដោយមិនបរិយាយលម្អិតទេ។ លោកថារដ្ឋាភិបាលទីក្រុងសេអ៊ូលនឹងទាក់ទងដោយផ្ទាល់ទៅកូរ៉េខាងជើងដើម្បីនិយាយឱ្យដឹងសខ្មៅជាមួយគ្នាអំពីឧបទ្ទវហេតុនេះ។ យើងនឹងជំរុញពួកគេយ៉ាងទទូចដើម្បីចូលតុនិយាយគ្នា។ ធ្វើដូច្នេះទើបយើងអាចផ្ទៀងផ្ទាត់រកការពិតទាំងអស់គ្នា។

លោកថាគោលបំណងនៃការបបួលកូរ៉េខាងជើងជជែកគ្នានេះដើម្បីឱ្យប្រាកដថាតើកូរ៉េខាងជើងពិតជាបានបង្កប់គ្រាប់មីននោះដែរឬទេ ខណៈដែលពួកគេបានដឹងរួចហើយថាទាហានកូរ៉េខាងត្បូងអាចនឹងដើរចូលតំបន់នោះ ដូច្នេះអាចនឹងធ្វើឱ្យពួកគេត្រូវរបួស។ អគ្គសេនាធិការដ្ឋានចម្រុះកងទ័ពកូរ៉េខាងត្បូងថ្លែងថាលទ្ធផលស៊ើបអង្កេតរួមគ្នាជាមួយបញ្ជាការដ្ឋានរបស់កងកម្លាំងអង្គការសហប្រជាជាតិរកឃើញថាកូរ៉េខាងជើងដាក់គ្រាប់មីនក្បែរទីតាំងដែលផ្ទុះកាលពីថ្ងៃទី២១ ខែកញ្ញា។ គ្រាប់មីននោះទំនងជាមិនមែននៅសុខៗរសាត់អណ្ដែតចូលតំបន់កើតហេតុនោះឡើយ។ អង្គការសហប្រជាជាតិវាយតម្លៃថាគ្រាប់មីនទាំងនោះត្រូវគេប្រទះឃើញនៅខាងត្បូងខ្សែបន្ទាត់ខណ្ឌចែកតំបន់គ្មានកងទ័ព។

សូមជម្រាបថាចាប់តាំងពីមានឧបទ្ទវហេតុផ្ទុះគ្រាប់មីនដែលដាក់ដោយទាហានកូរ៉េខាងជើងកាលពីឆ្នាំ២០១៥បណ្ដាលឱ្យទាហានកូរ៉េខាងត្បូងមួយចំនួនរងរបួស រដ្ឋាភិបាលទីក្រុងសេអ៊ូលចាប់ផ្ដើមយុទ្ធនាការចាក់ធុងបាស់ឮៗដោយបង្កប់សារនយោបាយប្រឆាំងនឹងរដ្ឋាភិបាលកូរ៉េខាងជើង។ សំឡេងនោះលាន់ឮឆ្លងកាត់តំបន់គ្មានកងទ័ពចូលទឹកដីកូរ៉េខាងជើង និងនាំទៅដល់ការប្រឈមមុខដាក់គ្នាខាងយោធាថែមទៀតផង។ ក្រោយមក ភាគីទាំង២យល់ព្រមសម្រុះសម្រួលគ្នាដើម្បីកាត់បន្ថយភាពតានតឹង៕ ប្រភព៖ Reuters

ចែករំលែកព័តមាននេះ