ខេត្តឧត្ដរមានជ័យ ៖ នារសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ លោក មាន ចាន់យ៉ាដា អភិបាល នៃគណៈអភិបាលខេត្តឧត្ដរមានជ័យ បានដឹកនាំមន្ទីរពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង ដែលធ្វើឱ្យប៉ះពាល់ផ្លូវមួយខ្សែរ នៅចំណុចស្ពានទ័ព ស្ថិតនៅភូមិជើងទៀន ឃុំជើងទៀន ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ព្រមទាំងបានដោះស្រាយទាន់ពេលវេលា ដើម្បីធានាសុវត្ថិភាព និងសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ។
អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានមានប្រសាសន៍នៅព្រឹកថ្ងៃទី ២៨ កញ្ញានេះថា គិតចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦ គ្រោះទឹកជំនន់ និងជំនន់ទឹកភ្លៀង បានប៉ះពាល់ ៥២ ក្រុង-ស្រុក ចំនួន ១០ខេត្ត រួមមាន៖ ខេត្តបាត់ដំបង, បន្ទាយមានជ័យ, សៀមរាប, កំពង់ធំ, កំពង់ចាម, ត្បូងឃ្មុំ, ប៉ៃលិន, ពោធិ៍សាត់, ព្រះវិហារ និង ខេត្តឧត្តរមានជ័យ ដោយប៉ះពាល់ប្រជាពលរដ្ឋចំនួន ៤៤,៨៨៩គ្រួសារ កើន ១៩,៣២៨គ្រួសារ ផ្ទះប្រជាពលរដ្ឋចំនួន ៤០,៣៨៤ ខ្នង ជម្លៀសប្រជាពលរដ្ឋចំនួន ៣,៦៨៥គ្រួសារ និងស្រូវចំនួន ៤៩,៩២៥ហិកតា ។
ដោយឡែក តាមការព្យាកររបស់ក្រសួងធនធានទឹក និង ឧត្តុនិយម បានឱ្យដឹងថា ព្យុះទី២ ៦ ឈ្មោះ ស៊ូរីហ្គាអេ នឹងបង្កឥទ្ធិពលមកលើព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី ២៨ ដល់ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២៦ ដែលស្ថានភាពនេះ នឹងធ្វើឱ្យបណ្តាខេត្តនៅតំបន់វាលទំនាប តំបន់ខ្ពង់រាប និង តំបន់មាត់សមុទ្រ មានភ្លៀងធ្លាក់លាយឡំដោយខ្យល់កន្ត្រាក់ និង ផ្គររន្ទះ ព្រមទាំងមានស្ថានភាពរលកសមុទ្រខ្ពស់ ដែលទាមទារឱ្យសាធារណជនបង្កើនការប្រុងប្រយ័ត្នខ្ពស់បំផុតចំពោះបាតុភូតអាកាសធាតុទាំងនេះ ៕











ចែករំលែកព័តមាននេះ