ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

IMF​ បន្ទាបកំណើនសេដ្ឋកិច្ចកម្ពុជា នៅឆ្នាំ២០២៦នេះមកនៅត្រឹម៣ភាគរយ

1 ថ្ងៃ មុន

មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ (IMF) បានឱ្យ​ដឹង​កាលពី​ថ្ងៃ​អង្គា​រ៍ថា កំណើនសេដ្ឋកិច្ច​របស់​កម្ពុជា​ត្រូវ​បាន​ព្យាករ​ថា នឹង​ថយ​ចុះ​មក​នៅ​ត្រឹម​៣​ភាគរយ ក្នុង​ឆ្នាំ​២០២៦ ធៀប​នឹង​៥,៣% ក្នុង​ឆ្នាំ ២០២៥ ដោយសារ​ការ​កើនឡើង​យ៉ាង​គំហុក​នៃ​ថ្លៃ​ថាមពល ការ​ធ្លាក់​ចុះ​នៃ​វិស័យ​ទេសចរណ៍ និង​ការ​ថយ​ចុះ​នៃ​ប្រាក់ ដែល​ពលករ​ផ្ញើ​មក​ពី​ក្រៅប្រទេស ។

ជា​ទូទៅ កំណើនសេដ្ឋកិច្ច​កម្ពុជា ត្រូវ​បាន​វាយតម្លៃ​ដោយ​ផ្តោត​សំខាន់​លើ​ទេសចរណ៍ អចលនទ្រព្យ ការ​នាំ​ចេញ​ជា​ពិសេស គឺ​សម្លៀក​បំពាក់ ស្បែកជើង និង​ផលិតផល​ធ្វើ​ដំណើរ និង​វិស័យ​កសិកម្ម ប៉ុន្តែ​នៅ​ពេល​នេះ​ទេសចរណ៍​កំពុង​តែ​មានការ​ធ្លាក់​ចុះ ហើយ​ពាណិជ្ជកម្ម​កំពុង​តែ​រង​សំពាធ​ដោយសារ​តែ​តម្លៃ​ដើម ដោយសារ​តែ​សំពាធ​នៃ​តម្លៃ​ថាមពល និង​ស្ថានភាព​នៃ​សង្គ្រាម​អន្តរជាតិ ។

ពាក់ព័ន្ធ​នឹង​បញ្ហា​កំណើនសេដ្ឋកិច្ច​នេះ IMF បាន​បញ្ជាក់​ថា កំណើន​ត្រូវ​បាន​ព្យាករ​ថា នឹង​ថយ​ចុះ​មក​នៅ​ត្រឹម​៣​ភាគរយ ក្នុង​ឆ្នាំ​២០២៦ មុន​នឹង​ងើបឡើង​វិញ​ដល់​៤​ភាគរយ ក្នុង​ឆ្នាំ​២០២៧ ដោយ​ឆ្លុះ​បញ្ចាំង​ពី​ថ្លៃ​ថាមពល​ខ្ពស់ ការ​ធ្លាក់​ចុះ​នៃ​វិស័យ​ទេសចរណ៍ និង​ប្រាក់​ដែល​ពលករ​ផ្ញើ​មក​ពី​ក្រៅប្រទេស ការ​ថយ​ចុះ​ល្បឿន នៃ​ការ​នាំ​ចេញ​សម្លៀក​បំពាក់ តម្រូវការ​ក្នុងស្រុក​នៅ​កម្រិត​ទាប និង​លក្ខខណ្ឌ​ហិរញ្ញវត្ថុ​ដែល​តឹងរ៉ឹង​ជាង​មុន ។

ស្ថាប័ន​នេះ​បាន​បន្ថែម​ថា អត្រា​អតិផរណា​ត្រូវ​បាន​រំពឹង​ថា នឹង​នៅ​តែ​មាន​កម្រិត​ខ្ពស់ គឺ​៥,៦% ក្នុង​ឆ្នាំ​២០២៦ មុន​នឹង​ថយ​ចុះ​មក​វិញ​នៅ​ពេល​ដែល​តម្លៃ​ថាមពល​វិល​ត្រឡប់​ទៅ​រក​ភាព​ប្រក្រតី​។

IMF បាន​លើក​ឡើង​ថា ហានិភ័យ​ចំពោះ​កំណើនសេដ្ឋកិច្ច មាន​ទំនោរ​ទៅ​រក​ការ​ធ្លាក់​ចុះ ដែល​រួម​មានការ​រំខាន​ជា​ថ្មី​លើ​វិស័យ​ថាមពល និង​ពាណិជ្ជកម្ម សកម្មភាព​ឆបោក​ដែល​នៅ​តែ​បន្ត​កើត​មាន និង​ការ​ធ្លាក់​ចុះ​ខ្លាំង​នៃ​តម្លៃ​អចលនទ្រព្យ ។

ស្ថាប័ន​នេះ​បាន​បន្ថែម​ថា ការ​រំខាន​ដែល​អាច​កើត​មាន​ពី​បាតុភូត​អែ​ល​នី​ញ៉ូ ក៏​អាច​បន្ត​ដាក់​សម្ពាធ​លើ​ផលិតផល​កសិកម្ម​ផង​ដែរ ៕