ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ម្តាយធ្វើគ្រប់យ៉ាងជំនួសកូន? ៣ទម្លាប់ដែលអាចធ្វើឱ្យកូនពិបាកចេះពឹងខ្លួនឯង

1 ថ្ងៃ មុន

ចំណេះដឹង៖ យោងតាមការចុះផ្សាយពីប្រភពបរទេស ម្តាយគ្រប់រូបតែងចង់ឱ្យកូនរស់នៅបានស្រួល និងមានអនាគតល្អ។ ប៉ុន្តែការជួយកូនគ្រប់រឿង ឬធ្វើអ្វីៗជំនួសកូនជានិច្ច អាចធ្វើឱ្យកូនពិបាករៀនធ្វើអ្វីដោយខ្លួនឯង។ សេចក្តីស្រឡាញ់មិនមែនមានន័យថា ត្រូវដោះស្រាយគ្រប់បញ្ហាជំនួសកូនទេ ព្រោះកូនត្រូវការឱកាសសាកល្បង ខុស និងរៀនពីអ្វីដែលខ្លួនបានធ្វើ។

ទី១ ម្តាយដែលធ្វើគ្រប់យ៉ាងជំនួសកូន។ តាំងពីរៀបចំសម្ភារៈសិក្សា បោកខោអាវ រហូតដល់រៀបចំរឿងតូចធំក្នុងជីវិតប្រចាំថ្ងៃ ប្រសិនបើម្តាយធ្វើជំនួសជានិច្ច កូនអាចមិនសូវចេះមើលថែខ្លួនឯង។ ពេលធំឡើង ក៏អាចជួបការលំបាកនៅពេលត្រូវរស់នៅ ឬធ្វើការដោយខ្លួនឯង។ ដូច្នេះ រឿងដែលកូនអាចធ្វើបាន គួរឱ្យកូនសាកធ្វើដោយខ្លួនឯង និងទទួលខុសត្រូវលើអ្វីដែលខ្លួនបានធ្វើ។

ទី២ ម្តាយដែលចូលជ្រៅក្នុងគ្រប់ការសម្រេចចិត្តរបស់កូន។ ម្តាយអាចផ្តល់យោបល់ និងណែនាំបាន ប៉ុន្តែមិនគួរសម្រេចគ្រប់រឿងជំនួសកូនទេ ជាពិសេសនៅពេលកូនធំឡើង។ ការជ្រើសរើសការងារ មិត្តភក្តិ ឬមនុស្សដែលខ្លួនស្រឡាញ់ គួរមានកន្លែងឱ្យកូនគិត និងសម្រេចចិត្តដោយខ្លួនឯង។ ប្រសិនបើកូនស៊ាំនឹងការឱ្យអ្នកដទៃសម្រេចជំនួស អាចធ្វើឱ្យកូនមិនសូវហ៊ានជ្រើសរើស និងមិនសូវជឿលើខ្លួនឯង។

ទី៣ ម្តាយដែលតែងតែបញ្ចេញការត្អូញត្អែរ និងអារម្មណ៍មិនល្អនៅមុខកូន។ កូនដែលឮការត្អូញត្អែរ ការរិះគន់ ឬការត្អូញត្អែរជារៀងរាល់ថ្ងៃ អាចមានអារម្មណ៍ថា ផ្ទះមិនមែនជាកន្លែងស្ងប់ស្ងាត់។ មិនមែនមានន័យថា ម្តាយមិនអាចបង្ហាញអារម្មណ៍បានទេ ប៉ុន្តែគួររៀននិយាយពីបញ្ហាដោយស្ងប់ស្ងាត់ និងមិនដាក់បន្ទុកអារម្មណ៍លើកូនជាប្រចាំ។

ជាចុងក្រោយ ម្តាយមិនចាំបាច់ធ្វើអ្វីៗគ្រប់យ៉ាងជំនួសកូនឡើយ។ អាចឱ្យកូនជួយការងារផ្ទះតាមវ័យ ឱ្យកូនសម្រេចចិត្តលើរឿងដែលសមស្រប និងទុកឱកាសឱ្យកូនរៀនពីកំហុសរបស់ខ្លួន។ ការចិញ្ចឹមកូនដែលល្អ មិនមែនធ្វើឱ្យកូនពឹងលើម្តាយរហូតទេ ប៉ុន្តែជួយឱ្យកូនចេះមើលថែខ្លួនឯង ចេះគិត ចេះសម្រេចចិត្ត និងអាចរស់នៅបានល្អដោយខ្លួនឯង៕