រាជធានីភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា ការសង្គ្រោះជីវិតរបស់ប្រជាពលរដ្ឋ គឺជាអាទិភាពចម្បងរបស់រាជរដ្ឋាភិបាល ។

ការលើកឡើងរបស់សម្តេចធិបតី នាយករដ្ឋមន្ត្រីនៅពេលសម្តេចចុះពិនិត្យស្ថានភាពទឹកជន់លិចនៅតំបន់មួយចំនួន ក្នុងខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ ។

សម្តេចធិបតីនាយករដ្ឋមន្ត្រីបានសរសេរលើបណ្តាញសង្គម នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ យ៉ាងដូច្នេះថា ៖ ការសង្គ្រោះជីវិតរបស់ប្រជាពលរដ្ឋ គឺជាអាទិភាពចម្បងរបស់រាជរដ្ឋាភិបាល ។
ជាមួយគ្នានោះដែរ សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏សូមថ្លែងអំណរគុណ និងកោតសរសើរដោយស្មោះចំពោះអាជ្ញាធរខេត្ត ស្រុក-ក្រុង កងកម្លាំងប្រដាប់អាវុធពាក់ព័ន្ធ និងកម្លាំងស្ម័គ្រចិត្តទាំងអស់ ដែលបានរួមគ្នាជួយសង្គ្រោះប្រជាពលរដ្ឋនៅក្នុងខេត្តទាំងពីរ ក៏ដូចជានៅតាមបណ្តាខេត្តនានានៅទូទាំងប្រទេស ដែលទទួលរងផលប៉ះពាល់ដោយទឹកជំនន់ បានរហ័សទាន់ពេលវេលា ទៅកាន់ទីទួលសុវត្ថិភាពចម្បង ។
លើសពីនេះ សម្តេចធិបតី ក៏សូមអរគុណផងដែរ ចំពោះក្រុមការងារថ្នាក់ជាតិចុះជួយតាមបណ្តាខេត្ត គណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងក្រសួង-ស្ថាប័ន ពាក់ព័ន្ធទាំងអស់ដែលបានផ្តល់ការគាំទ្រដល់ការសង្គ្រោះប្រជាពលរដ្ឋក្នុងគ្រាលំបាកនេះ៕






ចែករំលែកព័តមាននេះ