ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងធនធានទឹកដាក់បទបញ្ជាឱ្យខេត្តកំពង់ស្ពឺត្រៀមខ្លួនជានិច្ច ទប់ស្កាត់ទឹកជំនន់ និងគ្រោះរាំងស្ងួតចុងឆ្នាំ២០២៦

1 ថ្ងៃ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​ ៖ លោក ពេជ្រ វាសនា អនុរដ្ឋលេខាធិការ ក្រសួង​ធនធានទឹក បាន​ណែនាំ​ដល់​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តកំពង់ស្ពឺ ឱ្យ​បន្ត​យកចិត្តទុកដាក់​ខ្ពស់​លើ​ការ​តាមដាន​ស្ថានភាព​ទឹក​នៅ​តាម​បណ្តា​អាង​ទឹក​សំខាន់​ៗ​ទាំងអស់ និង​ត្រូវ​ត្រៀមលក្ខណៈ​ជា​ស្រេច​សម្រាប់​ការងារ​អន្តរាគមន៍​សង្គ្រោះ បង្ការ និង​ឆ្លើយ​តប​ចំពោះ​គ្រោះ​ទឹកជំនន់ ឬ​គ្រោះ​រាំង​ស្ងួត ដែល​អាច​កើត​មាន​ឡើងជា​យថាហេតុ​នៅ​ចុងឆ្នាំ​២០២៦ នេះ​។

ការ​ណែនាំ​បែប​នេះ គ្រា​ដែល​លោក ពេជ្រ វាសនា អនុរដ្ឋលេខាធិការ និង​ជា​ប្រធាន​ក្រុមការងារ​សម្របសម្រួល​ការងារ​គ្រប់គ្រង​ធនធានទឹក និង​ឧតុនិយម​ប្រចាំ​ខេត្តកំពង់ស្ពឺ បាន​អញ្ជើញ​ចុះ​ពិនិត្យ​ស្ថានភាព​ទឹក​នៅ​អាង​ស្តុក​ទឹក​តា​សាល និង​អាង​ទឹក​ពាម​ល្វា​-​អូរ​តោង ស្ថិត​ក្នុងភូមិ​សាស្ត្រ​ខេត្តកំពង់ស្ពឺ នៅ​ថ្ងៃ​ទី​២៨ ខែកញ្ញា ឆ្នាំ​២០២៦ ។

លោក​អនុរដ្ឋលេខាធិការបាន​បញ្ជាក់​ថា គិត​ត្រឹម​ថ្ងៃ​ទី​២៨ ខែកញ្ញា ឆ្នាំ​២០២៦ នេះ បរិមាណ​ទឹកភ្លៀង​សរុប​ចំនួន៨៥០,៨ មី​លី​
ម៉ែត្រ តិច​ជាង​ចំនួន១៦២,១ មី​លី​ម៉ែត្រ (​បើ​ធៀប​ជាមួយ​បរិមាណ​ទឹកភ្លៀង​សរុប​ឆ្នាំ​២០២៥ មាន​ចំនួន ១.០១២,៩ មី​លី​ម៉ែត្រ​)​។ ដោយឡែក ចំពោះ​ស្ថានភាព​ទឹក​នៅ​តាម​អាង​ស្តុក​ទឹក​សំខាន់​ៗ​នៅ​ទូ​ទាំង​ខេត្ត និង​កម្ពស់​ទឹក​នៅ​តាម​បណ្តោយ​ស្ទឹង​ព្រែក​ត្នោត នា​ពេល​នេះ​គឺ​ពុំ​ទាន់​មាន​ចោទ​ជា​បញ្ហា​នៅឡើយ​ទេ ​។

យោង​តាម​របាយការណ៍​របស់​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តកំពង់ស្ពឺ ឱ្យ​ដឹង​ថា នៅ​ក្នុងភូមិ​សាស្ត្រ​ខេត្តកំពង់ស្ពឺ មាន​អាង​ទឹក​សរុប​ចំនួន៣៧៥កន្លែង ក្នុង​នោះ​ រួម​មាន​៖ អាង​ស្តុក​ទឹកធំ​ចំនួន០៦កន្លែង អាង​ស្តុក​ទឹក​មធ្យម​ចំនួន១៧កន្លែង និង​អាង​ស្តុក​ទឹកតូច​ចំនួន៣៥២កន្លែង​ផង​ដែរ ៕