ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

UNDP ប្រកាស​គាំទ្រ​កម្មវិធី​កែទម្រង់​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា

1 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្មវិធី​អភិវឌ្ឍន៍​របស់​អង្គការសហប្រជាជាតិ (UNDP) បាន​បង្កើន​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ក្រសួងយុត្តិធម៌​របស់​កម្ពុជា ដោយ​ផ្ដល់​ការ​គាំទ្រ​លើ​កម្មវិធី​កែទម្រង់​ប្រព័ន្ធ​យុត្តិធម៌ ។

ជាក់ស្ដែង នៅ​ថ្ងៃ​ទី​២៨ ខែកញ្ញា ឆ្នាំ​២០២៦ ឯកឧត្តម កើត រិ​ទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ បាន​អញ្ជើញ​ចុះ ហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា ឆ្នាំ​២០២៦ រវាង​ក្រសួងយុត្តិធម៌ និង​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ (UNDP) ជាមួយ​លោក Enrico Gaveglia អ្នកតំណាង​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ (UNDP) ប្រចាំ​កម្ពុជា ។

ពាក់ព័ន្ធ​នឹង​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​នេះ កន្លង​មក ក្រសួងយុត្តិធម៌ និង​អង្គការ UNDP ធ្លាប់​បាន​ចុះ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា កាលពី​ថ្ងៃ​ទី​២០ ខែធ្នូ ឆ្នាំ​២០២៤ ។ ដោយ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា ឆ្នាំ​២០២៤ បាន​ផុតកំណត់​, ក្រសួងយុត្តិធម៌ និង​អង្គការ UNDP បាន​រៀបចំ​ឡើង​នូវ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា ឆ្នាំ​២០២៦ នេះ ក្នុង​គោលបំណង​បន្ត​នូវ​កិច្ច​សហប្រតិបត្តិការ​ទូលំទូលាយ​រវាង​ក្រសួងយុត្តិធម៌ និង​អង្គការ UNDP ។

ផ្អែក​តាម​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា ឆ្នាំ​២០២៦​នេះ ក្រសួងយុត្តិធម៌ និង​អង្គការ UNDP នឹង​ផ្ដោត​សំខាន់​លើ​ចំណុច​មួយ​ចំនួន​ដូច​ជា ៖ ការ​គាំទ្រ​ដល់​ក្រសួងយុត្តិធម៌​លើ​កម្មវិធី​កែទម្រង់​ប្រព័ន្ធ​យុត្តិធម៌​កម្ពុជា ។ ការ​គាំទ្រ​ដល់​អាជ្ញាធរ​ជាតិ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ ដោយ​ពង្រឹង​ប្រព័ន្ធ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ ។

ការ​គាំទ្រ​ប្រព័ន្ធ​ជំនួយ​ផ្នែក​ច្បាប់ តាម​រយៈ​ការ​ប្រើប្រាស់​ប្រព័ន្ធ​អន​ឡាញ និង​ដោយ​ផ្ទាល់ ព្រមទាំង​រៀបចំ​សេវា​ជំនួយ​ផ្នែក​ច្បាប់​ចល័ត ។ ការ​គាំទ្រ​ប្រព័ន្ធ​អេកូឡូស៊ី​នៃ​ការ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ ដោយ​បង្កើន​ការ​ប្រើប្រាស់​មធ្យោបាយ​សម្រុះសម្រួល​ផ្សះផ្សា​វិវាទ ដែល​មាន​ប្រសិទ្ធភាព និង​ងាយស្រួល ។ ការ​សិក្សា​អំពី​លទ្ធភាព​នៃ​ការ​រៀបចំ​កម្មវិធី​ត​ភ្ជាប់ ដើម្បី​បង្កើន​ទំនុកចិត្ត​របស់​យុវជន​ក្នុង​ការ​ស្វែង​យល់ និង​ប្រើប្រាស់​សេវា​យុត្តិធម៌ ៕