មានបា.ត់សាច់ញាតិទេ? ប្រទះឃើញស.ពបុរសម្នាក់អណ្តែតទឹកលូ ផ្អើលសមត្ថកិច្ចតាមស្រង់ពីខណ្ឌបឹងកេងកង ដល់ខណ្ឌចំការមន
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ កាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី២៨ ខែ កញ្ញា ឆ្នាំ ២០២៦ សមត្ថកិច្ចខណ្ឌបឹងកេងកង ដឹកនាំដោយលោកអធិការខណ្ឌ ក្រោយទទួលព័ត៍មានពីប្រជាពលរដ្ឋថាបានប្រទះឃើញសពអណ្ដែតទឹកលូ ហើយក៏បានចុះទៅដល់កន្លែងកើតហេតុ ស្រាប់តែមេឃភ្លៀងយ៉ាងខ្លាំង សពចាប់ផ្ដើមហូរតាមប្រឡាយ ក៏បានដឹកនាំកម្លាំងព្យាយាមតាមស្រង់សព តាំងពីខណ្ឌបឹងកេងកង រហូតមកដល់ផ្លូវលេខ១០៥ កែងផ្លូវលេខ៤៣២ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ។
តាមប្រភពពីលោកអធិការខណ្ឌបឹងកេងកងបានអោយដឹងថា មុនកើតហេតុ មានប្រជាពលរដ្ឋបានរាយការណ៍ថា ប្រទះឃើញសពបុរសម្នាក់អណ្ដែតទឹកលូនៅនៅចំណុចផ្លូវលេខ១០៥ កែង៣១០ ស្ថិតនៅភូមិ៧ សង្កាត់ បឹងកេងកងទី៣ ខណ្ឌបឹងកេងកង ហើយក៏ប្រញាប់ចុះមកកន្លែងកើតហេតុ ប៉ុន្តែពេលមកដល់ ស្រាប់តែមេឃធ្លាក់ភ្លៀងយ៉ាងខ្លាំង ហើយសពចាប់ផ្ដើមហូរសំដៅទៅស្ថានីយបូមទឹកបឹងត្របែក ក៏ដឹកនាំកម្លាំងយកកាំជណ្ដើរ និងឈើទៅទប់សព ដើម្បីស្រង់ឡើងលើគោកដែរ តែព្យាយាមស្រង់យ៉ាងណានៅតែទប់មិនជាប់ សពបានហូរបន្តរហូតទៅដល់ចំណុចផ្លូវលេខ៤៣២កែង១០៥ សង្កាត់បឹងត្របែក ខណ្ឌចំការមន ទើបកម្លាំងនគរបាលខណ្ឌស្រង់សពឡើងលើគោកបាន ។ ទោះជាយ៉ាងណា គ្រាន់តែសុំមូលដ្ឋានខណ្ឌចំការមន ដើម្បីអោយការិយាល័យនគរបាលបច្ចេកទេសកោសល្យវិច័យពិនិត្យសព ស្វែងរកគ្រួសារសាច់ញាតិជាបន្តទៀត ។
សមត្ថកិច្ចនគរបាលបច្ចេកទេសកោសល្យវិច័យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានចុះមកកន្លែងហេតុ បានសហការជាមួយនគរបាលខណ្ឌបឹងកេងកង ដើម្បីពិនិត្យសពអណ្ដែតទឹកនៅចំណុចប្រឡាយលូទឹកស្អុយ ដែលសពបានហូរពីខណ្ឌបឹងកេងកង មកធ្លាក់នៅខណ្ឌចំការមន ។
សពជនរងគ្រោះជាមនុស្សប្រុស មានអាយុប្រហែល៥០ឆ្នាំជាង ។ សពត្រូវបានរថយន្តដឹកសពរបស់ការិយាល័យបច្ចេកទេសដឹកយកទៅតម្កល់នៅសាលតម្កល់សពមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតជាបណ្ដោះអាសន្នសិន ។
ជុំវិញករណីខាងលើនេះ រង់ចាំការបញ្ជាក់ពីឯកឧត្តមវេជ្ជបណ្ឌិត ជាង រ៉េន គ្រូពេទ្យកោសល្យវិច័យអមតុលាការរាជធានីភ្នំពេញ ចុះពិនិត្យ ដើម្បីបញ្ជាក់មូលហេតុច្បាស់លាស់ នៅពេលក្រោយទៀត ៕





ចែករំលែកព័តមាននេះ