ទីក្រុងវ៉ាស៊ីនតោន៖ ត្រាំបញ្ជាក់ថាលោកគ្មានបានធ្វើសម្បទានអ្វីទាំងអស់ដើម្បីឱ្យអុីរ៉ង់បញ្ចប់សង្គ្រាម។ លោកថ្លែងដូច្នេះដើម្បីច្រានចោលការផ្សាយរបស់សារព័ត៌មានមួយចំនួនដែលថាលោកយល់ព្រមធ្វើទៅតាមការទាមទាររបស់អុីរ៉ង់។ លោកបង្ហោះសារនៅលើបណ្ដាញសង្គមទ្រូសសូសល (Truth Social) ថា «រឿងនេះមិនពិតទេ លោកមិនបានផ្ដល់អ្វីសូម្បីតែបន្តិចទៅពួកគេ (អុីរ៉ង់)»។ ការប្រកាសដូច្នេះបន្ទាប់ពីគេហទំព័រអាក់សឺស (Axios) និងស៊ីអឹនអឹន (CNN) ផ្សាយអំពីរឿងនេះដូចៗគ្នាដោយដកស្រង់ប្រភពមិនបញ្ចេញឈ្មោះថា «លោកត្រាំយល់ព្រមបន្ធូរបន្ថយទណ្ឌកម្ម និងអនុញ្ញាតឱ្យអុីរ៉ង់ប្រើប្រាស់ទ្រព្យសម្បត្តិដែលបង្កកទុក, សំខាន់ឱ្យតែអុីរ៉ង់ប្រកាន់ជំហរឱ្យបានហ្មត់ចត់នៅក្នុងបញ្ហានុយក្លេអ៊ែរ»។

លោកត្រាំធ្លាប់និយាយថាលោកវាយប្រហារអុីរ៉ង់ រហូតដល់កើតជាសង្គ្រាមរយៈពេល៧ខែកន្លងទៅនេះដើម្បីមិនឱ្យផលិតអាវុធនុយក្លេអ៊ែរ, ដើម្បីមិនឱ្យវាយប្រហារប្រទេសជិតខាង និងដើម្បីឱ្យប្រជាជនអុីរ៉ង់ឆ្លៀតឱកាសល្អផ្ដួលរំលំរបបដឹកនាំរបស់ពួកគេចោល។ សម្រាប់ពេលនេះ អុីរ៉ង់មិនមានអាវុធនុយក្លេអ៊ែរទេ ហើយប្រទេសនេះតែងតែបដិសេធថាខ្លួនមិនមានផែនការផលិតអាវុធនេះដែរ។ ប៉ុន្តែអុីរ៉ង់អះអាងថាខ្លួនត្រូវតែមានសិទ្ធិចម្រាញ់សារធាតុវិទ្យុសកម្មនៅក្នុងប្រទេសរបស់ខ្លួន។ ទោះបីលោកត្រាំយល់ព្រមឱ្យអុីរ៉ង់មានសិទ្ធិប្រើវិទ្យុសកម្ម ប៉ុន្តែត្រូវតែចម្រាញ់នៅប្រទេសដទៃក៏អុីរ៉ង់មិនព្រមដែរ។

ប្រធានាធិបតីអុីរ៉ង់ លោកប៉េហ្សេស្គាន (Pezeshkian) ថ្លែងប្រាប់ទូរទស្សន៍ស៊ីប៊ីអែស (CBS) ថារដ្ឋាភិបាលរបស់លោកត្រៀមខ្លួនចរចាបញ្ហានុយក្លេអ៊ែរ និងបញ្ហាដទៃទៀត, សំខាន់កុំឱ្យតែភាគីម្ខាងទៀតប្រើវិធីកោងកាច និងបង្ខិតបង្ខំ។ ប្រភពខ្លះថាមន្ត្រីរដ្ឋាភិបាលអុីរ៉ង់ និងអាមេរិកបាននិយាយជាមួយក្រុមអ្នកសម្របសម្រួលដើម្បីចាប់ផ្ដើមការចរចាគ្នាឡើងវិញ។ ប៉ុន្តែអុីរ៉ង់នៅតែប្រកាន់ជំហររឹងដដែល។ រដ្ឋមន្ត្រីការបរទេសអុីរ៉ង់ លោកអារ៉ាក់ឈី (Araqchi) បង្ហោះសារនៅលើបណ្ដាញសង្គមថារដ្ឋាភិបាលរបស់លោកកំណត់លក្ខខណ្ឌច្បាស់លាស់អស់ហើយ។ ប្រសិនបើចង់បើកដំណើរការច្រកសមុទ្រហ័រម៉ូសឡើងវិញលុះត្រាតែ (អាមេរិក) បំពេញគ្រប់ចំណុចនៃលក្ខខណ្ឌរបស់អុីរ៉ង់។ លោកថាមានតែដំណោះស្រាយដោយផ្អែកលើការចរចាគ្នាប៉ុណ្ណោះទើបអាចរំដោះខ្លួនចេញពីការជាប់គាំងនេះបាន។

ទោះជាយ៉ាងណាក្ដី អុីរ៉ង់នៅតែប្រើសម្ដីថ្លោសដដែល។ អុីរ៉ង់ប្រកាសថាស្រេចទៅលើអាមេរិកជាអ្នកជ្រើសរើសទៅចុះ, ទោះបីចង់ដោះស្រាយដោយសន្តិវិធី ឬក៏ចង់ធ្វើសង្គ្រាមជាបន្តទៀត ខ្លួនអាចកំដរបានជានិច្ច។ ពាក់ព័ន្ធនឹងសភាពការណ៍នៅលើទីផ្សារប្រេង គេឃើញថាប្រេងឆៅឡើងថ្លៃបន្តិចនៅថ្ងៃនេះ។ ប្រេងតាមហាងឆេងអឺរ៉ុប (Brent) ឡើងថ្លៃ១,៤៩ដុល្លារ មានន័យថាលក់ចេញថ្លៃ១០៦,៧៧ដុល្លារក្នុងមួយបារ៉ែល (១៥៩លីត្រ)។ ចំណែកប្រេងតាមហាងឆេងអាមេរិក (West Texas) ឡើងថ្លៃ១,៣៤ដុល្លារ មានន័យថាលក់ចេញថ្លៃ៩៣,៩៤ដុល្លារក្នុងមួយបារ៉ែល៕

ចែករំលែកព័តមាននេះ