ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងសុខាភិបាលពង្រឹងការពិនិត្យ និងព្យាបាលជំងឺតាំងពីកម្រិតមណ្ឌលសុខភាព

1 ថ្ងៃ មុន

លោក ឈាង រ៉ា រដ្ឋមន្ត្រី​សុខាភិបាល បាន​បង្ហាញ​នូវ​បំណង​ចង់​ប្រែក្លាយ មណ្ឌល​សុខភាព​នានា​នៅ​ក្នុង​ប្រទេស​ក្លាយជា​ច្រក​ទ្វារ​ទី​១ របស់​វិស័យ​សុខាភិបាល ដែល​នៅ​កៀក​ជិត​បំផុត​ជាមួយ​ប្រជាពលរដ្ឋ ។

លោក​បាន​លើក​ឡើង​នូវ​ម​ហិ​ច្ឆិ​តា​នេះ នៅ​ពេល​ដែល​ជួប​ជាមួយ​គណៈកម្មការ​សុខាភិបាល សង្គមកិច្ច អតីត​យុទ្ធ​ជន យុវ​នីតិសម្បទា ការងារ​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​កិច្ចការ​នារី ពោល គឺ​គណៈកម្មការ​ទី​៨ នៃ​ព្រឹទ្ធសភា កាលពី​ព្រឹក​ថ្ងៃ​ចន្ទ ទី​២៨ ខែកញ្ញា ឆ្នាំ​២០២៦ នៅ​វិមាន​ព្រឹទ្ធសភា​។

លោក ឈាង រ៉ា បាន​បញ្ជាក់​ថា នៅ​ពេល​នេះ ក្រសួង​កំពុង់​កំណត់​ការ​ពង្រីក​សេវា​ថែទាំ​សុខភាព​ឆ្ពោះទៅ​ការ​គ្របដណ្តប់​សុខភាព​ជាស​កល​ជា​គោលនយោបាយ​អាទិភាព ដោយ​ផ្តោត​លើ​ការ​ពង្រឹង​សេវា​សុខភាព​បឋម ការ​លើកកម្ពស់​គុណភាព​សេវា ការ​អភិវឌ្ឍ​សមត្ថភាព​ស្ថាប័ន និង​ការ​កសាង​ភាព​ជា​ដៃគូ​រឹង​មាំ​រវាង​វិស័យ​សាធារណៈ និង​ឯកជន ។

លោក​បាន​បន្ត​ថា ក្រសួង​ក៏​បាន​កំពុង​បន្ត​ជំរុញ​ការ​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​សុខាភិបាល ឆ្នាំ​២០២៥-២០៣៤ និង​ផែនទី​បង្ហាញផ្លូវ​ឆ្ពោះទៅ​ការ​គ្របដណ្តប់​សុខភាព​ជាស​កល ឆ្នាំ​២០២៤-២០៣៥ ដោយ​សម្រេច​បាន​វឌ្ឍនភាព​សំខាន់​ៗ​ក្នុង​ការ​ពង្រីក​លទ្ធភាព​ទទួល​បាន​សេវា​ថែទាំ​សុខភាព ការ​ពង្រឹង​សេវា​នៅ​មណ្ឌល​សុខភាព និង​មន្ទីរពេទ្យ​បង្អែក ដើម្បី​ផ្តល់​សេវា​សុខភាព ២៤​ម៉ោង​៧​ថ្ងៃ​ក្នុង​១​ស​ប្ដា​ហ៍ ការ​លើកកម្ពស់​គុណភាព និង​សុវត្ថិភាព​អ្នកជំងឺ ព្រមទាំង​ការ​ពង្រឹង​ប្រព័ន្ធ​បញ្ជូន និង​សង្គ្រោះ​បន្ទាន់ ។

ជាមួយ​គ្នា​នេះ ក្រសួង​បាន​បន្ត​ពង្រឹង​កម្មវិធី​សុខភាព​អាទិភាព រួម​មានការ​បង្ការ និង​គ្រប់គ្រង​ជំងឺមិនឆ្លង​-​ជំងឺឆ្លង សុខភាព​មាតា ទារក និង​កុមារ និង​សុខភាព​ផ្លូវចិត្ត ក៏​ដូច​ជា​ការ​ឆ្លើយ​តប​ចំពោះ​ការ​គំរាមកំហែង​សុខភាព​សាធារណៈ ។

ទន្ទឹម​នឹង​នេះ ក្រសួងសុខាភិបាល​បាន​បន្ត​ជំរុញ​ការ​អភិវឌ្ឍ​ធនធានមនុស្ស ការ​ពង្រឹង​អភិបាលកិច្ច ការ​ធ្វើ​ឌី​ជី​ថ​លូ​ប​នី​យ​កម្ម​ប្រព័ន្ធ​សុខាភិបាល និង​ការ​ធ្វើ​និយតកម្ម​លើ​សេវា​សុខាភិបាល​ឯកជន ។

សម្រាប់​ទិស​ដៅ​បន្ត ក្រសួងសុខាភិបាល​នឹង​ផ្តោត​លើ​ការ​ពង្រីក​ការ​គ្របដណ្តប់​សេវា​សុខភាព​ប្រកប ដោយ​គុណភាព ការ​ពង្រឹង​សមធម៌ និង​ការ​ការពារ​ហានិភ័យ​ហិរញ្ញវត្ថុ ការ​អភិវឌ្ឍ​ធនធានមនុស្ស និង​សមត្ថភាព​ស្ថាប័ន ការ​ពង្រឹង​ប្រព័ន្ធ​ផ្គត់ផ្គង់​ឱសថ បរិក្ខារ និង​ឧបករណ៍​វេជ្ជសាស្ត្រ ព្រមទាំង​ការ​អភិវឌ្ឍ​ទិន្នន័យ និង​បរិវត្ត​កម្ម​ឌី​ជី​ថ​ល ដើម្បី​បន្ត​ជំរុញ​វឌ្ឍនភាព​ឆ្ពោះទៅ​សម្រេចការ​គ្របដណ្តប់​សុខភាព​ជាស​កល​នៅ​ឆ្នាំ​២០៣៥ ៕