ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វៀត​ណាម​ប្រកាស​ពី​ការ​ចា.ប់​បាន​ជ.ន​ស.ង្ស័.យ​​បី​នាក់​ដែល​ពាក់​ព័ន្ធ​នឹង​ចល​នា​ភេ.រ.វ.​ក.ម្ម​ក្រៅ​ប្រទេស​

1 ថ្ងៃ មុន

ទី​ក្រុង​ហាណូយ៖ ថ្មី​ៗ​នេះ នគរ​បាល​វៀតណាម​ចាប់​ខ្លួន​មនុស្ស​បី​នាក់​ ក្នុង​នោះ​ម្នាក់​​ដើម​កំណើត​វៀតណាម​​ចូល​​​សញ្ជាតិ​ន័រ​វេ​, ​​ម្នាក់​ដើម​កំណើត​វៀតណាម​​ចូល​សញ្ជាតិ​អូស្ត្រាលី​ និង​ម្នាក់​ទៀត​​មិន​បញ្ជាក់​សញ្ជាតិ​ ប៉ុន្តែ​បើ​តាម​ភិន​ភាគ​ឈ្មោះ​គឺ​ឈ្មោះ​វៀតណាម។ ពួក​គេ​ត្រូវ​ជាប់​​​សង្ស័យ​ពី​បទ​​ប្រព្រឹត្ត​អំពើ​ភេរវ​កម្ម​។ អ្នក​ទាំង​បី​​ត្រូវ​ក្រសួង​សន្តិ​សុខ​សា​ធារ​ណៈ​វៀតណាម​ប្រកាស​កាល​ពី​ល្ងាច​ម្សិល​មិញ​​ថា​មាន​ឈ្មោះ​ង្វៀន​ឌឹក​ធួន (Nguyen Duc Thuan), ហូហ្វាម​ហ៊ាប​ហ៊ុយ (Ho Pham Hiep Huy) និង​ថៃ​កុង​ជឿង​សឺន (Thai Cong Truong Son)។ ក្រសួង​​ប្រកាស​បន្ត​ទៀត​ថា​អ្នក​ទាំង​នេះ​ត្រូ​វបាន​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​១៨ ខែ​កញ្ញា​នៅ​ពេល​ពួក​គេ​ព្យាយាម​ឆ្លង​ដែន​ខុស​ច្បាប់​ចូល​វៀតណាម​។

ពួក​គេ​បាន​ឆ្លើយ​សារភាព​ថា​ជា​សមាជិក​ក្រុម​វៀត​តាន់​ (Viet Tan) ដែល​ជា​ចលនា​តស៊ូ​នយោបាយ​គាំទ្រ​ប្រជា​ធិប​តេយ្យ​មាន​មូល​ដ្ឋាន​នៅ​អាមេរិក​។ រដ្ឋាភិបាល​វៀតណាម​ចាត់​ទុក​ថា​ចលនា​នេះ​ជា​អង្គ​ការ​ភេរ​វកម្ម​។ ក្រសួង​អះ​អាង​ថា​អ្នក​ទាំង​បី​ជ្រៀត​ចូល​វៀតណាម​ដើម្បី​ប៉ុន​ប៉ង​ប្រព្រឹត្ត​អំពើ​ភេរវ​កម្ម​ និង​វិច្ឆេទ​កម្ម​ (បំផ្លិច​បំផ្លាញ​ស៊ី​រូង​ផ្ទៃ​ក្នុង​)។ ពួក​គេ​ក៏​រង​ការ​ចោទ​ប្រកាន់​ផង​ដែរ​ថា​បាន​ក្លែង​ត្រា និង​ឯក​សារ​។ ធួន​កើត​នៅ​ឆ្នាំ​១៩៧៤​ កាន់​លិខិត​ឆ្លង​ដែន​ន័រ​វេ​ ខណៈ​ដែល​​ហ៊ុយ​កើត​ឆ្នាំ​១៩៧៥ កាន់​លិខិត​ឆ្លង​ដែន​អូស្ត្រាលី។ ក្រសួង​មិន​បាន​ប្រកាស​អំពី​ភិន​ភាគ​របស់​សឺន​ថា​មាន​សញ្ជាតិ​អ្វី​ទេ​ ដោយ​គ្រាន់​តែ​និយាយ​ថា​គាត់​កើត​ឆ្នាំ​១៩៨០​។

