ឯកឧត្តម ស សុខា អញ្ជើញចូលរួមសន្និសីទជាន់ខ្ពស់អាស៊ានស្តីពីការបង្ក្រាបជនល្មើសរត់គេចខ្លួននៅទីក្រុងហាណូយ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នឹងដឹកនាំគណៈប្រតិភូទៅចូលរួមសន្និសីទជាន់ខ្ពស់អនុវត្តច្បាប់អាស៊ាន ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការបង្ក្រាបជនល្មើសរត់គេចខ្លួននៅទីក្រុងហាណូយ ប្រទេសវៀតណាម ។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ បានឱ្យដឹងថា ការចូលរួមនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់ ឧត្តមសេនីយ៍ឯក លឿង តាមក្វាង សមាជិកការិយាល័យ នយោបាយ និងជារដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម និងដោយទទួលបានការអនុញ្ញាតពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជាឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស សុខា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃអញ្ជើញចូលរួម«សន្និសីទជាន់ខ្ពស់អនុវត្តច្បាប់អាស៊ាន ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការបង្ក្រាបជនល្មើសរត់គេចខ្លួន» រៀបចំដោយក្រសួងនគរបាលវៀតណាម ចាប់ពីថ្ងៃទី២៩ ខែកញ្ញា ដល់ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ នៅរដ្ឋធានីហាណូយ ប្រទេសវៀតណាម។
ប្រភពបានលើកឡើងថា សន្និសីទនេះ ត្រូវបានរៀបចំឡើងក្នុងក្របខណ្ឌអាស៊ាន ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងបណ្តាប្រទេសជាសមាជិក ក្នុងការផ្លាស់ប្តូរព័ត៌មាន និងការអនុវត្តច្បាប់ឆ្លងដែន ក្នុងគោលបំណង បង្ក្រាប និងតាមចាប់ខ្លួនជនល្មើសដែលបានរត់គេចខ្លួនពីប្រទេសមួយទៅប្រទេសមួយនៅក្នុងតំបន់ ។
ទន្ទឹមនេះ សន្និសីទក៏នឹងធ្វើការពិភាក្សា ដើម្បីផ្លាស់ប្តូរបទពិសោធន៍ និងឧត្តមានុវត្តន៍ ក្នុងគោលដៅថែរក្សា សន្តិសុខ ស្ថិរភាព និងសណ្តាប់ធ្នាប់ នៅក្នុងសហគមន៍អាស៊ានទាំងមូល ៕

ចែករំលែកព័តមាននេះ