យេម៉ែន-អារ៉ាប៊ីសាអូឌីត ៖ ក្រោយចាប់ផ្ដើមវាយប្រហារពីដើមខែកញ្ញា និងវាយដណ្ដើមយកបាន ក្នុងពេលតែប៉ុន្មានថ្ងៃ បណ្ដាតំបន់ឆ្នេរនៃច្រកសមុទ្រ BAB EL MANDEB ពួកឧទ្ទាមហ៊ូធីស្និទ្ធិអ៉ីរ៉ង់ដ៏ខ្លាំង ស្វែងរកពង្រឹងបណ្ដាទីតាំងរបស់ពួកគេ ប្រឈមមុខនឹងកងទ័ពរដ្ឋាភិបាលគាំទ្រដោយអារ៉ាប៊ី សាអូឌីត ។

ចាប់តាំងពីពេលនោះមក អារ៉ាប៊ីសាអូឌីតបានវាយប្រហារតាមអាកាស និងជួយក្នុងការប្រយុទ្ធនៅលើដី បណ្ដាលឲ្យមនុស្សស្លាប់ច្រើនរយនាក់ទាំងសងខាង ដោយបន្ទុចបង្អាក់ ការវាយរុលទៅមុខរបស់ពួកយុទ្ធជនប្រឆាំងរដ្ឋាភិបាល ដែលដណ្ដើមត្រួតត្រារដ្ឋធានីសាណា កាលពីឆ្នាំ២០១៤ បន្ទាប់មកដណ្ដើមកាន់កាប់ភាគខាងជើងយេម៉ែនស្ទើរទាំងមូល ដែលរហូតមកទល់ពេលនេះ មិនមានការដកថយណាមួយនៅឡើយ ។
ការប្រយុទ្ធគ្នានាពេលនេះ ផ្ដោតជាពិសេសលើតំបន់ក្រុងតាអ៉ីស និងក្រុងឡាហ៍ខាងក្នុងដែនដី និងតំបន់ភ្នំជាប់ឆ្នេរសមុទ្រដែលពួកហ៊ូធីទើបវាយដណ្ដើមកាន់កាប់បានពីកងទ័ពរដ្ឋាភិបាលយេម៉ែន ។ សម្រាប់ពួកហ៊ូធីអាទិភាពចម្បងនាពេលនេះ ហាក់ដូចជាការពារចង្កេះខាងកើតនៃច្រកសមុទ្រ្ BAB EL MANDEB ដើម្បីពង្រឹងការត្រួតត្រារបស់ពួកគេ លើការធ្វើចរាចរណ៍ក្នុងច្រកសមុទ្រយុទ្ធសាស្ត្រនោះ ដែលភ្ជាប់អាស៊ីទៅអឺរ៉ុប តាមសមុទ្រក្រហម និងព្រែកជីកស៊ុយអេ និងរារាំងការវាយបករបស់កងទ័ពរដ្ឋាភិបាល ។ ពួកហ៊ូធីក៏ប៉ុនប៉ងផងដែរ ឡោមព័ទ្ធក្រុងតាអ៉ីសឲ្យនៅឯកោ ខណៈទីក្រុងនោះជាទីក្រុងធំទី៣របស់ប្រទេស ដោយកាត់ផ្ដាច់ជាពិសេស ផ្លូវថ្នល់សំខាន់ដែលភ្ជាប់ទីក្រុងនោះ ទៅក្រុងអាដេនជាទីតាំងរបស់រដ្ឋាភិបាលទទួលស្គាល់ដោយអន្តរជាតិ ។ ប៉ុន្តែនៅទីនោះ ពួកហ៊ូធីជួបការតស៊ូដ៏ស្វិតស្វាញរបស់កងទ័ពរដ្ឋាភិបាល ជួយទ្រទ្រង់ដោយអារ៉ាប៊ីសាអូឌីត។
យោងតាមពួកអ្នកជំនាញការពារថា ក្រោយពីរងការបាក់ទ័ពនាប៉ុន្មានថ្ងៃដំបូងនៃការវាយលុករបស់ពួកហ៊ូធី កងទ័ពរដ្ឋាភិបាលហាក់ដូចជាពង្រឹងកម្លាំងការពារឡើងវិញ ជាមួយការជួយទ្រទ្រង់តាមអាកាសរបស់អារ៉ាប៊ីសាអូឌីត ។ ប្រភពយោធាហ៊ូធីមួយរាយការណ៍ថា ដោយសារការវាយប្រហារតាមអាកាសរបស់អារ៉ាប៊ី សាអូឌីត បានរារាំងការវាយរុលទៅមុខរបស់យើងនៅលើទីលាន។ ប៉ុន្តែចំពោះមុខពួកហ៊ូធីហាក់ដូចជាមានយុទ្ធសាស្ត្រមួយ ដណ្ដើមយកតំបន់ម៉ារីបជាមុនសិន ព្រោះជាតំបន់សម្បូរដោយធនធានថាមពលស្ថិតនៅភាគកណ្ដាលប្រទេស ដែលបើកាន់កាប់បានតំបន់នោះវានឹងជាប្រភពអាចផ្គត់ផ្គង់ហិរញ្ញវត្ថុសំខាន់សម្រាប់ពួកគេ។ ពួកហ៊ូធីចង់ចរចាបញ្ចុះបញ្ចូល ពួកកុលសម្ព័ន្ធ និងក្រុមនានាទៀតក្នុងតំបន់នោះ ឲ្យព្រមចុះចូលតាមរយៈការចរចាគ្នា តែសម្រាប់ពេលនេះគេមិនទាន់ដឹងថាតើ អាជ្ញាធរតំបន់នោះយល់ព្រមទទួលយកដែរឬយ៉ាងណាឡើយ។
និយាយពីអារ៉ាប៊ីសាអូឌីតវិញ ប្រឈមមុខនឹងការវាយប្រហាររបស់ពួកហ៊ូប្រឆាំងដែនដីខ្លួន និងការគំរាមកំហែងលើការនាំប្រេងចេញរបស់ខ្លួនតាមសមុទ្រក្រហម បានងាកមកពឹងបណ្ដាដៃគូអន្តរជាតិ ។ មុននេះ អារ៉ាប៊ីសាអូឌីតបានស្នើដល់អាមេរិកឲ្យជួយធ្វើអន្តរាគមន៍វាយប្រហារពួកហ៊ូធី តែមកដល់ពេលនេះប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំហាក់មិនទាន់ឆ្លើយតបនៅឡើយ ។ ក្រុងរីយ៉ាដ ក៏ងាកមកពឹងលើតួកគី និងប៉ាគីស្ថានដែលទើបបង្កើតសម្ព័ន្ធភាពការពារជាមួយគ្នា ឲ្យជួយខ្លួនហើយប្រទេសទាំង៣កំពុងជួបប្រជុំគ្នានៅក្រុងរីយ៉ាដ តែមិនទាន់មានការប្រកាសណាមួយនៅឡើយ ៕

ចែករំលែកព័តមាននេះ