ពី​ឆ្វេង​មក​ស្ដាំ៖ ឈ្មោះ​ង្វៀន​ឌឹក​ធួន (Nguyen Duc Thuan) និង​ហូហ្វាម​ហ៊ាប​ហ៊ុយ (Ho Pham Hiep Huy)

ចលនា​វៀតតាន់​សរ​សេរ​រៀប​រាប់​នៅ​ក្នុង​សេច​ក្ដី​ប្រកាស​របស់​ខ្លួន​កាល​ពី​ល្ងាច​ម្សិល​មិញ​ថា​ឈ្មោះ​ធួន និង​ហ៊ុយ​ត្រូវ​បាន​ចាប់​បញ្ជូន​​​ទៅ​វៀតណាម​។ ពួក​គេ​បាត់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​១៨ ខែ​កញ្ញា​​។ អ្នក​សារ​ព័ត៌​មាន​ព្យាយាម​ទាក់​ទង​ទៅ​ក្រសួង​សន្តិ​សុខ​សា​ធារណៈ​វៀតណាម​ដើម្បី​ស្នើ​សុំ​ការ​ឆ្លើយ​បំភ្លឺ ប៉ុន្តែ​គ្មាន​ចម្លើយ​តប​ទេ​។ អូស្ត្រាលី​ចាប់​ផ្ដើម​បញ្ចេញ​ប្រតិ​កម្ម​ជា​បណ្ដើរ​ៗ​ពាក់​ព័ន្ធ​នឹង​បញ្ហា​នេះ​។ នាយក​រដ្ឋ​មន្ត្រី​អូស្ត្រាលី លោក​អាល់​បានីស (Albanese) ថ្លែង​ប្រាប់​អ្នក​​សារ​ព័ត៌​មាន​នៅ​រដ្ឋ​អាដឺឡេត​ (Adelaide) ថា​រដ្ឋាភិបាល​របស់​លោក​​កំពុង​ជួយ​ជ្រោម​ជ្រែង​ហ៊ុយ និង​ក្រុម​គ្រួសារ​របស់​គាត់​តាម​មធ្យោ​បាយ​​ការ​ទូត​។

អ្នក​សារ​ព័ត៌​មាន​ព្យាយាម​ទាក់​ទង​ទៅ​ស្ថាន​ទូត​ន័រវេ​ប្រចាំ​ទី​ក្រុង​ហាណូយ​ដើម្បី​ចង់​ដឹង​អំពី​សំណុំ​រឿង​នេះ​ ប៉ុន្តែ​ស្ថាន​ទូត​ប្រាប់​ឱ្យ​ទាក់​ទង​ទៅ​រដ្ឋាភិបាល​ន័រវេ​។ ក្រុម​វៀតតាន់​អំពាវ​នាវ​​ឱ្យ​រដ្ឋាភិបាល​ន័រ​វេ​, អូស្ត្រាលី និង​ក្រុម​សិទ្ធិ​មនុស្ស​​ជំរុញ​​ទៅ​​រដ្ឋាភិបាល​វៀតណាម​​​ដើម្បី​​ដោះ​លែង​អ្នក​ទាំង​បី​ជា​បន្ទាន់​ និង​ដោយ​ឥត​លក្ខ​ខណ្ឌ​។ អាជ្ញា​ធរ​វៀតណាម​បញ្ជាក់​ថា​សំណុំ​រឿង​នេះ​មិន​ទាន់​បិទ​បញ្ចប់​ទេ​ ហើយ​នឹង​បន្ត​ស៊ើប​អង្កេត​រក​ឫស​គល់​ដល់​ទី​បញ្ចប់​។ អាជ្ញា​ធរ​ប្រាប់​ថា​កុំ​ព្រួយ​ អ្នក​ទាំង​បី​នឹង​ទទួល​បាន​ការ​ជំនុំ​ជម្រះ​ដោយ​ផ្អែក​ទៅ​លើ​ច្បាប់​ជា​ធរ​មាន​​៕​

ជនសង្ស័យ​ង្វៀន​ឌឹក​ធួន (Nguyen Duc Thuan)